ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច៖«គេចង់វាយអាម៉េរិក គេមកវាយកម្ពុជា គេចង់វាយចិន គេមកវាយកម្ពុជា បទពិសោធហ្នឹង ខ្មែរត្រូវចាំ»
20, Aug 2021 , 3:36 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលធ្វើឡើងតាមប្រព័ន្ធស៊ូម (zoom) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយដៃខាងស្តាំ កាន់រដ្ឋធម្មនុញ្ញកម្ពុជា និង ដៃខាងឆ្វេងកាន់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅពេលលោក និយាយដល់ការជំរុញឲ្យអ្នកវិភាគ ឬបញ្ញវន្តផ្សេងទៀត អានរដ្ឋធម្មនុញ្ញកម្ពុជា កុំអានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលធ្វើឡើងតាមប្រព័ន្ធស៊ូម (zoom) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយដៃខាងស្តាំ កាន់រដ្ឋធម្មនុញ្ញកម្ពុជា និង ដៃខាងឆ្វេងកាន់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅពេលលោក និយាយដល់ការជំរុញឲ្យអ្នកវិភាគ ឬបញ្ញវន្តផ្សេងទៀត អានរដ្ឋធម្មនុញ្ញកម្ពុជា កុំអានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញពីអកុសលរបស់កម្ពុជា ដែលក្លាយជាប្រទេសរងគ្រោះ ឬរងថ្មបាក់ ដោយសារការទាស់គ្នារវាងប្រទេសមហាអំណាច ពិសេសអាម៉េរិក និងចិន។ ដូច្នេះ លោក ស្នើឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ សិក្សាឈ្វេងយល់ឲ្យបានច្បាស់ពីប្រវត្តិសាស្រ្ត ដើម្បីដឹងថា កម្ពុជា ធ្លាប់ឆ្លងកាត់បទពិសោធអ្វីខ្លះ។



ក្នុងកិច្ចពិភាក្សាតុមូលស្តីពីកម្ពុជានៅចន្លោះមហាអំណាចអាម៉េរិកនិងចិន ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ បានពញ្ញាក់ស្មារតីប្រជាពលរដ្ឋកម្ពុជាថា៖«…ប្រទេសកម្ពុជា ក្លាយទីលានសាកមនោគមវិទ្យា ក្លាយជាទីលានសាកអាវុធរបស់គេ និងក្លាយជាទីលានសម្រាប់គេ អុក។ គេ ចង់វាយចិន គេ មកវាយកម្ពុជា គេ ចង់វាយអាម៉េរិក គេ មកវាយកម្ពុជា បទពិសោធហ្នឹង ខ្មែរត្រូវចាំ»។ 
 
ស្ថានទូតអាម៉េរិក និង ស្ថានទូតចិនប្រចាំកម្ពុជា ឧស្សាហ៍ប៉ះបង្គិចពាក្យសម្តីគ្នា និងតែងចោទប្រកាន់គ្នាទៅវិញទៅមកនៅលើទឹកដីកម្ពុជា។ ពេលខ្លះ ស្ថានទូតអាម៉េរិក ចោទចិនពីរឿងនេះឬរឿងនោះ ហើយស្ថានទូតចិន ក៏ចេញមកបកស្រាយ និងចោទអាម៉េរិកវិញ។ ជាក់ស្តែង អាម៉េរិក ដាក់ការសង្ស័យថា ចិន បានបង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម ខេត្តព្រះសីហនុ ដែលធ្វើឲ្យស្ថានទូតចិន និងរដ្ឋាភិបាលកម្ពុជា ចេញមកបដិសេធម្តងហើយម្តងទៀត។ 
 
មជ្ឈដ្ឋានខ្លះ ចាត់ទុកកម្ពុជាថា ស្ថិតក្រោមឥទ្ធិពលរបស់មហាអំណាចអាម៉េរិក និងមហាអំណាចចិន។ ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងជួររដ្ឋាភិបាលកម្ពុជា ពន្យល់មិនតិចដងឡើយថា កម្ពុជា យកគ្រប់ប្រទេសធ្វើជាមិត្ត តែកម្ពុជាឯករាជ្យ អធិបតេយ្យ និង អព្យាក្រឹត ដោយមិនរណបប្រទេសណានោះទេ។ 
 
បើប្រៀបធៀបរវាងអាម៉េរិក និងចិន កម្ពុជា ហាក់ត្រូវគ្នាជាមួយចិន ជាងអាម៉េរិក នាពេលបច្ចុប្បន្ននេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា កម្ពុជា ពិតជាត្រូវពឹងពាក់ចិនមែន ដើម្បីកសាងប្រទេស។ ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់ចោទសួរថា បើកម្ពុជា មិនពឹងចិន តើឲ្យពឹងអ្នកណា? 
 
សម្រាប់មជ្ឈដ្ឋានខ្លះ ដោយរួមទាំងអ្នកប្រឆាំងផង តែងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់យកអាម៉េរិកធ្វើជាសម្ព័ន្ធមិត្ត ឲ្យខ្លាំងជាងការចាប់យកចិន ដ្បិតពួកគេ មានគំនិតថា  អាម៉េរិក ជាប្រទេសប្រជាធិបតេយ្យ ឯចិន ជាប្រទេសកុម្មុយនីស្ត។ 
 
មិនត្រឹមតែបច្ចុប្បន្នទេ ក្នុងអតីតកាល ក៏កម្ពុជា ត្រូវចោទថា រងឥទ្ធិពលពីអាម៉េរិក និងចិនដែរ ឬប្រទេសដទៃទៀត។ របបសាធារណរដ្ឋខ្មែរ ត្រូវគេ យល់ថា មានអាម៉េរិកនៅពីក្រោយ ហើយរបបខ្មែរក្រហម ត្រូវគេ គិតថា មានចិនជួយគាំទ្រ។
 
ក្នុងកិច្ចពិភាក្សាតុមូលខាងលើ លោក សុខ ទូច បានផ្ញើសារខ្លីទៅកាន់ស្ថានទូតអាម៉េរិក និងស្ថានទូតចិនប្រចាំកម្ពុជា ដោយសាររបស់លោក ហាក់ចង់ឲ្យស្ថានទូតនៃប្រទេសមហាអំណាចទាំងពីរនេះ បង្កើតភាពសុខដុមរមនារួមគ្នានៅលើទឹកដីកម្ពុជា។ លោក ថ្លែងថា៖«ខ្ញុំជឿជាក់ថា ស្ថានទូតអាម៉េរិក និង ស្ថានទូតចិនប្រចាំកម្ពុជា នឹងរួមសេចក្តីសុខ [ជាមួយគ្នា] ដើម្បីផលប្រយោជន៍ [ទាំងអស់គ្នា]»។ 
 
យ៉ាងណាក៏ដោយ ដើម្បីកម្ពុជា អាចរឹងមាំ និងរីកចម្រើន ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានទស្សនវិស័យថា កម្ពុជា ត្រូវឯកភាពផ្ទៃក្នុង និងត្រូវប្រកាន់គោលការណ៍ខ្មែរតែមួយ។ លោក មិនចង់ឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ បានត្រឹមតែស្រឡាញ់ជាតិតែមាត់ ឬបានត្រឹមតែស្រឡាញ់ជាតិផ្កាប់មុខនោះទេ តែត្រូវគិតពីផលប្រយោជន៍ជាតិពិតប្រាកដ៕ 
 

Tag:
 សុខ ទូច
  កម្ពុជា
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com