ជាតិ
សុខភាព
វីតាមីន K ជួយកាត់បន្ថយហានិភ័យជំងឺត្បៀតសរសៃឈាមបេះដូង
22, Aug 2021 , 9:29 pm        
រូបភាព
រូបថត Pixabay
រូបថត Pixabay
ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា អ្នកដែលបានទទួលទានអាហារមានវីតាមីន K ច្រើន អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺត្បៀតសរសៃឈាមបេះដូង បានប្រមាណ៣៤ភាគរយ។ វីតាមីន K ត្រូវបានបែងចែកជា២ K1 និង K2 ដែលមានក្នុងប្រភេទអាហារផ្សេងគ្នា តែមាន​ប្រយោជន៍ ចំពោះសុខភាពបេះដូងដូចគ្នា។

 
ការស្រាវជ្រាវថ្មីនៅសាកលវិទ្យាល័យ Edith Cowan របស់អូស្ត្រាលី បានបង្ហាញថា ការទទួលទានវីតាមីន K ច្រើន អាចការពារប្រឆាំងនឹងជំងឺបេះដូងគ្រប់ប្រភេទ ពិសេសអាច​កាត់បន្ថយហានិភ័យនៃជំងឺ​ត្បៀតសរសៃឈាមបេះដូងបាន ៣៤ភាគរយទៀតផង។ ការសិក្សាខាងលើធ្វើឡើង ដោយពិនិត្យទិន្នន័យរបស់អ្នកចូលរួម ៥ម៉ឺននាក់ ក្នុងរយៈពេល ២៣ឆ្នាំ។ 
 
«ការស្រាវជ្រាវ​បានអះអាងថា ការទទួលទានវីតាមីន​ K មានសារៈសំខាន់ណាស់ក្នុងការ​ការពារជំងឺត្បៀត​សរសៃឈាមបេះដូង»។ អ្នកកត់ត្រាការស្រាវជ្រាវ លោកស្រី Nicola Bondonno បានលើកឡើងបែបនេះ ដោយបន្ថែមថា វីតាមីន K មានប្រសិទ្ធភាពប្រឆាំង នឹងការបង្កើតជាតិកាល់ស្យូមនៅក្នុងសរសៃឈាមនៃរាងកាយដែលនាំឱ្យមានការកក​ស្ទះសរសៃឈាម។
 
វីតាមីន K មានពីរប្រភេទនៅក្នុងអាហារដែលយើងបរិភោគ ហើយវាជួយដល់សុខភាព​បេះដូងបានដូចគ្នា។ វីតាមីន K1  មាននៅក្នុងបន្លែ​ស្លឹកបៃតង ផ្កាខាត់ណា ស្ពៃក្តោប និងប្រេងបន្លែ ខណៈវីតាមីន K2 ភាគច្រើនមាននៅក្នុងសាច់សត្វ ស៊ុត ថ្លើមសត្វ និងអាហារមានជាតិមេ ដូចជាឈីស​ជាដើម។ ការស្រាវជ្រាវ បានរកឃើញថាអ្នកដែល​ទទួលទានវីតាមីន K1 អាចជួយកាត់បន្ថយហានិភ័យទាក់ទងនឹងជំងឺត្បៀតសរសៃ​ឈាមបេះដូង ២១ភាគរយ។ ចំពោះវីតាមីន K2 អាចជួយកាត់បន្ថយហានិភ័យនៃជំងឺ​ត្បៀតសរសៃឈាមបេះដូងបាន ១៤ ភាគរយ។
 
ជំងឺត្បៀតសរសៃឈាមបេះដូង នៅតែជាមូលហេតុចម្បងនៃការស្លាប់របស់ប្រជាជន​អូស្ត្រាលី។ នេះដោយសារការយល់ដឹងរបស់ពួកគេនៅមានកម្រិតអំពីសារៈសំខាន់ នៃវីតាមីនផ្សេងៗដែលមាននៅក្នុងអាហារ ក្នុងការជួយទប់ស្កាត់ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺត្បៀត​សរសៃឈាមជាដើម។ នេះបើតាមការអះអាង​របស់អ្នកកត់ត្រាដំបូងនៃការស្រាវជ្រាវ លោក Jamie Bellinge។ 
 
ការសិក្សានេះបានបង្ហាញពីអត្ថប្រយោជន៍វីតាមីន K ទៅលើជំងឺត្បៀតសរសៃឈាម​បេះដូង។ ដូចនេះ គ្រប់គ្នាគួរពង្រឹងរបបអាហារដែលល្អចំពោះសុខភាព ដើម្បីការការពារ​ជំងឺត្បៀតសរសៃឈាមបេះដូង និងជំងឺពាក់ព័ន្ធបេះដូងផ្សេងទៀត៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com