ជាតិ
យុវជន​ វ៉ាន រ៉ានុត យកជំនាញកសិកម្ម មក​ដាំ​បន្លែ​លើ​ទឹក​ នៅ​ស្រុក​កំណើតខេត្តសៀមរាប
22, Aug 2021 , 7:59 pm        
រូបភាព
យុវជន​ វ៉ាន​ រ៉ានុត​ កសិករ​វ័យក្មេង​ដាំ​បន្លែ​លេីទឹក
យុវជន​ វ៉ាន​ រ៉ានុត​ កសិករ​វ័យក្មេង​ដាំ​បន្លែ​លេីទឹក
ភ្នំពេញ៖ ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​កសិកម្ម យុវជន វ៉ាន រ៉ានុត បាន​យក​ចំណេះដឹងមក​អភិវឌ្ឍលើ​ការដាំដុះ​បន្លែលើទឹក នៅស្រុកកំណើតនាខេត្ត​សៀមរាប។ យុវជន រ៉ានុត សប្បាយចិត្ត​ក្រោយ​ទិន្នផល​បន្លែ​លើរបស់​ខ្លួនមាន​ការ​គាំទ្រច្រើនពី​អតិថិជន ពិសេសបាននាំចំណេះដឹងកសិកម្ម​ទំនើបទៅ​អនុវត្តនៅស្រុកកំណើត។


 
មានវ័យ​២៤ឆ្នាំ យុវជន វ៉ាន រ៉ានុត កំពុងមមាញឹកលើការដាំដុះ​បន្លែហៃដ្រូផូនិក ឬបន្លែលើ​ទឹក​ នៅ​ស្រុក​កំណើតនាភូមិខ្លុង ស្រុកអង្គរជុំ ខេត្តសៀមរាប។ កសិករវ័យក្មេងដែលទើប​បញ្ចប់ថ្នាក់បរិញ្ញាបត្រកសិកម្មរូបនេះ បាន​ចាប់ផ្ដើមរៀបចំ​រោងដាំបន្លែលើទឹកដោយខ្លួនឯង នៅដើមឆ្នាំ២០២០។ បច្ចុប្បន្ន បន្លែលើទឹករបស់យុវជន វ៉ាន រ៉ានុត រួមមាន សាលាដស្រួយ និងបន្លែស្ពៃផ្សេងទៀត ត្រូវ​បាន​ផ្គត់ផ្គង់នៅក្នុងភូមិ និង​ទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន។ 
 
យុវជន រ៉ានុត បាន​ប្រាប់សារព័ត៌មាន​ថ្មីៗ២៥រាជធានី-ខេត្តថា ការចាប់ផ្ដើម​ដាំដុះបន្លែលើទឹកក្នុងពេលដំបូង ក្រុមគ្រួសារ មិន​បាន​គាំទ្រ​ឱ្យ​រៀបចំរោងដាំបន្លែលើទឹកនោះទេ ដោយ​បារម្ភខ្លាចមិនជោគជ័យ និងខាតថវិកា​ជាដើម។ ប៉ុន្តែជំនឿ និងក្ដីស្រឡាញ់ បានជំរុញឱ្យ​យុវជនរូបនេះ ព្យាយាម និងប្រឹងប្រែង មិន​បោះបង់ការសម្រេចចិត្តរបស់ខ្លួន។ ក្រោយគ្រួសារមាន​ក្ដីបារម្ភ រ៉ានុត ក៏បាន​សាងសង់រោងតូចល្មម សម្រាប់ដាំដុះ និងបង្ហាញ​ដល់គ្រួសារថា​ខ្លួន​អាច​ធ្វើបាន។ រ៉ានុត បាន​រៀបចំរោងដោយខ្លួនឯង ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និង​ចំណាយថវិកាតិចប៉ុណ្ណោះ។ ​
 
តាមរយៈការខិតខំ អត់ធ្មត់ រ៉ានុត ក៏​សម្រេចបាន​លទ្ធផលគួរជាទីគាប់ចិត្ត និង​បាន​ប្រមូលផលបន្លែលើទឹកដោយជោគជ័យ។ ការគាំទ្របន្លែលើទឹកពីអតិថិជន និងពលរដ្ឋជិតខាងមានការកើនឡើង ធ្វើឱ្យ​ក្រុម​គ្រួសារ​របស់យុវជន រ៉ានុត សប្បាយចិត្ត​ និង​បាន​ចូលរួម​ដាំដុះ ជាពិសេស​ផ្ដល់ទុន ដើម្បីពង្រីករោង​បន្លែលើទឹក​ឱ្យកាន់តែធំ​ជាងមុន។ 


បន្លែលេីទឹក​របស់​យុវជន​ វ៉ាន​ រ៉ានុត​
 
​ជាកូនប្រុសទី២ កើត​ក្នុង​គ្រួសារ​កសិករ រ៉ានុត នៅតែស្រឡាញ់ជំនាញកសិម្ម​ ដែលជាចំណង់ចំណូលចិត្ត។ លោក វ៉ាន រ៉ានុត រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តដូច្នេះ៖ «កសិកម្មជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ម៉្យាង ខ្ញុំមើលឃើញថាការនាំចូលបន្លែពីក្រៅប្រទេសច្រើន ហើយ​អ្នកស្រុកខ្ញុំ មិនសូវមាន​ចំណូលចិត្ត​រឿងដាំ​បន្លែនេះដែរ គាត់ចាំតែទិញ​បន្លែពីផ្សារ ហើយ​ទុកដីទំនេរចោលមិនដាំដុះអ្វីទេនៅរដូវប្រាំង»។ 
 
បច្ចុប្បន្ន ក្រុម​គ្រួសារបស់ វ៉ាន រ៉ានុត ចេះជំនាញដាំបន្លែលើទឹកដូចរ៉ានុតដែរ ក្រោយរៀនសូត្រ និង​អនុវត្តជាមួយគ្នាជាប្រចាំ។ ក្រោយមានចំណេះលើការដាំបន្លែលើទឹក ឪពុកម្ដាយរបស់យុវជន រ៉ានុត ថាបច្ចេកទេសដាំដុះបន្លែហៃដ្រូផូនិក ឬបន្លែលើទឹក មាន​ភាពងាយស្រួល និងឆាប់រហ័សជាងបន្លែដាំដុះ​លើដី ប៉ុន្តែ​ត្រូវ​ចំណាយដើមទុនច្រើន នៅពេលរៀបចំដំបូង។ 
សកម្មភាពមមាញឹកក្នុងការដាំដុះ និង​ប្រមូលផលបន្លែលើទឹករបស់ រ៉ានុត និងក្រុម​គ្រួសារ បានធ្វើឱ្យ​អ្នកភូមិកោតសរសើរ និងចាប់អារម្មណ៍។ រ៉ានុត ប្រាប់ឱ្យដឹងថា៖«មាន​កសិករខ្លះ ចង់​ឱ្យខ្ញុំ​រៀបចំរោងបន្លែលើទឹកសម្រាប់ដាំដុះឱ្យគាត់ និ​ងកសិករខ្លះ កំពុងគិតគូលើការចំណាយសាងសង់រោង និងប្រព័ន្ធទឹកផ្សេងៗ»។


បន្លែលេីទឹក​របស់​យុវជន​ វ៉ាន​ រ៉ានុត​
 
ក្នុងរោងបន្លែលើទឹកដែលមានទំហំ២គុណនឹង៧ម៉ែត្រ មានប្រភេទបន្លែស្ពៃ និងសាលាដស្រួយ ក្នុងនោះសាលាដស្រួយ អាចលក់បានចន្លោះពី ៨០០០ទៅ១២០០០រៀល ក្នុង​មួយគីឡូក្រាម។ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ រីករាលដាលខ្លាំងក៏ដោយ ក៏​បន្លែ​របស់​យុវជន រ៉ានុត នៅតែមានទីផ្សារ និងលក់ឱ្យ​អតិថិជនជារឿយៗ។ 
 
កសិករវ័យ ២៤ឆ្នាំរូបនេះ សប្បាយចិត្តដែល​ការដាំដុះរបស់ខ្លួន​មាន​ការ​គាំទ្រច្រើន និង​មានជំនឿចិត្តពីអតិថិជន។ រ៉ានុត បន្តថា៖ «ទាំងបន្លែលើទឹក និង​លើដី ជាគោលបំណងដែលខ្ញុំ​ត្រូវ​តែធ្វើនៅពេលខាងមុខទៀត ព្រោះខ្ញុំ​ចង់កាត់បន្ថយការនាំចូលបន្លែ​ពី​ក្រៅ​តំបន់ និងចង់ឱ្យ​ប្រជាជន​ចូលរួម​ដាំ។ ពេលបានផលពលរដ្ឋ​មានចំណូល ហើយអាចផ្ដល់​បន្លែសុវត្ថិភាពដល់​អតិថិជន»។ 
 
ទោះការដាំដុះ​បន្លែលើទឹក មាន​ភាពងាយស្រួល តែ​កសិករវ័យ រ៉ានុត អះអាងថា ត្រូវមើលលើអាកាសធាតុ បើអាកាសធាតុត្រជាក់ គឺលូតលាស់លឿន តែ​បើអាកាសធាតុក្តៅ វា​នឹង​លូតលាស់យឺត។ យុវជន រ៉ានុត មានគម្រោង​ពង្រីកការដាំដុះបន្លែលើទឹកបន្ថែម និងចង់​បង្កើតជា​បណ្ដុំកសិកម្ម ដែលអាចផ្គត់ផ្គង់បន្លែនៅតាមខេត្តក្រុងមួយចំនួន។ រ៉ានុត ចង់ឱ្យ​យុវជន​ងាក​មក​ស្រឡាញ់វិស័យ​កសិកម្ម ដែល​មាន​ជំនាញ​ជាច្រើន មិនមែន​រៀនកសិកម្ម មក​ធ្វើស្រែដូចគេនិយាយនោះទេ ពោលគឺអាចរួម​ចំណែកផលិតចំណីអាហារដល់ប្រជាជនក្នុង​ប្រទេស៕ 

បន្លែលេីទឹក​របស់​យុវជន​ វ៉ាន​ រ៉ានុត​៖











Tag:
 កសិកម្ម
  សៀម​រាប
  បន្លែលើទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com