ជាតិ
វីដេអូ
លោក យ៉ង សាំងកុមារ៖ ពលរដ្ឋគួរងាកមកវិនិយោគលើដំណាំឈើប្រណីត ដើម្បីជួយសេដ្ឋកិច្ចគ្រួសារ និងបរិស្ថាន
25, Aug 2021 , 9:59 pm        
រូបភាព
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម
ភ្នំពេញ៖ នៅបណ្ដាប្រទេសមួយចំនួន បានដាំឈើប្រណីត ឬឈើលេខ១ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាក់ស្ដែង កម្ពុជា ក៏មានក្រុមហ៊ុនឯកជនមួយចំនួន វិនិយោគលើការដាំឈើប្រណីតផងដែរ ប៉ុន្តែមិនសូវមានពលរដ្ឋខ្មែរវិនិយោគនៅឡើយទេ។ តាមរយៈតម្រូវការ តម្លៃខ្ពស់ និងទីផ្សារខ្ពស់របស់ឈើប្រណីត អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ លើកទឹកចិត្តដល់ពលរដ្ឋដែលមានលទ្ធភាព គួរងាកមកវិនិយោគលើដំណាំឈើប្រណីត ទោះផ្ដល់ផលយូរឆ្នាំក៏ដោយ។


 
ឈើ ជាធនធានដែលអាចបង្កើតឡើងវិញ តាមរយៈការដាំដុះ។ ការដាំដុះឈើប្រណីត ឬឈើលេខ១ បានផ្ដល់សារប្រយោជន៍ជាច្រើនដល់សង្គម បរិស្ថាន សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានេះ ការវិនិយោគលើដំណាំឈើប្រណីតនៅកម្ពុជា នៅមានកម្រិតនៅឡើយ ខណៈតម្លៃ និងតម្រូវការមានការកើនឡើង។ 


  កូនឈើប្រណីត

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក យ៉ង សាំងកុមារ អះអាងថា ការវិនិយោគលើដំណាំឈើប្រណីត មិនមែនជារឿងខុសច្បាប់នោះទេ ពោលពលរដ្ឋត្រូវចុះបញ្ជីជាមួយមន្ទីរ ឬក្រសួងកសិកម្ម ដើម្បីធានាថាការដាំដុះដោយស្របច្បាប់។ បើតាមបណ្ឌិតកសកម្ម យ៉ង សាំងកុមារ ការវិនិយោគលើដំណាំឈើប្រណីត ត្រូវការរយៈពេលយូរទើបផ្ដល់ទិន្នផល។ ទោះបីត្រូវការរយៈពេលយូរ ប៉ុន្តែការដាំដុះឈើប្រណីត ឬឈើលេខ១ បានផ្ដល់ប្រាក់កម្រៃខ្ពស់ និងជួយដល់បរិស្ថាន។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖ 
 


លោក យ៉ង សាំងកុមារ ជំរុញឱ្យពលរដ្ឋងាកមកដាំឈើប្រណីត ឬឈើលេខ១ ដែលជួយទាំងសេដ្ឋកិច្ចគ្រួសារ សង្គម និងបរិស្ថាន។ អ្នកជំនាញកសិកម្មរូបនេះ លើកឡើងយ៉ាងដូច្នេះ៖«វាជារឿងល្អ ព្រោះវាជាធនធានដែលយើងត្រូវការ ហើយជាធនធានមានតម្លៃខ្ពស់។ ការដាំដុះឈើប្រណីត ឬឈើលេខ ១ វាជាដំណាំងាយស្រួលដាំ និងថែទាំ។ មួយទៀត តម្លៃរបស់ឈើនឹងកាន់ឡើងជារៀងរាល់ឆ្នាំ នៅពេលដើមឈើលូតលាស់ធំពីមួយឆ្នាំទៅមួយឆ្នាំ»។ 
 
ជាមួយគ្នានេះ ពលរដ្ឋក៏អាចដំណាំចម្រុះមួយចំនួន នៅក្រោមដើមឈើប្រណីត ដែលវាផ្ដល់ទិន្នផលបានលឿនជាងឈើប្រណីត។ លោក យ៉ង សាំងកុមារ បន្តថា ពលរដ្ឋដែលជ្រើសរើសលើការដាំដុះឈើប្រណីត គួរដាំជាប្រចាំ និងដាំឱ្យជាប់។ ទន្ទឹមនឹងកម្ពុជា ជួបវិបត្តិកូវីដ-១៩ លោក យ៉ង សាំងកុមារ អះអាងថា វាជាឱកាសដែលកម្ពុជា អាចវិនិយោគលើដំណាំឈើប្រណីត៕ 
 

លោក យ៉ង សាំងកុមារ ស្ថិតនៅកន្លែងបណ្ដុះកូនឈើប្រណីត

លោក យ៉ង សាំងកុមារ ស្ថិតនៅកន្លែងបណ្ដុះកូនឈើប្រណីត


Tag:
 កសិកម្ម
  ឈើប្រណីត
© រក្សាសិទ្ធិដោយ thmeythmey.com