ជាតិ
ពីនេះ ពីនោះ
PaFF នឹងបន្តគម្រោងអភិរក្សធនធានធម្មជាតិទៀត ក្រោយពលរដ្ឋជាង៤ម៉ឺននាក់ទទួលបានប្រយោជន៍
21, Aug 2021 , 6:59 pm        
រូបភាព
រូបភាពពី  PaFF
រូបភាពពី PaFF
ភ្នំពេញ៖ កម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលកម្ពុជា (PaFF) បានចាប់ផ្ដើមបន្តគម្រោងដំណាក់កាលទី៣ ក្រោយបានជួយដល់ជីវភាពពលរដ្ឋ ៤៤,៦០០នាក់ ទទួលបានផលប្រយោជន៍ពីការអភិរក្សធនធានធម្មជាតិ។ ដំណាក់កាលចុងក្រោយរបស់កម្មវិធីនេះ នឹងបន្តអនុវត្តន៍នៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ក្រោមទំហំទឹកប្រាក់ ៦.២លានដុល្លារអាមេរិក។


 
កម្មវិធីភាពជាដៃគូ លើវិស័យព្រៃឈើ និងជលផលកម្ពុជា (PaFF) នៅថ្ងៃទី១៩សីហា ឆ្នាំ២០២១ បានប្រកាសពីគម្រោងដំណាក់កាលទី៣របស់ខ្លួន ក្រោយសម្រេចបានជោគជ័យលើគម្រោងពីរដំណាក់កាលមក។ ក្នុងដំណាក់កាលចុងក្រោយនៃគម្រោងនេះ ស្ថិតក្នុងទំហំទឹកប្រាក់ ៦.២លាន ដុល្លារអាមេរិក ដែលទទួលបានពីមូលនិធិពីទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida)។ 
 
កម្មវិធី PaFF ជាកម្មវិធីដែលផ្ដោតលើការកសាងសមត្ថភាព ដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាល ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព តាមរយៈយន្តការគ្រប់គ្រងធនធានធម្មជាតិ ដោយសហគមន៍ព្រៃឈើ នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។ 
 
លោកស្រី ហូ កល្យាន នាយិកាអង្គការរីខូហ្វប្រចាំកម្ពុជា បានបន្ថែមថា នៅពេលដែលសហគមន៍យល់ដឹងពីសិទ្ធិលើធនធានធម្មជាតិនោះ ពួកគេនឹងចេះគ្រប់គ្រងដោយតម្លាភាព សុក្រឹតភាព គណនេយ្យភាព និងសមធម៌ ដែលឈានទៅរកនិរន្តរភាព ហើយផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅជនបទរាប់ម៉ឺននាក់។
 
ជាមួយគ្នានេះ លោកស្រី Camilla M Ottosson ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា លើកឡើងថា៖ «ចំណុចខ្លាំងមួយរបស់ PaFF គឺការពង្រឹងសិទ្ធរបស់សមាជិកសហគមន៍ ដោយផ្ដោតលើជនជាតិដើមភាគតិច និងស្ត្រី ដើម្បីឱ្យពួកគេចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សាអំពីការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផែនការអភិវឌ្ឍន៍ និងគោលនយោបាយ។ ចំណុចនេះសំខាន់ និងចំបាច់ សម្រាប់ការពង្រឹងគោលនយោបាយថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធានាលើសិទ្ធិដែលសហគមន៍លើធនធានធម្មជាតិ សម្រាប់ការគ្រប់គ្រងធនធានទាំងនោះ តាមសហគមន៍ប្រកបដោយចីរភាព»។ 
 
ក្នុងដំណាក់កាលទី៣ នៃកម្មវិធីនេះ នឹងបន្តសកម្មភាពអនុវត្តន៍របស់ខ្លួនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែ កំពង់ធំ​ និងខេត្តព្រះវិហារ ក្រោមការសម្របសម្រួលដោយអង្គការចំនួន៤គឺ អង្គការរីខូហ្វ(RECOFTC) អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី(NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ(WWF) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌។ 
 
គម្រោងដំណាក់កាលទី៣ នេះ នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ដែលគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងដល់ព្រៃសហគមន៍ចំនួន ១១៣កន្លែង, សហគមន៍ជលផល ២៤កន្លែង និងតំបន់ការពារតាមបណ្ដាសហគមន៍ចំនួន៥ គឺស្មើនឹង ១៥៩,៧៦៧ហិកតា ដោយផ្ដល់ប្រយោជន៍ដល់ពលរដ្ឋចំនួន ៦០,៩២៦នាក់(២៤,៦៤៧គ្រួសារ) ទៅលើសិទ្ធិប្រើប្រាស់ប្រកបដោយចីរភាព។
ក្រៅពីនេះ PaFF នឹងបន្តយន្តការហរិញ្ញប្បទានដល់សហគមន៍ លើផែនការការគ្រប់គ្រង, គម្រោងឥណទានសហគមន៍ព្រៃឈើចំនួន ៣៩២,០០០ ដុល្លារអាមេរិក ដែលមានសមាជិក ១៧,០០០គ្រួសារ, បង្កើតបរធនខ្នាតតូចចំនួន ៧៦ សរុបទឹកប្រាក់ ៣៨០,០០០ ដុល្លារអាមេរិក។ 
 
កម្មវិធីនេះ ក៏បន្តគាំទ្រសហគ្រាសនៅតាមសហគមន៍ ដោយផ្ដល់ឱកាសវិនិយោគ ការធ្វើផែនការអាជីវកម្មឱ្យកាន់តែប្រសើរ និងការភ្ជាប់ទំនាក់ទំនងរវាងផលិតករ និងទីផ្សារ ព្រមទាំងសកម្មភាពបង្កើតចំណូល តាមរយៈកសិរុក្ខកម្ម(ចម្ការឈើដាំ)។ ការគាំទ្រដល់តំណាងសហគមន៍ ក្នុងការចូលរួមនឹងអាជ្ញាធរ និងពង្រឹងបន្ថែមនូវគោលនយោបាយ និងក្របខណ្ឌច្បាប់ ក្នុងការផ្ដល់បរិយាប័ន្ន សមធម៌ ដែលផ្ដល់ផលប្រយោជន៍កាន់តែប្រសើរ ពីការគ្រប់គ្រងធនធានធម្មជាតិនៅមូលដ្ឋាន។
 
កម្មវិធី PaFF បានសម្រេចដំណាក់កាល២រួចមកហើយ ដែលបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ដល់ខែមិថុនា ឆ្នាំ២០២១។ ក្នុងដំណាក់កាល២នោះ PaFF បានជួយដល់ជីវភាពប្រជាជនប្រមាណ ៤៤,៦០០នាក់ ដែលពឹងផ្អែកលើព្រៃឈើ និងជលផលនៅក្នុងសហគមន៍ និងជួយដល់សហគមន៍ចំនួន ៦០ ឱ្យទទួលបានសិទ្ធិលើការគ្រប់គ្រងព្រៃឈើ និងជលផលក្នុងមូលដ្ឋានដោយផ្លូវការ។ ការគាំទ្រដល់សហគមន៍ចំនួន ១៣៤ ក្នុងការអភិវឌ្ឍន៍ និងអនុវត្តន៍ផែនការគ្រប់គ្រងធនធានទាំងនោះ។ ក្រៅពីនេះកម្មវិធីនេះ ក៏បានបង្កើតនូវ បរធនខ្នាតតូចចំនួន ១៤, គម្រោងឥណទានចំនួន ៤៦, សហគ្រាសផលិតផលព្រៃឈើ ត្រី និងសេវាអេកូទេសចរណ៍ នៅតាមសហគមន៍ចំនួន ៣៥ផងដែរ។ 
 
កម្មវិធីនេះទទួលបានជោគជ័យលើការអភិរក្សមួយចំនួនដូចជា កំណត់ត្រាជាលើកដំបូងនៃការកើនឡើងចំនួនសត្វផ្សោត ១៥ភាគរយ ក្នុងឆ្នាំ២០១៧, ការកើនឡើងទ្វេដង នៃចំនួនសត្វរំពេរទន្លេ ក្នុងតំបន់ទេសភាពមេគង្គ។ កំណត់ត្រានៃការកើនឡើងចំនួនសត្វកំពុងរងគ្រោះថ្នាក់សំខាន់ៗ ដូចជាត្រយ៉ងចង្កំកស និងសត្វត្មាតទាំងបីប្រភេទ៕
 

Tag:
 ThmeyThmey25
  PaFF
© រក្សាសិទ្ធិដោយ thmeythmey.com