ជាតិ
សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា និងស្ថាប័នអយ្យការរួមគ្នាពន្លឿនដំណោះស្រាយសំណុំរឿង GFX លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ ន.ម.ក.
× ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កំពុងធ្វើនីតិវិធីច្បាប់ជាមួយស្ថាប័នអយ្យការ ដោយស្នើ សុំឱ្យមានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX Investment និង បញ្ចូលការដោះស្រាយពាក្យបណ្ដឹងទាំងអស់ដែលប្តឹងជាមួយសំណុំរឿងព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ន.ម.ក.។
ខណៈកំពុងធ្វើនីតិវិធីច្បាប់ជាមួយស្ថាប័នអយ្យការ និយ័តករមូលបត្រកម្ពុជាក៏នៅតែបន្តទទួលបាន ពាក្យបណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFX Investment ផងដែរ។ គិតត្រឹមថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា ទទួលបានពាក្យបណ្តឹងរហូតជិត៨០០បណ្តឹង ដែលប្តឹងទៅក្រុមហ៊ុន GoldFX Investment ដើម្បីទាមទារប្រាក់ដើមមកវិញ ក្រោយពីក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្ម ជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ ធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់ អតិថិជនប្រមាណ៣០លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជាកាលពីថ្ងៃទី២០សីហាបានបញ្ជាក់ដូច្នេះ៖ «ករណីនាំឱ្យមានបណ្តឹងជាច្រើនពីអតិថិជន GoldFX Investment នេះ បាននាំឱ្យ ន.ម.ក. ធ្វើនីតិវិធីច្បាប់លើការងារនេះជាមួយស្ថាប័នអយ្យការ ដោយស្នើសុំឱ្យមានការស៊ើបអង្កេត បន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX Investment និងបញ្ចូលការដោះស្រាយពាក្យបណ្ដឹង ទាំងអស់ដែលប្តឹងក្រុមហ៊ុន GoldFX Investment ជាមួយសំណុំរឿងព្រហ្មទណ្ឌ ដែលមានការពាក់ព័ន្ធគ្នានេះ»។
ដើម្បីឱ្យដំណើរការនីតិវិធីមានភាពងាយស្រួល និងឆាប់រហ័ស និយ័តករមូលបត្រកម្ពុជា ក៏បានស្នើឱ្យសាធារណជន អតិថិជន ព្រមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ចូលរួមសហការតាមនីតិវិធីជាធរមានផងដែរ។
មាត្រា ១០ នៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងមាត្រា ១៦ នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនិយ័តករមូលបត្រកម្ពុជា មន្ត្រីរបស់ គ.ម.ក. ទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ មានមុខងារដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងបន្ទាប់ពីទទួលបានការអនុញ្ញាតចាត់តាំងពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមលិខិតលេខ ៦៣៧ អ.យ.ក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១ ស.ម.ក. ត្រូវបន្តស៊ើបអង្កេតលើប្រតិបត្តិ ការសង្ស័យ និងពាក្យបណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFX Investment Co., Ltd.) និងក្រុមហ៊ុន ជីអេហ្វអិកស៍ អ៊ិនធើណេសិនណល ឯ.ក. (GFX International Co., Ltd.) ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ ន.ម.ក. ដែលមានសិទ្ធិអំណាចតាមបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើនិយ័តករមូលបត្រកម្ពុជា។
សូមជម្រាបថា និយ័តករមូលបត្រកម្ពុជា ឱ្យអតិថិជនរបស់ក្រុមហ៊ុន GoldFX Investment អាចមកដាក់ពាក្យបណ្តឹងនៅ និយ័តករមូលបត្រកម្ពុជា ចាប់តាំងពីថ្ងៃទី៣០មីនា ឆ្នាំ២០២១មក៕
Tag:
មូលបត្រ
GoldFX Investment
និយ័តករមូលបត្រកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com