ភ្នំពេញ៖ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»សរុបចំនួន៨៣៦ករណីហើយ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ។ ជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»នេះ បានរាលដាលដល់រាជធានីខេត្តចំនួន២៣ ប៉ុន្តែមានតែ២ខេត្តប៉ុណ្ណោះ ដែលមិនទាន់មានករណី«Delta»។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមរាជធានីខេត្តទាំង២៣ ដែលតេស្តឃើញជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»ច្រើនជាងគេ គឺខេត្តរាជធានីភ្នំពេញមាន១៦៨ករណី ខេត្តឧត្តរមានជ័យ១៦៥ករណី សៀមរាប១៣០ករណី និងបន្ទាយមានជ័យ១១៦។
ចំពោះខេត្តព្រះវិហារមាន៤២ករណី,ខេត្តស្វាយរៀង៣០ករណី,ខេត្តកំពង់ធំ៣៤ករណី ខេត្តបាត់ដំបង២២ករណី, ប៉ៃលិន២៧ករណី,ត្បូងឃ្មុំ១២ករណី,កំពង់ចាម១៨ករណី និងកណ្តាល២៣ករណី។
សម្រាប់ខេត្តរតនៈគិរី កំពង់ស្ពឺ,ព្រៃវែង,កំពត,ស្ទឹងត្រែង,កំពង់ឆ្នាំង,ពោធិ៍សាត់,កោះកុង,មណ្ឌលគិរី,ព្រះសីហនុ និងតាកែវ គឺសុទ្ធតែមានត្រឹម១០ករណីចុះក្រោម។ ចំណែកខេត្តកែប និងខេត្តក្រចេះ គឺមិនទាន់មានករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី«ដែលតា»នៅឡើយទេ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្កេតឃើញថា ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍មានសន្ទុះកើនឡើង គឺដោយសារតែមានក្រុមយុវជនមួយចំនួន បានដើរចេញក្រៅផ្ទះ ឬជួបជុំមិត្តភក្តិ ដោយមិនអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនំាដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចេះការពារខ្លួន និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទើបជៀសផុតពីជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ពលរដ្ឋដូច្នេះថា៖«សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនឯង កុំនាំវីរុសកូវីដ-១៩មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេសឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយក្នុងគ្រួសារ»។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៨.២៤២នាក់ ក្នុងនោះ១៣.៨០៤ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៨៣.៨៥១នាក់ និងស្លាប់សរុប ១.៧៦២នាក់៕