ជាតិ
លោក ញ៉ឹក តុលា ច្នៃ«ទូកង»ជាវត្ថុតាំងលម្អ ដើម្បីលើកតម្លៃវប្បធម៌ជាតិ
22, Aug 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ​ទូកងតូចៗមានប្រវែង១ម៉ែត្រ២តឹកដល់ប្រវែង ៤ម៉ែត្រ ត្រូវបានរចនាឡើង ដើម្បីតាំងលម្អតាមគេហដ្ឋាន និងទីកន្លែងផ្សេងៗសម្រាប់អ្នកមានលទ្ធភាព និងស្រឡាញ់ទូកង។ លោក ញ៉ឹក តុលា ជា​អ្នកច្នៃទូកង សម្រាប់លក់នៅខេត្តកណ្ដាល។ ក្រៅពីផ្ដល់កម្រៃដល់​លោក ញ៉ឹក តុលា សម្រាប់ផ្គត់ផ្គង់គ្រួសារ អាជីពធ្វើទូកងតូចៗនេះ ក៏​ជាផ្នែកមួយជួយលើកតម្លៃវប្បធម៌របស់ខ្មែរផងដែរ។


 
រស់ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល លោក ញ៉ឹក តុលា ​ ជាកសិករម្នាក់ដែលយកពេលទំនេរពីការងារស្រែចម្ការ អង្គុយចាំង ច្នៃចិតកំណាត់ឈើឱ្យក្លាយជាកូនទូកងតូចៗ ដើម្បីកែកម្សាន្ត​ និងធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ឱ្យអ្នកស្រឡាញ់ និងគាំទ្រទូកងខ្មែរ។ ដើមឡើយ បុរសវ័យ ៣៥រូបនេះ មាន​បំណងធ្វើទូកងនេះ ដើម្បីតាំងទុកមើលនៅផ្ទះ និងយកទៅបណ្ដែតលើទឹកលេង នៅក្បែរផ្ទះប៉ុណ្ណោះ។
 
ភាពច្នៃប្រឌិត និងសោភ័ណភាពទូកងដ៏ស្រស់ស្អាត​របស់លោក តុលា ត្រូវបាន​អ្នកស្រឡាញ់ទូកងឃើញ និងចាប់អារម្មណ៍ឱ្យ​ធ្វើ ដើម្បីយកទៅតាំងលម្អ។ ការចាប់អារម្មណ៍​លើ​ទូកងរបស់លោក តុលា មាន​ការ​កើន​ឡើង និង​មាន​អតិថិជន​បញ្ជាទិញជា​ហូរហែ លោក ក៏បានបង្កើតជាមុខរបរថ្មីនេះ នៅឆ្នាំ២០២០។
 
«ទូកហ្នឹងខ្ញុំធ្វើដោយដៃ ចាំងដោយកាំបិត និងពូថៅធម្មតាទេ ហើយបើគំនូរគូរតែក្បាច់ខ្ញុំចេះ។ ទូកងនោះមានប្រវែងចន្លោះពី១ម៉ែត្រ២តឹកដល់៤ម៉ែត្រ ហើយធ្វើពីឈើដើមអម្ពិលបារាំង បំពេញរាជ្យ គរ អង្គាដី គគីរ និងស្រឡៅជាដើម»។ នេះជាការ​លើកឡើងរបស់លោក តុលា ដោយបន្ថែមថា ទូកនីមួយៗមានតម្លៃខុសគ្នាទៅតាមទំហំ និងសាច់ឈើ ដែលយកមកធ្វើ។


 
ទូកង ដែលធ្វើពីឈើធម្មតាប្រវែង១ម៉ែត្រ២តឹក មានតម្លៃ ១២ម៉ឺនរៀលទៅ១៦ម៉ឺនរៀល ចំពោះឈើល្អអាចមានតម្លៃ២៨ម៉ឺនរៀល។ ដោយឡែក ទូកមានប្រវែង១ម៉ែត្រ៩តឹកដល់២ម៉ែត្រមានតម្លៃ ៤០ម៉ឺនរៀល និងប្រវែង៤ម៉ែត្រ មានតម្លៃ៣៥០ដុល្លារ។ លោក តុលា អះអាងថា តម្លៃខាងលើមិនថ្លៃនោះទេសម្រាប់អ្នកស្រឡាញ់ទូក។
 
អ្នកច្នៃទូកងតូចរូបនេះ រៀបរាប់បែបនេះ៖«សម្រាប់អ្នកស្រឡាញ់គាត់មិនថាថ្លៃទេ។ ទូកមួយខ្ញុំអាចចំណាយពេល២ថ្ងៃធ្វើ បើទូកនោះតូច តែបើទូកធំខ្ញុំត្រូវការពេលចន្លោះពី១ទៅ ២អាទិត្យ។ ខ្ញុំចង់ធ្វើឱ្យលឿនជាងនេះ ក៏មិនកើតដែរ ព្រោះខ្ញុំធ្វើដោយដៃជាមួយឧបករណ៍ធម្មតាទេ។ បើមានអ្នកបញ្ជាទិញច្រើន ហើយកំណត់ពេលមកយកលឿនក៏ខ្ញុំមិនទទួលដែរ»។
 
ការធ្វើទូកងតូចៗ មិនមានផលលំបាក​សម្រាប់លោក តុលា ឡើយ ប៉ុន្តែអ្វីដែលលំបាកនោះ គឺការរកឈើទំហំធំល្មម និងត្រង់ ដើម្បី​ធ្វើទូកង។ ឈើខ្លះ លោក តុលា អាចរកតាមផ្ទះ ឬភូមិជិតៗ តែបើគ្មាន គឺត្រូវទៅកន្លែងលក់ឈើ ដើម្បីស្វែងរក និងរើសឈើដែលអាចប្រើបាន។ 
 
​មុខរបរថ្មីរបស់លោក តុលា មិនមានគាំទ្រពីក្រុមគ្រួសារ និងអ្នកនៅជុំវិញឡើយ ដោយគិតថាជាការងារគ្មានប្រយោជន៍ និងគ្មានអ្នកទិញ។ ជាក់ស្ដែងការខិតខំប្រឹងរបស់លោក តុលា ទទួលបានភាពជោគជ័យ ដោយ​លោកអាចរកប្រាក់មួយចំនួនមកផ្គត់ផ្គង់គ្រួសារ តាមរយៈរបរធ្វើទូកងតូចៗ។


 
លោក ញ៉ឹក តុលា លើកឡើងដូច្នេះ៖«ប្រពន្ធ ពុក ម៉ែខ្ញុំ គ្មានអ្នកណាគាំទ្រមួយ ពួកគាត់គិតថាធ្វើរបស់លេងដែលមិនមានប្រយោជន៍។ គ្រប់គ្នា ឱ្យខ្ញុំយកពេលធ្វើទូកហ្នឹងទៅធ្វើការអ្វីផ្សេងទៅល្អជាង។ ខ្ញុំអត់អន់ចិត្តទេ ព្រោះពួកគាត់អត់យល់ពីខ្ញុំ និយាយយ៉ាងម៉េចក៏ខ្ញុំនៅបន្តធ្វើ ព្រោះខ្ញុំស្រឡាញ់តាំងពីតូចមកម្លេះ។ ពេលនេះលែងអីហើយ ព្រោះតែអាចរកចំណូលបានពីវា គ្មានអ្នកហាមមិនឱ្យធ្វើទៀតទេ តែពួកគាត់បែរជាសប្បាយចិត្តទៅវិញ»។
 
ដ្បិតមិនមានចំណេះដឹងផ្នែកគំនូរ និងចម្លាក់ តែ​ចំណង់ចំណូល និង​សិល្បៈពីកំណើត បាន​ធ្វើឱ្យ​លោក តុលា អាច​បង្កើតទូកងតូចៗ​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត។ «ខ្ញុំចេះតែក្បាច់ធម្មតាទេ ក្បាច់ពិបាកៗខ្ញុំមិនចេះគូរទេ ចង់បានក្បាច់ប្រណីត លុះត្រាទាក់ទងអ្នកជំនាញ។ ខ្ញុំចេះធ្វើតែទូក មិនថាទំហំប៉ុណ្ណាក៏ខ្ញុំទទួលដែរ»។  នេះជាការរៀបរាប់របស់លោក តុលា។
 
អតិថិជនដែលបញ្ជាទិញទូកងរបស់លោក តុលា មានគ្រប់ខេត្តក្រុង ទាំងស្រីនិងប្រុស។ បើតាម​លោក តុលា មានភរិយាមួយចំនួន ទិញទូកងនេះ យកទៅបង្កើតភាពភ្ញាក់ផ្អើល សម្រាប់ស្វាមី ដែលជាអ្នកគាំទ្រនិងស្រឡាញ់ទូកង និងដើម្បីធ្វើជាវត្ថុអនុស្សាវីយជាដើម។
 
បច្ចុប្បន្នជំនាញធ្វើទូកងតូចៗនេះ លោក តុលា បានបង្រៀនដល់ក្មួយប្រុសរបស់លោកម្នាក់ឱ្យចេះ និងអាចជំនួសដៃលោកពេលរវល់។ ទន្ទឹមគ្នានោះ លោក សង្ឃឹមថាក្មួយ​ប្រុស នឹងអាចបន្តវេនពី​លោកបាន។
 
លោក តុលា និយាយដូច្នេះ៖«ខ្ញុំបានបង្រៀនទៅក្មួយប្រុសរបស់ខ្ញុំដោយមិនមានលាក់ចំណេះទេ ធ្វើយ៉ាងណា ដើម្បីប្រាកដថា ពេលអត់ពីខ្ញុំទៅក៏មានអ្នកចេះធ្វើ និងអាចបន្សល់ទុក សម្រាប់ជាតម្លៃនៃវប្បធម៌ ​និងជាវត្ថុតាងដល់អ្នកជំនាន់ក្រោយដែរ។ ទោះវាជារបស់តូចតាច តែក្នុងនាមខ្ញុំជាអ្នកស្រឡាញ់កេរិ៍្តមរតកដូនតា ខ្ញុំគិតថាទូកងតូចៗនេះ ពិតជាមានតម្លៃសម្រាប់បន្សល់ទុក ជាកេរ្តិ៍បង្ហាញជនគ្រប់រូបពីទំនៀមទម្លាប់ និងតម្លៃវប្បធម៌នៃការប្រើប្រាស់យាន​ជំនិះរបស់ខ្មែរពីដើម»។
 
សូមបញ្ជាក់ថា ទូកង ជាទូកមានប្រវែងវែង និងអាចផ្ទុកចំនួនអ្នកជិះបានច្រើន នៅសម័យដើម ដោយបានប្រើសម្រាប់ទ័ពជើងទឹកចេញច្បាំងការពារសត្រូវ។ សម័យបច្ចុប្បន្ន ទូកប្រភេទនេះ ត្រូវបានគេប្រទះឃើញនៅពេលមានកម្មវីធីប្រពៃណីដូចជា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ  អកអំបុក និងនៅតាមវត្តនានានៅក្នុងប្រទេសកម្ពុជា៕
 




Tag:
 ទូកង
  តម្លៃវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com