ជាតិ
ក្រោយគ្មានទីផ្សារនាំចេញ កញ្ញា លាក់ សាវឌី សម្រេចយកក្រពើទៅខ្វៃលក់ ដែលកំពុងផ្ទុះការគាំទ្រ
22, Aug 2021 , 8:59 am        
រូបភាព
កញ្ញា លាក់ សាវឌី ជាអាជីវករលក់ក្រពើ ក្នុងខេត្តសៀមរាប។ ក្រោយគ្មានទីផ្សារនាំចេញ កញ្ញា សាវឌី យកក្រពើទៅខ្វៃជាមុខម្ហូបថ្មីមួយ ដើម្បីបង្កើនចំណូលក្នុងបរិបទកូវីដ-១៩។ មុខម្ហូបថ្មីនេះ កំពុងមានការគាំទ្រពីអតិថិជនតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយមួយថ្ងៃកញ្ញា អាចលក់ក្រពើខ្វៃ បានជាង២០ក្បាលឯណោះ ខណៈកូនក្រពើរស់លក់បានត្រឹមតែជាង២ពាន់ក្បាលក្នុងមួយឆ្នាំ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងកញ្ញា លាក់ សាវឌី ខាងក្រោមដូចតទៅ៖
 
 
កញ្ញា លាក់ សាវឌី ចាប់ផ្ដើមខ្វៃក្រពើលក់បានរយៈពេល៥ខែហើយ​ ក្រោយពិបាកនាំចេញទៅទីផ្សារប្រទេសចិន។ មុខម្ហូបថ្មីនេះ មានការគាំទ្រច្រើនពីអតិថិជន ដ្បិតកញ្ញា សាវឌី មិនរំពឹងឡើយថាលក់ដាច់ដូច្នេះ។ ក្រពើដែលអ្នកសៀមរាបរូបយកមកលក់ស្រស់ និងខ្វៃនោះ មានអាយុចាប់ពី១ឆ្នាំឡើងទៅ ដោយទម្ងន់ចាប់ពី៤គីឡូក្រាមឡើងទៅ។
 
អាជីវករវ័យក្មេងរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«ថ្ងៃដែលយើងលក់ដាច់ខ្លាំងបំផុត ២ថ្ងៃគឺខ្ញុំលក់បាន៥០ក្បាលខ្វៃ។ ហ្នឹងខ្ញុំអត់គិតស្រស់ទេ ព្រោះស្រស់យើងលក់ទៅទាំងមូលៗ អត់ចម្អិន។ កញ្ញា សាវឌី បន្តថា ទាំងក្រពើស្រស់ និងខ្វៃ មានទីផ្សារដូចគ្នា ប៉ុន្តែក្រពើស្រស់តម្លៃទាបជាងក្រពើខ្វៃ។
 
កញ្ញា សាវឌី លក់ក្រពើស្រស់តម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ចំណែកក្រពើខ្វៃ កញ្ញាលក់ក្នុងតម្លៃ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដោយបន្ថែមជាមួយទឹកជ្រលក់២រសជាតិ និងគ្រឿងលាបពីលើសាច់១កំប៉ុងផងដែរ។ ក្រោយក្រពើខ្វៃរបស់កញ្ញាលក់ដាច់ច្រើន ហើយចិញ្ចឹមលក់មិនទាន់ កញ្ញាបានទិញក្រពើចិញ្ចឹមពីកសិករផ្សេងទៀតក្នុងខេត្ត ដើម្បីបំពេញតម្រូវការអតិថិជន។​
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានលើកឡើងថា នៅខេត្តសៀមរាប មានកសិករចិញ្ចឹមក្រពើច្រើន ហើយបច្ចុប្បន្នកសិករទាំងនោះ បានជួបបញ្ហាទីផ្សារ ខណៈឈ្មួញនៅប្រទេសចិន លែងបញ្ជាទិញ។


រូបភាពពីហ្វេសប៊ុកកញ្ញា លាក់ សាវឌី
 
ប្រធានមន្ទីរកសិកម្មរូបនេះ​ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«កន្លងមកអាជ្ញាធររកទីផ្សារឱ្យនាំទៅចិន ប៉ុន្តែឥឡូវបើគេលែងទិញ អ៊ីចឹងក៏មិនដឹងធ្វើម៉េចដែរ។ ហើយបើឥឡូវហ្នឹងមានកសិករច្នៃធ្វើម្ហូបលក់ក្នុងស្រុកបានក៏ល្អហើយ ព្រោះសាច់ក្រពើមានអី គេហូបតើ»។
 
ទន្ទឹមនឹងនេះលោក ទា គឹមសុទ្ធ មិនលើកទឹកចិត្តឱ្យកសិករចិញ្ចឹមក្រពើតាមគ្នា ដើម្បីច្នៃធ្វើម្ហូបលក់ទាំងអស់គ្នាទេ ព្រោះវាធ្វើឱ្យទីផ្សារ និងតម្លៃធ្លាក់ចុះ។ «ឃើញគេលក់ដាច់ហើយនាំគ្នាលក់ដែរ ច្បាស់ហើយថានឹងចាល់ទីផ្សារ។ ដូចកសិករចិញ្ចឹមនាំចេញឥឡូវហ្នឹងអ៊ីចឹង»។ លោក បន្តថា កសិករគួរដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីបង្កើនចំណូល ក្នុងកាលៈទេសៈលំបាកនេះ៕


រូបភាពពីហ្វេសប៊ុកកញ្ញា លាក់ សាវឌី


Tag:
 ក្រពើខ្វៃ
 សៀមរាប
 លាក់ សាវឌី
© រក្សាសិទ្ធិដោយ thmeythmey.com