ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាម អ៊ីន៖«បក្សប្រជាជន បាត់សារជាតិកុម្មុយនីស្តហើយ»
25, Aug 2021 , 6:21 pm        
រូបភាព
លោក សាម អ៊ីន និយាយក្នុងវីដេអូមួយអំពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយបង្ហោះលើ Youtube កាលពីចុងឆ្នាំ២០២០
លោក សាម អ៊ីន និយាយក្នុងវីដេអូមួយអំពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយបង្ហោះលើ Youtube កាលពីចុងឆ្នាំ២០២០
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានបង្ហាញការយល់ឃើញរ​បស់លោក ទៅលើមនោគមវិទ្យានយោបាយរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងដឹកនាំរដ្ឋាភិបាល។ អ្នកខ្លះ អាចនឹងយល់ថា គណបក្សប្រជាជនកម្ពុជា មានចរិតលក្ខណៈបែបកុម្មុយនីស្ត តែមន្រ្តីគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ មើលឃើញផ្ទុយទៅវិញ។



តាមរយៈសំណេរបង្ហោះចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក សាម អ៊ីន សរសេរថា៖«ពិតប្រាកដហើយ CPP មានប្រវត្តិកកើតដំបូងឡើងចេញពីគណបក្សកុម្មុយនីស្តឥណ្ឌូចិន ក៏បុន្តែ ខ្ញុំយល់ថា​ គណបក្សនេះ បានបាត់បង់សារជាតិកុម្មុយនីស្តហើយ»។

ហេតុអ្វីលោក សាម អ៊ីន ហ៊ានអះអាងថា គណបក្សប្រជាជនកម្ពុជា បាត់បង់សារជាតិកុម្មុយនីស្ត? លោក ផ្តល់ហេតុផលធំៗពីរយ៉ាង៖

ទីមួយ នយោបាយសេដ្ឋកិច្ចកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដែលផ្ទុយទាំងស្រុងពីសេដ្ឋកិច្ចផែនការ។ សេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបកុម្មុយនីស្តនិយម។ ទីពីរ ចំពោះនយោបាយសម្បទានដីសេដ្ឋកិច្ច គណបក្សប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំងដល់ឧកញ៉ានិងក្រុមហ៊ុនធំៗ ដែលដើរផ្ទុយទាំងស្រុងនឹងនយោបាយកុម្មុយនីស្តនិយម ដែលឲ្យតម្លៃលើភាពស្មើគ្នាក្នុងរឿងកម្មសិទ្ធិ និងការរក្សាទ្រព្យសម្បត្តិសាធារណៈ។

លោក ប្រាប់ថា លោក ខ្ញុំកំពុងឈ្វេងយល់ថា តើគណបក្សប្រជាជនប្រជាជនកម្ពុជា ប្រកាន់មនោគមវិទ្យាសេរីនិយម (Liberalism) ឬ អភិរក្សនិយម (Conservatism)? 

គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ការប្តូរឈ្មោះជាច្រើនលើក។ ឈ្មោះដំបូង គឺ បក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយត្រូវបានប្តូរមកជាបក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា និង គណបក្សប្រជាជនកម្ពុជា។ ឈ្មោះគណបក្សប្រជាជនកម្ពុជា គឺជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ។

សៀភៅមួយ មានចំណងជើងថា «អ្នកឃោសនា» បានសរសេរថា នៅខែកុម្ភៈ ឆ្នាំ១៩៣០ លោក ហូ ជីមិញ បានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិនឡើង។

បក្សកុម្មុយនីស្តឥណ្ឌូចិន តំណាងឲ្យប្រទេសជាប់របងជាមួយគ្នាទាំងបី គឺកម្ពុជា វៀតណាម និង ឡាវ។ ការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន គឺដើម្បីរួមកម្លាំងប្រទេសទាំងបី តទល់នឹងពួកអាណានិគមនាសម័យនោះ។

បើតាមសៀវភៅអ្នកឃោសនា នៅមេសា ឆ្នាំ១៩៥០ បក្សកុម្មុយនីស្តឥណ្ឌូចិន សម្រេចចាត់តាំងឲ្យមានបក្សបដិវត្តន៍ដោយឡែកនៅតាមប្រទេសនីមួយៗ ក្នុងចំណោមប្រទេសទាំងបី គឺកម្ពុជា វៀតណាម និង ឡាវ។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បក្សប្រជាជនបដិវត្តខ្មែរ ត្រូវបានបង្កើតឡើង ដោយមានលោក សឺង ង៉ុកមិញ (អាចារ្យ មៀន) ជាប្រធាន។

សៀវភៅអ្នកឃោសនា សរសេរថា៖«ទោះបីមានការបែងចែកបក្សជាបីតាមសភាពការណ៍រីកចម្រើនរបស់ប្រទេសនីមួយៗ ក៏បក្សទាំងបី នៅតែបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ដោយឡែក បក្សកុម្មុយនីស្តវៀតណាម ដែលជាបក្សមួយខ្លាំងក្លា ហើយរឹងមាំ បានបន្តកម្លាំងជួយពង្រឹងដល់បដិវត្តន៍កម្ពុជា និង បដិវត្តន៍ឡាវ»។

សៀវភៅអ្នកឃោសនាដដែល បញ្ជាក់ថា៖«បក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សប្រជាជនបដិវត្តន៍ឡាវ  និង បក្សកុម្មុនីស្តវៀតណាម មានប្រភពកំណើតតែមួយ គឺបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលមានមគ្គុទ្ទេសក៏រួម គឺលោកប្រធាន ហូ ជីមិញ»។

ដោយសារតែមានឯកសារ សរសេរថា គណបក្សប្រជាជនកម្ពុជា មានពន្លកដុះចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិនបែបនេះហើយ ទើបបានជាប្រជាជនកម្ពុជាខ្លះ ពិសេសអ្នកប្រឆាំង យល់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមេដឹកនាំវៀតណាម ហើយរឿងរ៉ាវត្រង់កន្លែងនេះ តែងតែត្រូវអ្នកប្រឆាំង លើកមកនិយាយជារឿយៗ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា។

មិនត្រឹមតែគណបក្សប្រជាជនកម្ពុជាទេ បុគ្គលិកលក្ខណៈរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចនេះ ក៏ត្រូវលោក សាម អ៊ីន លើកឡើងដែរ។ លោក សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖«ខ្ញុំ សង្កេតនិងយល់ឃើញថា លោក [នាយករដ្ឋមន្រ្តី ហ៊ុន សែន] ជាអ្នកប្រាកដនិយម បានន័យថា នៅពេលមានស្ថានការណ៍ណាមួយកើតឡើង គាត់តែងប្រតិកម្ម ឬឆ្លើយតបជាមួយស្ថានភាពជាក់ស្តែង តាមបទពិសោធន៍ផ្ទាល់ខ្លួននិងបញ្ញាវាងវៃរបស់គាត់ ដោយមិនប្រកាន់យក ឬឈរលើគោលការណ៍នៃមនោគមវិទ្យាណាមួយឡើយ។ ប្រសិនបើខ្ញុំយល់ខុស សូមជួយកែតម្រូវផង»។

និយាយពីគណបក្សកាន់អំណាចរួចហើយ លោក ក៏បានងាកមកនិយាយពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោកវិញម្តង។ លោក រំលេចឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាន់មនោគមវិទ្យាកណ្តាលងាកឆ្វេង (Centre-Left or Social Liberalism)។ លោក ពន្យល់ថា រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងលូកដៃមួយចំនួន ដើម្បីធានាសមធម៌សង្គម ឲ្យបានល្អសមរម្យមួយ ជាពិសេសលូកដៃរឿងនយោបាយពន្ធដារ។

លោក បន្ថែមថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ នឹងដំឡើងពន្ធឲ្យច្រើនបន្តិចសម្រាប់អ្នកមាន ដើម្បីយកទៅលើកស្ទួយវិស័យអប់រំ ដែលអាចផ្តល់ឱកាសដល់កូនអ្នកក្រ ចូលរៀនសាលាល្អដែរ ហើយអ្នកក្រ អាចទទួលបានការព្យាបាលជំងឺសមរម្យ តាមរយៈការបង្កើតប្រព័ន្ធធានារ៉ាប់រងសុខភាពជាសាកល។ បុន្តែ លោក បញ្ជាក់ថា ជាអ្នកសេរីនិយម គណបក្សប្រជាធិបតេយ្យ ប្រកាន់ខ្ជាប់គោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី សេរីភាពសហគ្រិន ពាណិជ្ជកម្មសេរី និង គោរពសិទ្ធិពលរដ្ឋ ជាពិសេសសិទ្ធិបញ្ចេញមតិ។

តាមពិត សំណេររបស់លោក សាម អ៊ីន ខាងលើ ដែលនិយាយអំពីទស្សនៈរបស់លោក ចំពោះគណបក្សប្រជាជនកម្ពុជា គឺលោក ធ្លាប់បានបង្ហោះម្តងរួចមកហើយ កាលពីខែសីហា ឆ្នាំ២០២០។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក។ គណបក្សនេះ ក៏បានឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ដែរ តែពុំទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ ដោយសារអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវគេចាត់ទុកជាគណកប្សប្រឆាំងធំជាងគេនៅកម្ពុជា គណបក្សប្រជាជនកម្ពុជា ក៏បានទទួលអាសនៈទាំងអស់នៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយកាលពីចុងឆ្នាំ២០១៧៕

Tag:
 សាម អ៊ីន
  CPP
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com