កីឡាជាតិ
ជាតិ
ប៉ារ៉ាឡាំពិក៖ វ៉ាន វ៉ុន អត្តពលិកកម្ពុជាតែម្នាក់គត់ ត្រូវប្រកួតនៅថ្ងៃទី១ ខែកញ្ញា នេះ​
01, Jan 2021 , 6:29 am        
រូបភាព
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ (2020 Summer Paralympics) ចាប់ផ្តើមការប្រកួតថ្ងៃប្រកួតដំបូងរបស់ខ្លួន ក្រោយកម្មវិធីបើកជាផ្លូវការ។ វ៉ាន វ៉ុន ដែលជាអត្តពលិកកម្ពុជាតែម្នាក់គត់ នឹងត្រូវបង្ហាញលើកទីពីរក្នុងព្រឹត្តិការណ៍នេះ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ នាព្រឹក​ថ្ងៃទី១ ខែកញ្ញា។



វិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រមាន អត្តពលិក១៨នាក់ ដែលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយ ក្នុងនោះក៏មានវត្តមានម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ កាលពីឆ្នាំ២០១៦ផងដែរ។  វ៉ាន វ៉ុន ដែលស្ថិតក្នុង Heat 1 ជាមួយកីឡាករអូស្ត្រាលី Luke Bailey កីឡាករឥណ្ឌូណេស៊ី Jaenal Aripin កីឡាករចិន Yang Liu កីឡាករថៃ Athiwat Paeng-Nuea និងកីឡាករហ្វាំងឡង់ Esa-Pekka Mattila។
 
ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលមានលោក យី សុភក្ក្រា ជានាយបេសកកម្ម ស្ថិតក្នុងចំណោមតំណាងប្រទេស/ក្រុម ជាង១៦០ ដែលបង្ហាញវត្តមាននាពិធីបើកព្រឹត្តិការណ៍ Tokyo 2020 Paralympics កាលពីយប់ថ្ងៃទី២៤ ខែសីហា ក្រោមព្រះរាជវត្តមានព្រះចៅអធិរាជជប៉ុន Naruhito។
 
ដោយទទួលបានសិទ្ធិអនុគ្រោះ (Wild Card) ពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ កីឡាករ វ៉ាន វ៉ុន អាយុ៣៥ឆ្នាំ មានឱកាសបង្ហាញខ្លួនពីលើកជាប់គ្នាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ២០១៦ នៅ Rio de Janeiro អត្តពលិករូបនេះ ក៏បានប្រកួតក្នុងវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រផងដែរ។


 
កាលពីឆ្នាំ២០១៦ កីឡាករហ្វាំងឡង់ Leo-Pekka Tahti ឈ្នះមេដាយមាសក្នុងថិរវេលា ១៣.៩០ កីឡាករចិន Yang Liu មេដាយប្រាក់ជាមួយនឹងថិរវេលា ១៤.១០ ចំណែកកីឡាករហូឡង់ Kenny van Weeghel បានមេដាយសំរឹទ្ធ ក្នុងថិរវេលា ១៤.២៣។
 
នាពេលនោះដែល វ៉ាន វ៉ុន បានទទួលចំណាត់ថ្នាក់លេខ៦ក្នុង Heat របស់ខ្លួន ដោយប្រើថិរវេលា ១៥.៤៤។ ក្នុងវិញ្ញាសា Men’s 100m-T54 នេះ វ៉ាន វ៉ុន សម្រេចបានកំណត់ត្រាល្អប្រសើរជាបន្តបន្ទាប់ ដោយក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមអាស៊ី នៅក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៨ គេបានប្រើថិរវេលា ១៥.០២ ហើយនៅក្នុងព្រឹត្តិការណ៍ World Championships ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម គេសម្រេចបានក្នុងថិរវេលា ១៤.៥៧។
 


សម្រាប់វិញ្ញាសា Men’s 100m-T54 នេះ កីឡាករហ្វាំងឡង់ Leo-Pekka Tahti នៅតែរក្សាខ្លួនជាម្ចាស់កំណត់ត្រាអូឡាំពិក និងពិភពលោក ជាមួយនឹងថិរវេលា ១៣.៦៣ កាលពីព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ នាឆ្នាំ២០១២។
 
នេះជាការបង្ហាញខ្លួនលើកទី៦របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ លើកដំបូងនៅឆ្នាំ២០០០ កម្ពុជាមានក្រុមបាល់បោះបុរស បន្ទាប់មកបានបញ្ជូនអត្តពលិក២នាក់នៅអាតែន ឆ្នាំ២០០៤ ហើយនៅឆ្នាំ២០០៨ ឆ្នាំ២០១២ និងឆ្នាំ២០១៦ មានអត្តពលិកតែ១រូបប៉ុណ្ណោះ៕
 


Tag:
 ប៉ារ៉ាឡាំពិក
  វ៉ាន វ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com