COVID-19
ជាតិ
សៀមរាប មានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta សរុប១៦៣ករណី
25, Aug 2021 , 6:29 pm        
រូបភាព
រូបថត៖ វិទ្យស្ថានប៉ាស្ទ័រកម្ពុជា
រូបថត៖ វិទ្យស្ថានប៉ាស្ទ័រកម្ពុជា
គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ ខេត្តសៀមរាបមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន១៦៣ករណី ក្នុងនោះស្រីមានចំនួន៩៨នាក់។ ​បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ សីហានេះ។

 
ខេត្តសៀមរាប ស្ថិតក្នុងចំណោមរាជធានី-ខេត្ត ចំនួន២៣ នៅកម្ពុជា ដែលកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតដោយមេរោគបំប្លែងថ្មី ដែលឆ្លងលឿន និងកាន់តែកាចសាហាវ Deltaនេះ។ គ្រាន់តែចាប់តាំងពីដើមខែសីហា មកទល់នឹងថ្ងៃទី២៤ សីហានេះ មានករណីកូវីដ-១៩ប្រភេទDelta ចំនួន ៩៦ករណី ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប។ នេះបើតាមលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ហើយដែលត្រូវបានក្រសួងសុខាភិបាលផ្សព្វផ្សាយជាហូរហែមក។
 
​ករណីដែលតា ត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈករណីឆ្លងថ្មីនៅក្នុងខេត្តទេសចរណ៍មួយនេះ ហាក់មិនថយសោះ។ បើយោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ខេត្តនេះ បន្តរកឃើញមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៧នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ចំនួនចំនួន ៧.២៧៦ករណី។ 
 
ក្នុងចំណោមអ្នកដែលទើបរកឃើញនេះ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី ផ្សារពួក ផ្សារកំពង់ឃ្លាំង និងផ្សារចារឈូក រួមទាំងលើអ្នកដំណើរពីខេត្តកំពង់ធំ ​ឧត្ដរមានជ័យ និង​ព្រះវិហារផងដែរ។ ករណីឆ្លងជិត២០ករណីផ្សេងទៀត មិនទាន់កំណត់ប្រភពចម្លងច្បាស់​នៅឡើយ​។ នេះបើតាមរដ្ឋបាលខេត្តសៀបរាប ដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃអង្គារ ក៏មានអ្នកជំងឺ ៣៣៦នាក់ បានជាសះស្បើយ និងមានអ្នកជំងឺម្នាក់បានស្លាប់ផងដែរ។  
 
បច្ចុប្បន្ន អ្នកស្លាប់ដោយសារកូវីដ-១៩ សរុបនៅខេត្តសៀមរាប មានចំនួន​៧៦នាក់ រីឯអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់៩១០នាក់ទៀត គិតត្រឹមថ្ងៃទី២៤ សីហា។
សូមជម្រាបដែរថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ ជាង៩ម៉ឺនករណីហើយ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះ ១.៣២៥ករណី ជាអ្នកឆ្លងកូវីដប្រភេទថ្មីដែលតា។ អ្នកស្លាប់សរុបមានចំនួន ១.៨៣៥នាក់៕
 
 
 

Tag:
 សៀមរាប
  Delta
 ដែលតា
© រក្សាសិទ្ធិដោយ thmeythmey.com