ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើគណបក្សថ្មីលេចមុខច្រើន មុនការបោះឆ្នោតនេះ អាចប្រជែងឈ្នះបក្សកាន់អំណាចដែរទេ?
25, Aug 2021 , 8:59 pm        
រូបភាព
គណបក្សនយោបាយបង្កើតថ្មី
គណបក្សនយោបាយបង្កើតថ្មី
ភ្នំពេញ៖ រាល់ពេលមុនការបោះឆ្នោត គេតែងឃើញគណបក្សនយោបាយថ្មី បង្កើតឡើងច្រើន ។ បច្ចុប្បន្នមានគណបក្សថ្មីជិត១០ហើយ ដែលបានបង្កើតឡើង ដែលជាភាគច្រើនជាអតីតមន្ត្រីបក្សប្រឆាំង ។ តើពួកគេអាចប្រជែងឈ្នះបក្សកាន់អំណាចដែរទេ?


វាមិនខុសនោះទេ នៅពេលមានគណបក្សថ្មី បង្កើតឡើងច្រើន ដើម្បីប្រជែងអំណាច តាមរយៈការបោះឆ្នោតដោយសេរី  ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមលោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលបន្ថែមថា ការចូលរួមនយោបាយ ដើម្បីប្រជែងអំណាច និងដោះស្រាយបញ្ហានានា នៃដំណើរការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ចនេះ ជារឿងល្អ។
 
ប៉ុន្តែបើនិយាយពីលទ្ធភាពរបស់បក្សថ្មី ប្រជែងជាមួយបក្សកាន់អំណាចវិញ វាហាក់ដូចជាស្រពិចស្រពិល។ បើតាមលោក រ៉ូ វណ្ណៈ ការទទួលបានសំឡេងគាំទ្រតិច ឬច្រើន គឺសមត្ថភាពនៃគណបក្សថ្មីទាំងនោះ តើមានយុទ្ធសាស្រ្តខ្លាំងបែបណា ដើម្បីទាញប្រជាប្រិយភាពពីពលរដ្ឋ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ជាការពិត តិចឬច្រើន គណបក្សថ្មីទាំងនោះ អាចទាញ សម្លេងពីបក្សកាន់អំណាចពិតជាមាន។ ជាបទពិសោធន៍យើង ឃើញគ្រប់បក្សដែលបានបង្កើតកន្លងមក អាចទាញយ៉ាងហោចណាស់ក៏ពីចំនួនរយទៅពាន់សំឡេងដែរ»។ 
 
បច្ចុប្បន្នមានគណបក្សថ្មីជិត១០ហើយ ដែលបានបង្កើតឡើង ដែលជាភាគច្រើនជាអតីតមន្ត្រីបក្សប្រឆាំង។ ចុងក្រោយមានគណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ គណបក្សខ្មែរអភិរក្ស និងគណបក្សខ្មែរស្រឡាញ់ជាតិជាដើម ដែលបានបង្កើតឡើង។ 
 
លោក កង គីមហាក់ អនុប្រធាននិងជាអ្នកនាំពាក្យនៃគណបក្សខ្មែរស្រលាញ់ជាតិ បានអះអាងថា បក្សខ្លួនបានរៀបចំយុទ្ធសាស្រ្ត និងសារនយោបាយរួចហើយ ប៉ុន្តែលោក មិនអាចបញ្ជាក់លម្អិតពីយុទ្ធសាស្រ្តទាំងនោះទេ។  អនុប្រធានគណបក្សស្រលាញ់ជាតិ បានសង្កត់ធ្ងន់ថា គណបក្សខ្លួនបានរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោត នាឆ្នាំក្រោយនេះ។  
 
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលសម្រេចទៅបង្កើតបក្សថ្មី កាលពីចុងឆ្នាំ២០២០នេះ បាននិយាយដូច្នេះថា៖«ការធ្វើនយោបាយរបស់គណបក្សស្រលាញ់ជាតិ គឺយើងមានសង្ឃឹមថា នឹងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២...។៊ បក្សយើងបង្កើតជាងពីរឆ្នាំហើយ, ចំណុចខ្លាំងរបស់គណបក្សខ្មែរស្រលាញ់ជាតិ គឺមានការចូលរួមច្រើននៅតាមមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំសង្កាត់នៃអតីតបក្សសង្គ្រោះជាតិ»។ 
 
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ដែលទើបសម្រេចបង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីពេលថ្មីៗនេះ បាននិយាយបែបវិជ្ជមានថា គណបក្សថ្មីលេចចេញរូបរាងច្រើន គឺបង្ហាញពីថាគណបក្សប្រឆាំងមិននៅស្ងៀមឡើយ ដោយពួកគេនៅតែតស៊ូ ជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងប្រឹងប្រែងចូលរួមការបោះឆ្នោត។ 
 
ដ្បិតមានផលវិជ្ជមាន តែលោក អ៊ូ ច័ន្ទរ័ត្ន ក៏មើលឃើញពីភាពអវិជ្ជមានដែរ។ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ បាននិយាយថា បើគណបក្សថ្មីច្រើន វានឹងធ្វើឲ្យសំឡេងអ្នកគាំទ្របែកខ្ញែក ដែលនាំឲ្យគ្មានកម្លាំងប្រកួតប្រជែងជាមួយគណបក្សកាន់់អំណាច។ 
 
«បើយើងរួមគ្នា ដូចអ្វីដែលកើតកាលពីឆ្នាំ២០១៣ គឺយើងមានកម្លាំងក្នុងការប្រកួតប្រជែងហើយ។ ការប្រកួតប្រជែងនេះ យើងមិនសំដៅលើការឈ្នះចាញ់ពេកទេ គឺចង់ធ្វើយ៉ាងម៉េច រៀបចំយុទ្ធសាស្រ្តកែប្រែសង្គមនយោបាយរបស់យើង តាមការតស៊ូមតិទៅ។ ដើម្បីឲ្យមានការកែប្រែជាហូរហែ ដល់ថ្ងៃណាមួយនឹងមានការប្រកួតប្រជែងពេញលេញ គឺអាចផ្លាស់ប្ដូរបានហើយ»។ នេះបើតាមលោក ច័ន្ទរ័ត្ន ដែលបន្ថែមថា ក្នុងចំណោមគណបក្សនយោបាយថ្មីនេះ បើមានគណបក្សណាមួយលេចធ្លោរ នោះ គឺអាចទាញការគាំទ្រពីពលរដ្ឋបានច្រើន។ 
 
តែយ៉ាងណាលោក សេង សារី នៅតែមើលមិនឃើញពីលទ្ធភាពវិជ្ជមាន របស់បក្សថ្មីៗ ដែលអាចប្រជែងនយោបាយ ជាមួយគណបក្សកាន់អំណាចនេះឡើយ។ អ្នកវិភាគសង្គម និងនយោបាយរូបនេះ បាននិយាយចំៗថា គណបក្សនយោបាយថ្មី ដែលបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំងនេះ មិនអាចធ្វើឲ្យគណៈបក្សកាន់អំណាច ដែលមានធនធានមនុស្ស ថវិកា និងយុទ្ធសាស្រ្ត ចុះខ្សោយនោះទេ លុះត្រាមានបក្សណាមួយ ទទួលមរតកពីអតីតមេដឹកនាំបក្សសង្គ្រោះជាតិ ទើបមានការគាំទ្រច្រើន។ 
 
ពាក្យមរតកនយោបាយនេះ គឺលោក សេង សារី ចង់ពន្យល់ថា បើបក្សណា មានការប្រកាសគាំទ្រពីលោក កឹម សុខា និងលោក សម រង្ស៊ី ហើយ បក្សនោះក៏ទទួលបានប្រជាប្រិយភាពពីពលរដ្ឋ។ ក្រៅពីនេះ បក្សថ្មីទាំងអស់ គួរតែរៀនពីច្បាប់គណបក្សនយោបាយ រដ្ឋធម្មនុញ្ញ និងរៀនពីបរិយាកាសនយោបាយបន្ថែមដែរ ដើម្បីមានយុទ្ធសាស្ត្រប្រជែងជាមួយបក្សកាន់អំណាច។ 
 
«ឥរិយាបថរបស់ខ្មែរ ពួកគេក៏ត្រូវសិក្សាដែរ គឺគេគាំទ្រមេដឹនាំបក្ស មិនមែនគាំទ្រគណបក្សទេ។ អ៊ីចឹង អ្នកដែលចេញទៅបង្កើតបក្សថ្មី គ្រាន់តែជាមន្រី្តនយោបាយធម្មតាដែលមិនមានកម្លាំងនយោបាយ មិនមានការគាំទ្រទេ។ កម្លាំងគាំទ្រ គឺមេបក្សទាំងពីរ លោក កឹម សុខា និងលោក សម រង្ស៊ី»។ នេះជាការលើកឡើងរបស់អ្នកវិភាគនយោបាយ ដែលបានបន្ថែមថា បើលោក កឹម សុខា និងលោក សម រង្ស៊ី មិនរួមគ្នា ឬគាំទ្របក្សថ្មីណាមួយទេ គឺបក្សនោះ ទទួលបានកម្លាំងគាំទ្របន្តិចបន្តួចប៉ុណ្ណោះ។ 
 
បើតាមលោក សេង សារី ទោះបីកម្ពុជា មានគណបក្សថ្មីច្រើន ក៏មិនមែនជាសញ្ញាដែលបង្ហាញថា កម្ពុជាមានប្រធិបតេយ្យនោះដែរ។ ដូច្នេះក្រៅពីមានគណបក្សនយោបាយច្រើន គឺត្រូវមានលម្ហនយោបាយ នីតិរដ្ឋ តម្លាភាពនៃការបោះឆ្នោតជាដើម។ 
 
អតីតគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រជែងអំណាចជាមួយគណបក្សកាន់អំណាចនោះ ត្រូវបានតុលាការកំពូល រំលាយចោល កាលពីចុងឆ្នាំ២០១៧ រួមទាំងដាក់បម្រាមអតីតមន្ត្រីគណបក្សប្រឆាំងធំជាងគេនេះ ចំនួន១១នាក់ ហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំផងដែរ។  ប៉ុន្តែជិត៤ឆ្នាំនេះ មានអតីតមន្ត្រីបក្សប្រឆាំងជាង២០នាក់ហើយ ដែលបានសុំសិទ្ធិធ្វើនយោបាយវិញ ដោយខ្លះទៅបង្កើតបក្សថ្មីដោយខ្លួនឯង និងខ្លះចូលរួមសកម្មភាពនយោបាយជាមួយបក្សដទៃទៀត។
 
ក្រោយរំលាយបក្សសង្គ្រោះជាតិនេះ គេសង្កេតឃើញថា ការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ នាអាណត្តិទី៦ ប្រព្រឹត្តិទៅដោយរលូន ដោយមានគណបក្សនយោបាយទាំងចាស់ និងថ្មី ចំនួន២០ ចូលរួមប្រជែងអំណាច។ ប៉ុន្តែកៅអីរដ្ឋសភាទាំង១២៥នោះ ធ្លាក់ទៅដៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយគ្មានគណបក្សថ្មីណាមួយ ទទួលបានកៅអីអង្គុយឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com