ជាតិ
សង្គមជាតិ
​​សោកស្តាយ! អាជ្ញាធរក្រុង​ព្រះសីហនុ រកឃើញសព​បុរស​ដែលហូរតាមទឹក​ពីយប់មិញ
25, Aug 2021 , 11:50 am        
រូបភាព
 ទីតាំងដែលអាជ្ញាធររកឃើញសពបុរសដែលត្រូវទឹកហូរនាំយកទៅ​បាត់ កាលពីល្ងាចថ្ងៃទី២៤ សីហា។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
ទីតាំងដែលអាជ្ញាធររកឃើញសពបុរសដែលត្រូវទឹកហូរនាំយកទៅ​បាត់ កាលពីល្ងាចថ្ងៃទី២៤ សីហា។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
 ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញសពបុរសជនបរទេសដែលត្រូវទឹកហូរកួចបាត់ខ្លួន ​នៅម៉ោងជិត​១១ ព្រឹកថ្ងៃពុធនេះនៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុដែលបញ្ជាក់នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ៖ «មកទល់ម៉ោងជិត១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ គឺបានរកឃើញសាកសពជនរងគ្រោះហើយ គឺហូរមកទើរជាប់នៅតំបន់អូរអាចម៌មឹក ស្ថិតនៅក្នុងភូមិ៤ ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ»។

 
សូមជម្រាបថា បុរសរូបនេះ បានបាត់ខ្លួននៅល្ងាច​ថ្ងៃទី២៤ សីហា នៅចំណុចអូរ​០៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ យ៉ាងណាក៏ដោយអាជ្ញាធរនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ។
 
ជុំវិញលោក ជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុពីម្សិលមិញ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា​ មានករណីទឹកហូរនាំមនុស្សធ្លាក់ក្នុងប្រឡាញ១ករណីទៀតដែរ ដែលកើតឡើងនៅក្នុងសង្កាត់លេខ១។ ប៉ុន្តែជនរងគ្រោះរូបនេះ ត្រូវបានអាជ្ញាធរជួយសង្គ្រោះបានភ្លាមៗ។


ទឹកភ្លៀងជន់លិចក្រុងព្រះសីហនុ នៅល្ងាចថ្ងៃទី២៤ ខែសីហា។ រូបថត៖រដ្ឋបាលខេត្តព្រះសីហនុ​​

តំបន់មួយចំនួន និងផ្ទះសម្បែងពលរដ្ឋជាច្រើន ក្នុងក្រុងព្រះសីហនុ បាន​ជន់លិចដោយជំនន់ទឹកភ្លៀងដែលធ្លាក់យ៉ាងសន្ទាប់ខ្លាំងជាង៤ម៉ោង ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង៨យប់ថ្ងៃទី២៤ សីហា។  លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា មកទល់ពេលនេះ អាជ្ញាធរកំពុងសិក្សា និងវាយតម្លៃពីផលប៉ះពាល់​។
 
ទន្ទឹមនឹងនេះ លោក ឃាង ភារម្យ បានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋដែលរស់នៅតំបន់ទំនាប ត្រូវស្វះស្វែងរកទីកន្លែងដែលមានសុវត្ថិភាព។ ការអំពាវនាវនេះ ធ្វើឡើងខណៈដែលការព្យាករ​អាកាសធាតុ បង្ហាញថាខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ជាច្រើនថ្ងៃទៀត។ លោក ឃាង ភារម្យ បញ្ជាក់ដូច្នេះ៖ «យើងនិយាយថាកន្លែងដែលមានសុវត្ថិភាព ដូច្នេះបើផ្ទះរបស់បងប្អូនមានកន្លែងដែលសុវត្ថិ​ភាពហើយមិនចាំបាច់ទៅណាទៀតទេ។ ​​បងប្អូន សូមជូនដំណឹងមកអាជ្ញាធរ ដើម្បីអន្តរាគមន៍«។
 
ជុំវិញការរៀបចំទីកន្លែងដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋបណ្តោះអាសន្ននោះ អ្នក​នាំ​ពាក្យរដ្ឋបាលខេត្ត បញ្ជាក់ថា អាជ្ញាធរកំពុងវាយតម្លៃ​តំបន់ដែលប្រឈមខ្លាំង ដើម្បីដាក់ជូនថ្នាក់ដឹកនាំលើកផែនការដោះស្រាយ៕
 
 

Tag:
 ទឹកជំនន់
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com