ជាតិ
អង្គការACCB នឹងដាក់ស្លាកសម្គាល់លើសត្វត្រដក់ ដែលលែងចូលព្រៃវិញ ដើម្បីងាយស្រួលអភិរក្ស
21, Aug 2021 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖  មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នឹងរៀបចំដាក់ស្លាកសម្គាល់នៅស្លាបសត្វត្រដក់តូច ដែលបានស្ដានីតិសម្បទារួច មុនពេលលែងឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិ ។ គោលបំណងនៃការដាក់ស្លាកចំណាំលើសត្វនេះ ដើម្បីឱ្យអ្នកដែលបានឃើញពួកវាដឹងថា ជាសត្វដែលត្រូវបានការពារនិងអភិរក្ស។ 

 
លោក វ៉ាន់ ​សុជា ប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរបស់អង្គការ ACCB បានប្រាប់សារព័ត៌ថ្មីៗថា ជំហានដំបូងក្រុមការងារលោក បានដាក់ស្លាកលើសត្វត្រដក់តូច ១ក្បាលសិន ដើម្បីសិក្សាមើល។ ជាផែនការបន្ទាប់មក ក្រុមការងារលោក នឹងបិតស្លាកសម្គាល់លើត្រដក់៤ក្បាលទៀត ដែលត្រូវលែងចូលព្រៃនៅចុងឆ្នាំនេះ។
 
« ក្នុងឆ្នាំនេះមុនពាក់កណ្ដាលខែសីហា ពួកយើងបានលែងត្រដក់ចូលព្រៃធម្មជាតិបានចំនួន៧ក្បាល តែមានតែមួយក្បាលទេ ដែលបានពាក់ស្លាកឱ្យ ហើយនៅបន្ទាប់ពីខែនេះ ទៅដល់ចុងឆ្នាំ២០២១ ក្រុមការងារនឹងលែងត្រដក់ចំនួន៦ក្បាលទៀត ក្នុងនោះនឹងបំពាក់ស្លាកចំណាំចំនួន៤ក្បាល បន្ថែមមុនលែងចូលព្រៃ»។ នេះជាការបញ្ជាក់របស់លោក សុជា។ 
 
ប្រធានផ្នែកអប់រំនៃអង្គការ ACCBរូបនេះ បានបន្ថែមថា ការពាក់ស្លាកសម្រាប់សត្វ មុនពេលលែងចូលព្រៃនេះ មានសារៈសំខាន់២យ៉ាង គឺទុក​កំណត់ចំណាំបានថា សត្វទាំងនោះត្រូវបានលែងដោយអង្គការ និងធ្លាប់បានស្ដានីតិសម្បទា និងម្យ៉ាងទៀតវាងាយស្រួលដល់ការឃ្លាំមើលពីការរស់នៅរបស់វា ដើម្បីដឹងពីស្ថានភាពនៃការសម្របខ្លួន នៅក្នុងធម្មជាតិ។ ជាពិសេសបង្ហាញថា សត្វទាំងនេះ ត្រូវបានការពារអភិរក្សដោយអង្គការនិងច្បាប់។ 
 
« ការដាក់ស្លាកនេះ ក្រុមការងារដាក់ទៅលើសត្វស្លាបធំៗតែប៉ុណ្ណោះ ហើយនៅក្នុមជ្ឈមណ្ឌលACCBសព្វថ្ងៃ មានតែត្រដក់ទេជាសត្វធំជាងគេ ដូចយើងក៏សម្រេចដាក់លើវា។ បន្ទាប់ពីនេះ បើមានសត្វធំៗផ្សេងទៀត​ក៏អាចនឹងដាក់ដូចគ្នា»។ នេះជាការពន្យល់របស់លោក សុជា។
 
បច្ចុប្បន្នមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរបស់អង្គការ ACCB មានសត្វដែលកំពុងស្ដារនិតិសម្បទា ជាង១ពាន់ក្បាល ដែលស្មើ៥០ប្រភេទ ក្នុងនោះមានទាំងសត្វស្លាប ល្មូន និងសត្វផ្សេងទៀត៕ 
 


រូបភាពពីអង្គការ ACCB


Tag:
 សត្វត្រដក់តូច
  ព្រលែង
  ដាក់ស្លាក
© រក្សាសិទ្ធិដោយ thmeythmey.com