ជាតិ
WCS នឹងពង្រឹងការការពារសម្បុកសត្វក្រៀលនៅជម្រកសត្វព្រៃកែវសីមា​ ក្រោយបរាជ័យលើកទីមួយ
21, Aug 2021 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អ្នកស្រាវជ្រាវនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្ដេជ្ញាពង្រឹងការការពារសម្បុកសត្វក្រៀល នៅជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី​ ក្រោយបរាជ័យលើកទីមួយ។

 
លោក សូត្រ វ៉ាន់ឌឿន ជាអ្នកសម្របសម្រូល និងស្រាវជ្រាវសត្វរបស់អង្គការWCS ប្រចាំខេត្តមណ្ឌលគិរី បាន​ប្រាប់សារព័ត៌មានថ្មីៗថា គេបានប្រទះឃើញសម្បុកសត្វក្រៀលមួយ ដែលមានពងចំនួន២ផងដែរ កាលពីខែកក្កដា នៅក្នុងជម្រកសត្វព្រៃកែវសីមា​។ ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលពងសត្វក្រៀលទាំងពីរនោះ ត្រូវបានជនខិលខូចលួចយកទៅបាត់។
 
«​ ពេលនោះយើងឃើញ(សម្បុកពងសត្វក្រៀល) តែមិនទាន់បានដាក់កម្លាំងទៅចុះទៅយាម។ ស្រាប់ពេលចុះទៅមើលម្តងទៀត គេលួចបាត់ យើងទៅក្រោយគេមួយជំហាន។ ស្ដាយណាស់ប្រភេទសត្វនេះ យើងមិនដែលឃើញមាននៅទីនេះទេពីមុន ហើយពួកវាមួយឆ្នាំ វាបន្តពូជម្តង។ បើតាមការសង្កេតក្នុងដែនជម្រកនេះ វាមានមិនច្រើនទេ»។ នេះជាការបញ្ជាក់របស់ លោក ​វ៉ាន់ឌឿន។ 
 
លោក វ៉ានឌឿន ចាត់ទុកជាការបរាជ័យមួយ ក្នុងការការពារសម្បុកសត្វក្រៀល។ ប៉ុន្តែលោក វ៉ាន់ឌឿន នឹងភាពបរាជ័យធ្វើជាមេរៀន ដើម្បីបង្កើតសកម្មភាពក្នុងទីវាល ឬដាក់អ្នកយាមតាមទីតាំង ដែលជាសម្បុកបន្តពូជរបស់សត្វក្រៀល។ អ្នកសម្របសម្រូល និងស្រាវជ្រាវសត្វរបស់អង្គការWCSរូបនេះ បន្តថា សត្វក្រៀលងាយរងគ្រោះព្រោះពួកវាធ្វើសម្បុក និងបន្ដពូជលើដីនៅតាមទីវាល ដែលជាហេតុធ្វើឱ្យអ្នកដែលចូលព្រៃខុសច្បាប់ងាយបៀតបៀនពួកវា នៅរដូវពងកូន។ 


រូបភាពដោយ WCS
 
បើតាមលោក វ៉ាន់ឌឿន ក្រុមការងារលោក និងសហគមន៍មូលដ្ឋាន កំពុងធ្វើសកម្មភាព តាមដាន នឹងស្វែងរកទីតាំងនិងវត្តមានពួកវា នៅតាមព្រៃ ដើម្បីជួយការពារ និងរក្សាសុវត្តិភាព ពីជនខិលខូច​ ឬព្រានព្រៃ។ 
 
កន្លងមកអង្គការ WCS ក៏បានចុះអប់រំផ្សព្វផ្សាយអំពីការការពារសម្បុកសត្វ និងសារៈសំខាន់ រួមទាំងជំរុញឱ្យសហគមន៍ចូលរួមការពារ និងអភិរក្ស ប្រភេទសត្វកម្រនៅក្នុងព្រៃ ។ នេះបើតាមលោក វ៉ាន់ឌឿន ដែលសង្ឃឹមថា ពលរដ្ឋនឹងយល់ ហើយចូលរួមសកម្មភាពការពារធនធានទាំងនោះ។
 
សត្វក្រៀលជាប្រភេទងាយរងគ្រោះ ច្រើនរស់នៅ រកស៊ី និងធ្វើសម្បុកពងកូន តាមតំបន់ដីសើមនិងតំបន់វាលស្មៅ។ សត្វក្រៀល មានវត្តមានភាគច្រើន នៅភាគខាងជើងនៃប្រទេសឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ និងភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នៅក្នុងប្រទេសកម្ពុជា សត្វក្រៀលមានវត្តមានច្រើនបំផុត នៅតាមតំបន់ការពារទេសភាពភាគខាងជើង៕
 

រូបភាពដោយ WCS


Tag:
 សត្វងាយរងគ្រោះ
  ក្រៀល
  ដែនជម្រកសត្វព្រៃកែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com