ជាតិ
សង្គមជាតិ
គោបុរៈផ្នែកទី១​​ប្រាសាទបុរាណនគរបាជ័យដួល​រលំ​​ដោយសារ​ភ្លៀងខ្យល់ពីរថ្ងៃជាប់គ្នា
25, Aug 2021 , 1:59 pm        
រូបភាព
ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ចុះត្រួតពិនិត្យ គោបុរៈទី១ផ្នែក ខាងជើងប្រាសាទនគរបាជ័យ។ រូបភាពពីប្រធានការិយាល័យបេតិភណ្ឌខេត្តកំពង់ចាម។
ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ចុះត្រួតពិនិត្យ គោបុរៈទី១ផ្នែក ខាងជើងប្រាសាទនគរបាជ័យ។ រូបភាពពីប្រធានការិយាល័យបេតិភណ្ឌខេត្តកំពង់ចាម។
ដោយ:
គោបុរៈ (ខ្លោងទ្វារ) ផ្នែកទី១ខាងជើង នៃប្រាសាទនគរបាជ័យ បានដួលរលំកាលពី​ល្ងាច​ថ្ងៃទី២៤ ខែ​សីហា ដោយសារខ្យល់ និងភ្លៀងខ្លាំងពីរ​ថ្ងៃជាប់​។ បច្ចុប្បន្នក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម កំពុងសម្អាត និងប្រមូលថ្មដែលបាក់ដួលរលំនេះទុក ដើម្បីរៀបគម្រោងជួសជុលឡើងវិញ។



លោក សឹង ភារម្យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម  បាន​ឱ្យដឹងថា គោបុរៈផ្នែកទី១ខាងជើង​ នៃប្រាសាទនគរបាជ័យ ក្នុងស្រុកកំពង់សៀម ដែលមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានដួលរលំ ដោយសារ​ភ្លៀងធ្លាក់ និងខ្យល់ខ្លាំង នៅថ្ងៃទី ២៣-២៤ សីហា។

«គោបុរៈផ្នែកទី១ខាងជើងនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដោយសារធម្មជាតិ ភ្លៀងនិងខ្យល់ វាប្រះ ហើយមានកូនឈើតូចៗដុះក្នុងកំផែងនេះផង ទើបវាដួលរលំ »។ នេះជាការបញ្ជាក់របស់ លោក សឹង ភារម្យ ដោយបន្តថា ការដួលរលំគោបុរៈនេះមិនបានធ្វើឱ្យមាន គ្រោះថ្នាក់ដល់ប្រជាជននៅក្នុងតំបន់នោះទេ។

បច្ចុប្បន្នក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម​ កំពុងសម្អាតទីធ្លានោះ និងប្រមូលថ្ម ដែលដួលរលំប្រមាណ ១៥ដុំយកទៅដាក់នៅក្នុងវត្ត​ ដែលនៅប្រាសាទនគរបាជ័យនោះ។ យ៉ាងណាមិញ លោក សឹង ភារម្យ មិនទាន់អាចប្រាប់សារព័ត៌មានThmeyThmey25 បានទេថា ការជួសជុលគោបុរៈនេះអាចធ្វើឡើងនៅពេលណា ដោយលោកកំពុងធ្វើរបាយការណ៍ ទៅរដ្ឋបាលខេត្តកំពង់ចាម។

ក្រៅពីការដួលរលំ គោបុរៈទី១ផ្នែកខាងជើងនេះ ផ្នែកមួយចំនួនទៀតនៃប្រាសាទនគរបាជ័យ ក៏កំពុងមានសភាពទ្រុឌទ្រោម ដែលប្រឈមនឹង​ការដួលរលំផងដែរ។ សូមជម្រាបដែរថា ប្រាសាទនគរបាជ័យ ត្រូវបានសាងសង់ឡើងកាលពី​ដើម​សតវត្សទី១៣ នា​រាជព្រះបាទ​ជ័យ​វរ្ម័នទី៧  ក្នុងរចនាប័ទ្ម​បាយ័ន បែរទៅទិសខាងកើតរាងជាចតុកោណកែង និងមានកំពែងបីជាន់ ព្រមទាំងមានគោបុរៈ(ខ្លោងទ្វារ)គ្រប់ទិសធំទាំងបួន។

នៅកំពែងទី១ នៃប្រាសាទនេះ ត្រូវបានបាក់បែក និងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២និងកំពែងជាន់ទី៣នៅរក្សារូបរាងគួរសម។ កាលពីឆ្នាំ ២០១៨-២០១៩ មន្ទីរវប្បធម៌ខេត្តកំពង់ចាម ក៏បានជួសជុលផ្នែកមួយចំនួន នៃប្រាសាទនេះ ដែលប្រឈមនឹងការដួលរំមួយចំនួនផងដែរ ៕

Tag:
 ប្រាសាទនគរបាជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com