ជាតិ
តើភាពជោគជ័យកើតចេញពីអ្វី? ប្រឹងប្រែង, សំណាង ឬព្រេងវាសនា?
22, Aug 2021 , 11:14 am        
រូបភាព
ភ្នំពេញ៖ ប្រធានបទ«ជោគជ័យ»ត្រូវបានគេលើកយកមកជជែកគ្នាជាញយៗមិនថា នៅក្នុងសង្គមខ្មែរ ឬសង្គមបរទេសទេ។ ជជែកគ្នា ព្រោះ បុគ្គលគ្រប់រូបតែងតែប្រាថ្នាចង់បានអ្វីមួយនៅក្នុងជីវិត។ ពាក្យថា«ជោគជ័យ»ប្រែប្រួលអត្ថន័យរបស់វាទៅតាមបុគ្គលនីមួយៗដែលប្រាថ្នាអ្វីមួយ។ អ្នកខ្លះប្រាថ្នាខ្ពស់ អ្នកខ្លះប្រាថ្នាមធ្យម និងអ្នកខ្លះទៀត ប្រាថ្នាចង់បានក្នុងកម្រិតត្រឹមមួយរស់មិនឲ្យពិបាកពេកបានហើយ។ ទោះជាក្នុងកម្រិតណាក៏ដោយ តើភាពជោគជ័យកើតចេញពីអ្វី? ប្រឹងប្រែង សំណាង ឬព្រេងវាសនា?

 
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ លោក Christopher Peter Lee ដែលជាអ្នកជំនាញផ្នែកអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បានទទួលស្គាល់ថា សំណាង ឬព្រេងវាសនាពិតជាស្ថិតនៅ ឬរួមចំណែកខ្លះមែននៅក្នុងភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។ 
 
ទោះជាយ៉ាងនេះក្តី បុរសជនជាតិអូស្រ្តាលីដើមកំណើតឥណ្ឌូនេស៊ីដែលបានចំណាយពេល២៤ឆ្នាំបណ្តុះបណ្តាលជំនាញអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជារូបនេះ នៅតែផ្តល់តម្លៃទៅលើចំណេះដឹង និងការឧស្សាហ៍ព្យាយាមដែលនាំទៅរកផ្លូវជោគជ័យ។ នៅក្នុងសំណួរមួយនៃបទសម្ភាសជាមួយអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) ដែលសួរថា តើភាពជោគជ័យអាចកើតចេញពីសំណាង ឬវាសនាឬទេ? អ្នកជំនាញផ្នែកលើកទឹកចិត្តរូបនេះ បានឆ្លើយតបវិញថា៖«បាទ ខ្ញុំជឿ។ ប្រសិនបើលោកអ្នកត្រូវឆ្នោត លោកអ្នកពិតជាមនុស្សដែលមានសំណាងមែនហើយ។ ក្រៅពីរឿងត្រូវឆ្នោតនេះ មានតែចំណេះ ការព្យាយាមការងារ និងការតាំងចិត្តប៉ុណ្ណោះ[ដែលនាំទៅរកភាពជោគជ័យ]»។ 
 
លោក Christopher Peter Lee ដែលបានចំណាយពេលស្ទើរពេញមួយជីវិតរបស់គាត់ដើម្បីអភិវឌ្ឍធនធានមនុស្ស បានសរសេរសៀវភៅមួយក្បាលក្រោមចំណងជើងថា«Operacy»។ Operacy មានន័យថា ជំនាញរបស់បុគ្គលម្នាក់ៗនាំទៅរកការអភិវឌ្ឍខ្លួន នាំទៅរកផ្លូវមានវិន័យខ្លួនឯង និងមានន័យម្យ៉ាងទៀតថា ជួយអប់រំអ្នកដទៃឲ្យជោគជ័យផងដែរ។ បើយោងតាមលោក Christopher Peter Lee, Operacy ជួយមនុស្សឲ្យទទួលបានការពិចារណាត្រឹមត្រូវទាក់ទងទៅនឹងរឿងវាសនា។ វាសនា មានពីរផ្នែក (អកម្ម និងសកម្ម)។ វាសនាដែលកើតចេញពីផ្នែកអកម្ម គឺជាអ្វីដែលបុគ្គលខ្លួនឯងមិនអាចគ្រប់គ្រងបាន ដូចជា ដំណើរកំណើតចេញពីផ្ទៃមាតា រាងកាយ បញ្ញា អារម្មណ៍ បរិស្ថានជំនឿ។ល។ ប៉ុន្តែ វាសនាសកម្ម គឺកើតចេញពីការគិត និងសកម្មភាពរបស់បុគ្គលម្នាក់ៗ។ ព្រះពុទ្ធមានបន្ធូលថា៖«អ្នក គឺជាផលនៃការគិតរបស់អ្នក»។ 
 
លោក Christopher Peter Lee ដែលកើតនៅឆ្នាំ១៩៤៥ បានបញ្ជាក់ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗបន្ថែមទៀតថា មនុស្សកើតមក គឺមានទេពកោសល្យ និងមានខួរក្បាលពូកែជាមួយនឹងហេតុផល។ «ប្រសិនបើយើងមិនគ្រប់គ្រងវាសនារបស់យើងទេ។ វាសនាយើងនឹងគ្រប់គ្រងយើង»។ នេះ គឺជាការលើកឡើងរបស់លោក Christopher Peter Lee ដោយលោកបន្ថែមទៀតថា កម្មផល កើតចេញសកម្មភាព។ 
 
លោក ឃីម សុខហេង ដែលជាអ្នកជំនាញក្នុងវិស័យអប់រំផ្នែកលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់ស្រទាប់វណ្ណៈ ក៏មិនបដិសេធចោលទាំងស្រុងនូវទស្សនកម្មផល សំណាង និងព្រេងវាសនានោះដែរ។ ជាអ្នកបណ្តុះបណ្តាលផ្នែកអភិវឌ្ឍធនធានមនុស្ស, លោក ឃីម សុខហេង ថ្លែងបា្រប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗថា៖«ខ្ញុំឲ្យតម្លៃទៅលើសមត្ថភាព ការខិតខំប្រឹងប្រែងពី៨០ទៅ៩០% រីឯនៅសល់ប៉ុន្មានអាចថា មកពីសំណាង និងព្រេងវាសនាទៅចុះ ព្រោះវាជារបស់ដែលយើងមើលមិនឃើញ និងគ្រប់គ្រងមិនបាន»។ អ្នកជំនាញបណ្តុះគំនិតគិតវិជ្ជមានរូបនេះ បានលើកយកបន្ធូលរបស់ព្រះពុទ្ធមកបង្ហាញថា៖«បុគ្គលខ្លួនយើង គឺជាអ្នកគ្រប់គ្រងលើវាសនាខ្លួនឯង។ បុគ្គលសាបព្រោះអ្វី រមែងទទួលបានផលនោះ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com