ជាតិ
​អ្នកស្រី ឡងឌី យកចង្រិតច្នៃជាម្សៅប្រូតេអ៊ីន សម្រាប់ប្រើក្នុងភេសជ្ជៈនិងម្ហូប ​
22, Aug 2021 , 5:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ជូ ឡងឌី បានបង្កើតអាជីវកម្មកែច្នៃចង្រិតជាម្សៅប្រូតេអ៊ីន រយៈពេលជាង១ឆ្នាំហើយ។ មានបទពិសោធន៍លើការកែច្នៃចំណី និងការស្រាវជ្រាវពីបរទេស អ្នកស្រី ឡងឌី បានយកចង្រិតផលិតជាម្សៅប្រូតេអ៊ីន និងអាហារសម្រន់ ដើម្បីជំរុញទីផ្សារផលិតផលក្នុងស្រុក កែច្នៃវត្ថុធាតុដើមដែលមានស្រាប់ និងជួយដល់កសិករមួយចំនួនតាមបណ្ដាខេត្តផងដែរ។ ប៉ុន្តែបច្ចុប្បន្ន ផលិតផលនេះ មិនទាន់មានការគាំទ្រច្រើនឡើយ។

 
ស្ថាបនិកផ្ទះចង្រិត (Cricket House) អ្នកស្រី ជូ ឡងឌី បានកែច្នៃចង្រិតជាម្សៅប្រូតេអ៊ីន និងអាហារសម្រន់ សាន់នីចង្រិតលីង ដាក់លក់លើទីផ្សារ រយៈពេលជាង១ឆ្នាំហើយ។ មុនពេលចាប់ផ្ដើមអាជីវកម្មនេះ អ្នកស្រី ឡងឌី មានពិសោធន៍កែច្នៃចំណីអាហារ និងការស្រាវជ្រាវពីបរទេស ហើយក៏សម្លឹងឃើញអត្ថប្រយោជន៍របស់សត្វចង្រិតផងដែរ។ 
 
ស្ថាបនិករូបនេះ បានពន្យល់ថា សត្វចង្រិតមានផ្ទុកសារធាតុប្រូតេអ៊ីនច្រើន ដូចសាច់គោ និងសាច់សត្វដទៃទៀត ប៉ុន្តែទីផ្សារ និងផលិតភាព មានតិចតួចប៉ុណ្ណោះ។ ម្យ៉ាងសត្វចង្រិត​ក៏ពុំទាន់មានការកែច្នៃ សម្រាប់នាំចេញឡើយ ដោយកសិករភាគច្រើន ចិញ្ចឹមសម្រាប់បំពងលក់ធម្មតាប៉ុណ្ណោះ។
 
អ្នកស្រី ឡងឌី ផលិតម្សៅប្រូតេអ៊ីនពីចង្រិត ក្នុង​បំណងបង្កើនទីផ្សារផលិតផលក្នុងស្រុក ដែលមានវត្ថុធាតុដើមស្រាប់ សម្រាប់ដាក់លក់ក្នុងស្រុក និងការនាំចេញ ហើយវាក៏អាចជួយបង្កើនប្រាក់ចំណូលដល់កសិករចិញ្ចឹមចង្រិតផងដែរ។ អ្នកស្រី ជូ ឡងឌី បានលើកឡើងថា៖«ម្សៅប្រូតេអ៊ីនហ្នឹង គេប្រើប្រាស់សម្រាប់ដាក់ញាំជាមួយភេសជ្ជៈ និងម្ហូបផ្សេងៗ ដើម្បីជួយបន្ថែមសារធាតុប្រូតេអ៊ីន ដូចយើងញាំសាច់អ៊ីចឹង។ ហើយវាក៏ជួយដល់សុខភាពយើងដែរ ព្រោះពេលញាំសាច់ច្រើនគឺមិនសូវល្អទេ»។


 
អ្នកស្រី បន្តថា​ បច្ចុប្បន្នម្សៅប្រូតេអ៊ីនចង្រិតរបស់ខ្លួន មិនទាន់មានទីផ្សារនោះទេ ដ្បិតពលរដ្ឋក្នុងស្រុកមិនសូវចាប់អារម្មណ៍។ អ្នកស្រី ជូ ឡងឌី មានបំណងនាំចេញផលិតផលនេះ ទៅទីផ្សារបរទេស ប៉ុន្តែការងារនេះរអាក់រអួលដោយសារកូវីដ-១៩។
 
​ទោះជាយ៉ាងណា អ្នកស្រី ឡងឌី គ្មានបំណងបោះបង់អាជីវកម្មនេះឡើយ ដោយសង្ឃឹមថា ក្រោយវិបត្តិកូវីដ-១៩ វានឹងអាចមានទីផ្សារ និងការនាំចេញ។ «មែនទែនទៅខ្ញុំធ្វើហ្នឹងចំពេលកូវីដ-១៩ អ៊ីចឹងហើយវាពិបាក។ ក្នុងកាលៈទេសៈនេះ ទាំងគេទាំងយើងទទួលស្គាល់ថាពិបាកដូចគ្នា មនុស្សភាគច្រើនគេគិតគូរអាហារចម្បងប្រចាំថ្ងៃ។ អ៊ីចឹងមានតែសង្ឃឹមពេលចប់កូវីដ អាចមានទីផ្សារនាំចេញ។ ប៉ុន្តែខ្ញុំក៏ចង់ឱ្យពលរដ្ឋក្នុងស្រុកគាំទ្រដែរ ព្រោះវាជួយដល់សុខភាព»។ នេះបើតាមការរៀបរាប់របស់អ្នកស្រី ជូ ឡងឌី។
 
ម្សៅប្រូតេអ៊ីនចង្រិតរបស់អ្នកស្រី ឡងឌី លក់ក្នុងតម្លៃ៣០ដុល្លារ ក្នុងមួយគីឡូក្រាម។ ក្រៅពីនេះ ក៏មានអាហារសម្រន់ចង្រិតលីង (មិនប្រើប្រេង) ៤រសជាតិ តម្លៃចន្លោះពី ២.៥​ដុល្លារដល់២.៧៥ដុល្លារ និងចង្រិតសម្ងួតសរីរាង្គ តម្លៃ៨.៩៩ដុល្លារផងដែរ៕





Tag:
 ចង្រិត
 ម្សៅប្រូតេអ៊ីន
 ជូ ឡងឌី
© រក្សាសិទ្ធិដោយ thmeythmey.com