ជាតិ
សុខភាព
ពលរដ្ឋក្មេងចាស់ នៅកម្ពុជា ជាង១០លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
26, Aug 2021 , 11:12 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានចាក់វ៉ាក់ដល់ពលរដ្ឋ ១០,០៧១,៤៦១នាក់ហើយ ដែលស្មើនឹងជិត៦៣ភាគរយនៃចំនួនប្រជាជនសរុប ត្រឹមថ្ងៃទី២៥ ខែសីហា។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ទៀតថា អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ទាំង២ដូសមានជាង៨.១លាននាក់។

 
បើតាមរបាយការណ៍ដដែល ក្នុងចំណោមពលរដ្ឋទាំងជាង១០លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះ មានពលរដ្ឋអាយុ១៨ឆ្នាំឡើង ជាង៨.៨៣លាននាក់ ឬ៨៨.៣៥ភាគរយនៃផែនការ ហើយនឹងកុមារ-យុវវ័យ ជាង១,២៣លាននាក់ ដែលស្មើនឹងជិត៦២ភាគរយនៃផែនការសរុបជិត២លាននាក់។
 
ទន្ទឹមនឹងកំណើនអ្នកចាក់វ៉ាក់សាំងមូលដ្ឋានជិតគ្រប់ផែនការនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដែរ ខណៈកម្ពុជាក៏កំពុងប្រឈមនឹងការរាតត្បាតនៃកូវីដ-១៩ បំប្លែងថ្មីប្រភេទ Deltaនោះ។ យុទ្ធនាការនេះចាប់ផ្តើមតាំងពីដើមខែសីហាមក ដោយផ្តោតលើក្រុមគ្រូពេទ្យ និងមន្ត្រីរាជការជួរមុខ និងក្រុមមនុស្សវ័យចាស់ដែលមានហានិភ័យខ្ពស់។ មកទល់ពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣ មានជិត ៥៥ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដដែល។
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងជិត២៥លានដូសហើយ ដោយគិតទាំងវ៉ាក់សាំងដែលបញ្ជាទិញ ជំនួយ យន្តការទ្វេភាគី និងកូវ៉ាក់។ ក្នុងចំណោមវ៉ាក់សាំងជិត២៥លានដូស បរិមាណស៊ីណូហ្វាមឡើងដល់ ៦,៧លានដូស, Sinovac មានជាង១៤,៥លានដូស ។ ក្រៅពីនេះ អាមេរិកក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជាចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស៕
 

Tag:
 កូវីដ-១៩
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com