COVID-19
ជាតិ
ទោះខាតជិត២ឆ្នាំក្តី តែម្ចាស់រមណីយដ្ឋានមួយកន្លែង នៅបាត់ដំបង ប្រឹងកែច្នៃទីតាំងកម្សាន្តរង់ចាំទេសចរ
22, Aug 2021 , 2:20 pm        
រូបភាព
រមណីយដ្ឋានចំការស្វាយ
រមណីយដ្ឋានចំការស្វាយ
ដោយ:
រមណីយដ្ឋានថ្មីៗ ក្នុងខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ បង្កើតរមណីយដ្ឋានមិនទាន់បានប៉ុន្មានផង ជំងឺកូវីដ-១៩​ ក៏ចូលមកដល់។ ការណ៍នេះបានធ្វើឱ្យម្ចាស់រមណីយដ្ឋានមួយចំនួនត្រូវខាតស្ទើររាល់ខែ ព្រោះកន្លែងកម្សាន្តត្រូវបិទ និងបើក មិនទៀងទាត់ដោយសារជំងឺកូវីដ-១៩។ ដ្បិតប្រឈមនឹងការខាត តែម្ចាស់រមណីយដ្ឋានថ្មីៗនៅបាត់ដំបង បន្តអភិវឌ្ឍកន្លែងកម្សាន្ត រំពឹងថាភ្ញៀវទេសចរ នឹងត្រឡប់ទៅកម្សាន្តតំបន់ទេសចរណ៍របស់ខ្លួនវិញ នៅពេលជំងឺកូវីដ-១៩ បានធូរស្រាល។

 
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានចាប់អារម្មណ៍លើខេត្តបាត់ដំបង ព្រោះជាខេត្តដែលមានសក្ដានុពលទេសចរធម្មជាតិ វប្បធម៌ និង រមណីយដ្ឋានកែច្នៃ។ ប៉ុន្តែជំងឺកូវីដ-១៩ បានរាំងស្ទះការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ចំណែករមណីយដ្ឋាន ក៏ត្រូវបានផ្អាកទទួលភ្ញៀវជារឿយៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនាំឱ្យម្ចាស់រមណីយដ្ឋានបាត់ចំណូល។ ម្ចាស់រមណីយដ្ឋានខ្លះ ត្រូវបង្ខំចិត្តកាត់បន្ថយចំនួនបុគ្គលិក ប៉ុន្តែនៅបន្តថែរក្សារមណីយដ្ឋាន និងកែច្នៃបន្ថែម។
 
លោកស្រី ឡែក តង បានកែច្នៃចម្ការទុរេនរបស់ខ្លួន ក្នុងខេត្តបាត់ដំបង ឱ្យក្លាយជារមណីយដ្ឋានមួយ ដែលមានឈ្មោះថា «រមណីយដ្ឋានចម្ការទុរេនអូតង» ក្នុងឆ្នាំ២០២០។​ លោកស្រីបានបើកទទួលភ្ញៀវក្នុងខែមេសា ប៉ុន្តែត្រូវបិទវិញ ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩។ 
 

រមណីយដ្ឋានចម្ការទុរេនអូតង ។ រូបភាពពីលោក ហម អរុណ

ការបើករមណីយដ្ឋានថ្មីគឺ ត្រូវចំណាយថវិកាច្រើន។ ទន្ទឹមនឹងនេះ កូវីដ-១៩ ធ្វើឱ្យលោកស្រីមិនអាចរកចំណូលពីរមណីយដ្ឋានបានថែមទៀត។ មូលហេតុនេះបានធ្វើឱ្យលោកស្រី​ ឡែក តង ត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកមួយចំនួនក្នុងរមណីយដ្ឋាន និងត្រូវខាតប្រាក់ជារៀងរាល់ខែ។
 
លោកស្រី ឡែក តង ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖ « ខ្ញុំរៀបចំកន្លែងដាក់ឡាន ផ្លូវចូល ហើយជាងក៏នៅតែបន្តធ្វើការក្នុងរមណីយដ្ឋានរាល់ថ្ងៃ។ ខ្ញុំនៅតែបន្តកែច្នៃរមណីយដ្ឋាន​ ព្រោះយើងទើបបើកថ្មី ណាមួយសង្ឃឹមថាថ្ងៃមុខកូវីដនឹងបញ្ចប់។​ ខ្ញុំនៅតែបន្តទៅមុខ​ ព្រោះសង្ឃឹមថាវានឹងល្អវិញ »។ 
 
ក្រៅពីលោកស្រី ឡែក តង​ ម្ចាស់រមណីយដ្ឋាន អាជីវករ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍សុទ្ធតែ រងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ។ យ៉ាងហោចណាស់មានអាជីវកម្មទេសចរណ៍ ជាង៣០០០ទីតាងបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន និងបិទអាជីវកម្មតែម្ដង ដែលធ្វើឱ្យបុគ្គលិកក្នុងវិស័យនេះបាត់បង់ការងារ។


រូបភាពពីលោក ហម អរុណ
 
ជាមួយគ្នាដែរ លោកស្រី ឡៅ រីន បានកែច្នៃចម្ការផ្លែឈើឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ ឈ្មោះរមណីយដ្ឋានចម្ការស្វាយ ក៏កំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះដែរ។ លោកស្រី  បានបើករមណីយដ្ឋានចម្កាស្វាយ ៤ឆ្នាំហើយ។ កាលបើកដំណើរការដំបូង រមណីយដ្ឋាននេះបានទាក់ទាញទេសចរ យ៉ាងច្រើន ប៉ុន្តែចូលមកឆ្នាំ២០២០ ជំងឺកូវីដ-១៩បានធ្វើឱ្យរមណីយដ្ឋាននេះសល់ភ្ញៀវប្រហែល ៥០ភាគរយប៉ុណ្ណោះ។ ចំណែកឆ្នាំ២០២១វិញ ជំងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំង រហូតធ្វើឱ្យរមណីយដ្ឋានចម្ការស្វាយប្រែស្ងាត់ទេសចរតែម្ដង។
 
« កាលឆ្នាំ២០២០ យើងខាតតែ ៥០ភាគរយអីទេ ព្រោះអាចនៅបើកទទួលភ្ញៀវបានខ្លះ ប៉ុន្តែឆ្នាំ២០២១នេះគឺខាតទាំងស្រុងតែម្ដង ព្រោះយើងបិទ-បើក។ ការចំណាយគឺនៅដដែល ប៉ុន្តែចំណូលគឺធ្លាក់ចុះខ្លាំង »។ នេះជាការបញ្ជាក់របស់ស្ត្រីវ័យ ៤២ឆ្នាំរូបនេះ ដោយបន្តថា លោកស្រីកំពុងបារម្ភពីផលប៉ះពាល់បន្តទៀត។
 
ទោះកូវីដ-១៩ បានអូសបន្លាយ ធ្វើឱ្យប៉ះពាល់អាជីវកម្មរបស់លោកស្រី ឡៅ រីន ប៉ុន្តែស្រី្តវ័យ ៤២ឆ្នាំរូបនេះ តាំងចិត្តមិនបោះបង់រមណីយដ្ឋាននេះទេ។ លោកស្រី រីន នឹងបន្តកែច្នៃរមណីយដ្ឋានបន្ថែមទៀត ។ « សេដ្ឋកិច្ចគ្រួសារ គឺប៉ះពាល់ខ្លាំងណាស់ តែបើឱ្យខ្ញុំបិទរមណីយដ្ឋានរហូត គឺមិនអាចទេ។ ខ្ញុំខំប្រឹងមកយូរហើយ ទម្រាំបានប៉ុណ្ណឹង។ យើងកំពុងរៀបចំសួនដាំផ្កា ដើម្បីទទួលភ្ញៀវ ក្រែងពេលដាច់ឆ្នាំនេះកូវីដប្រសើរឡើង ហើយមានទេសចរដើរកម្សាន្តវិញ »។ នេះជាការលើកឡើងរបស់ស្រី ឡៅ រីន។ ​
 
ការរួមចំណែកពីម្ចាស់អាជីវកម្មទេសចរណ៍ បានធ្វើឱ្យខេត្តបាត់ដំបង ក្លាយជាទិសដៅទេសចរណ៍មួយយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មក្នុងខេត្តបាត់ដំបង ទាំងអស់ប្រឹងប្រែងកែច្នៃ ផលិតផលទេសចរណ៍របស់ខ្លួន តាមលទ្ធភាពបន្តទៀត ដើម្បីចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងខេត្តបាត់ដំបង​។


លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
 
លោក ហម អរុណ ប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោកបានមើលឃើញពីការខាតបង់របស់អាជីវករទេសចរណ៍នៅខេត្តបាត់ដំបងក្នុងអំឡុងពេលកូវីដ-១៩នេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ « ម្ចាស់អាជីវកម្មទោះគាត់អត់ទទួលភ្ញៀវ ក៏ពួកគាត់ត្រូវចំណាយលើការថែទាំជាប្រចាំដែរ។ ប៉ុន្តែខ្ញុំសុំលើកទឹកចិត្តឱ្យពួកគាត់ទ្រាំបន្តិចទៀត កុំបោះបង់ ព្រោះយើងក៏បានចាក់វ៉ាក់សាំងបានច្រើនហើយ បន្តិចទៀតស្ថានភាព នឹងធូរស្រាលវិញ »។ បន្ថែមពីការលើកទឹកចិត្ត លោក ហម អរុណ អះអាងថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នឹងបន្តផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង ដើម្បីនាំយកភ្ញៀវមកឱ្យអាជីវករក្នុងវិស័យនេះ។
 
សូមជម្រាបថា បច្ចុប្បន្នក្នុងខេត្តបាត់ដំបងមានកន្លែងកម្សាន្តជិត ១០០ទីតាំងហើយ ដោយរាប់ទាំងវត្តបុរាណ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានកែច្នៃ និងតំបន់កសិទេសចរណ៍។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏កំពុងចងក្រងសៀវភៅម្ហូបប្រចាំតាមតំបន់រមណីយដ្ឋាន​ ដែលសៀវភៅនេះ នឹងចេញផ្សាយនៅក្នុងឆ្នាំ​ ២០២២ ខាងមុខនេះ ៕ 
 

Tag:
 ThmeyThmey25
  បាត់ដំបង
  កូវីដ-១៩​
© រក្សាសិទ្ធិដោយ thmeythmey.com