ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងស្នើទៅឥណ្ឌូណេស៊ី យកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលមកវិញ ក្រោយនាវាមួយលួចទៅ
25, Aug 2021 , 5:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ី បានឃាត់នាវាដែលលួចដឹកប្រេងឆៅរបស់កម្ពុជា។ ឥណ្ឌូណេស៊ី ឃាត់នាវា MT Strovolos នោះបាន បន្ទាប់ពីកម្ពុជា បានជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិ ដើម្បីរឹបអូសកប៉ាល់ ដែលដឹកប្រេងឆៅពីកម្ពុជា ជិត៣០ម៉ឺនបារ៉ែល។

 
នាវានេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ឃាត់បាន នៅលើឆ្នេរសមុទ្រស៊ូម៉ាត្រា នៅថ្ងៃទី២៧ កក្កដា។
បើតាមការបញ្ជាក់របស់លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជាកំពុងស្នើសុំប្រេងឆៅនោះ មកវិញ។

យោងតាមទីភ្នាក់ងារព័ត៌មានបារំាង(AFP) កប៉ាល់ដែលលួចដឹកប្រេងចេញពីដែនទឹកកម្ពុជានោះ ឈ្មោះ MT Strovolos  មានប្រវែង១៨៣ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam នៃប្រទេសឥណ្ឌូណេស៊ី ដោយបានបិទប្រព័ន្ធកំណត់ អត្តសញ្ញាណរបស់ខ្លួន និងចូលចតដោយខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះនេះ។
 
AFP  បានបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ី ឃាត់មនុស្សបាន១៩នាក់ជាមួយប្រេងឆៅជិត៣០ម៉ឺនបារ៉ែលរបស់កម្ពុជា ដោយនៅក្នុងនោះ មាននាវិក១៣នាក់ ជាជនជាតិឥណ្ឌា, ៣នាក់ជាជនជាតិបង់ក្លាដែស និងមាន៣នាក់ទៀត ជាជនជាតិមីយ៉ាន់ម៉ានៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។
 
អត្ថបទទាក់ទង


បើតាមលោក ជៀប សួរ នាវាដឹកប្រេងនេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជាក្នុងការទាញយកប្រេងផ្ទាល់ខ្លួន។ លោក  បានបញ្ជាក់ថា អ្នកដែលបញ្ជាឱ្យកប៉ាល់ដឹកប្រេងរបស់កម្ពុជារត់នោះ គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy។
 
បច្ចុប្បន្ន កម្ពុជាបានផ្អាកដំណើរការបូមប្រេងឆៅទាំងស្រុង បន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន នាដើមខែមិថុនា ឆ្នាំ២០២១មក៕

Tag:
 ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com