COVID-19
ជាតិ
កូវីដ-១៩ ធ្វើឱ្យកសិករ ឈាត់ ប្រែក ធ្លាក់ចំណូល ៥០ភាគរយ ពីការលក់បន្លែសុវត្ថិភាព
21, Aug 2021 , 9:29 am        
រូបភាព
លោក ឈាត់ ប្រែក ប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពនៅសង្កាត់ក្របីរៀល ខេត្តសៀមរាប
លោក ឈាត់ ប្រែក ប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពនៅសង្កាត់ក្របីរៀល ខេត្តសៀមរាប
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កាន់តែអូសបន្លាយអស់រយៈពេលជិត៦ខែហើយ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កសិករ អ្នកជំនួញ និងម្ចាស់អាជីវកម្មមួយចំនួនធ្លាក់ចុះ។ លោក ឈាត់ ប្រែក ជាប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពនៅសង្កាត់ក្របីរៀល ខេត្តសៀមរាប បានធ្លាក់ចុះចំណូលប្រមាណ ៥០ភាគរយពីការលក់បន្លែសុវត្ថិភាពរបស់ខ្លួន។ បើតាមលោក ប្រែក ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនត្រឹមតែធ្វើឱ្យលោកតែម្នាក់ធ្លាក់ចំណូលនោះទេ សូម្បីតែសមាជិកក្នុងបណ្ដុំកសិកម្មរបស់លោកក៏ធ្លាក់ចុះចំណូលដូចគ្នា។


 
ស្ថិតក្នុងភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប លោក ឈាត់ ប្រែក ជាប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ដែលដាំដុះបន្លែស្ពៃតឿ, ស្ពៃក្រញាញ់, សាលាដស្រួយ និងសាលាដខ្មែរ ក្នុងផ្ទះសំណាញ់។ បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់លោក ឈាត់ ប្រែក និងសមាជិក២៥នាក់ទៀតក្នុងបណ្ដុំ ត្រូវបានផ្គត់ផ្គង់នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ 
 
ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់លោក ប្រែក និងសមាជិកផ្សេងៗទៀត ទទួលបានទិន្នផលល្អ ប៉ុន្តែបែរជាជួបបញ្ហាទីផ្សារនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទៅវិញ។ បើតាមប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពរូបនេះ មុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងមួយថ្ងៃបណ្ដុំអាជីវកម្មរបស់លោក អាចផ្គត់ផ្គង់សាលាដស្រួយជាង ១០០គីឡូក្រាម តែបច្ចុប្បន្នអាចលក់បានត្រឹម១០-២០គីឡូក្រាមប៉ុណ្ណោះ។ លើសពីនេះ តម្លៃបន្លែក៏ធ្លាក់ចុះដូចគ្នា។ 


រូបភាពហ្វេសប៊ុកកម្មវិធី ASPIRE
 
មុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កសិករ ឈាត់ ប្រែក អាចរកចំណូលបាន ៤០០ដុល្លារក្នុងមួយខែពីការលក់បន្លែសុវត្ថិភាព ខណៈបច្ចុប្បន្នរកបានតែ២០០ដុល្លារប៉ុណ្ណោះ។ លោក ឈាត់ ប្រែក លើកឡើងបែបនេះ៖ «ព្រឹត្តិការណ៍២០កុម្ភៈនេះ បានធ្វើឱ្យខ្ញុំធ្លាក់ចុះចំណូល៥០ភាគរយ ដោយសារអតិថិជនផ្អាកទិញ និងបន្លែមួយចំនួនលក់មិនចេញ។ ហើយពេលបិទខេត្តទៀត ខ្ញុំ និងសមាជិក មិនអាចនាំចេញទៅភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យនោះទេ បានត្រឹមលក់ក្នុងភូមិសង្កាត់ប៉ុណ្ណោះ»។
 
ទោះជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល និងធ្លាក់ចុះការបញ្ជាទិញក្ដី តែលោក ប្រែក មិនបោះបង់របរកសិកម្មជាង២០ឆ្នាំដែលជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោកឡើយ។ កសិករវ័យ៤៥ឆ្នាំរូបនេះ សង្ឃឹមថាកូវីដ-១៩ នឹងឆាប់ធូរស្បើយ និងអាចឱ្យលោករកចំណូលបានដូចដើម ពិសេសអាចដាំដុះ និងផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់អ្នកស្រឡាញ់សុខភាព។ 
 
កសិករ ឈាត់ ប្រែក បានផ្លាស់ប្ដូរពីការធ្វើកសិកម្មបែបបុរាណ មកដាំដុះក្នុងផ្ទះសំណាញ់រយៈពេលជាង១ឆ្នាំហើយ។ ក្នុងរយៈពេលជាង១ឆ្នាំនេះ លោក ឈាត់ ប្រែក រីករាយនឹងទិន្នផលខ្ពស់ដែលទទួលបានពីការដាំដុះក្នុងផ្ទះសំណាញ់ និងបានរួមចំណែកឱ្យលោកមានសុខភាពល្អ តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីលើសកម្រិត។ ប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពរូបនេះ ចង់ឱ្យពលរដ្ឋខ្មែរគាំទ្របន្លែសុវត្ថិភាព ដើម្បីជួយដល់កសិករ និងសុខភាពរបស់ពលរដ្ឋគ្រប់ៗគ្នា៕ 


រូបភាពហ្វេសប៊ុកកម្មវិធី ASPIRE
 

Tag:
 កសិកម្ម
  សៀមរាប
  បន្លែសុវត្ថិភាព
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com