ជាតិ
សង្គមជាតិ
មន្រ្តី៖ មានតែបញ្ជូនអ្នកជំនាញយើង ទៅមើលផ្ទាល់ទេ ទើបដឹងច្បាស់ថា ថៃ ចម្លងតាមអង្គរវត្តឬអត់
26, Aug 2021 , 1:20 pm        
រូបភាព
សំណង់ ដែលមើលទៅដូចនឹងប្រាសាទអង្គរវត្ត ត្រូវសង់ឡើងក្នុងបរិវេណវត្តមួយ នៃខេត្តបុរីរម្យ ប្រទេសថៃ
សំណង់ ដែលមើលទៅដូចនឹងប្រាសាទអង្គរវត្ត ត្រូវសង់ឡើងក្នុងបរិវេណវត្តមួយ នៃខេត្តបុរីរម្យ ប្រទេសថៃ
ក្រសួងវប្បធម៌កម្ពុជា មានបំណងបញ្ជូនអ្នកជំនាញ ចុះទៅពិនិត្យផ្ទាល់នៅការដ្ឋាន ដែលសង់សំណង់ដូចនឹងប្រាសាទអង្គរវត្ត ក្នុងបរិវេណវត្តមួយ នៃខេត្តបុរីរម្យ ប្រទេសថៃ។ តែដោយសារការរាលជំងឺកូវីដ-១៩ ទើបធ្វើឲ្យអ្នកជំនាញកម្ពុជា មិនទាន់អាចបំពេញបេសកកម្មនេះបាន។



លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសផ្នែកវប្បធម៌នៃក្រសួងវប្បធម៌ រម្លឹកថា តាមពិត បំណងនៃការបញ្ជូនអ្នកជំនាញចុះទៅពិនិត្យនៅការដ្ឋាន ដែលសង់សំណង់ដូចអង្គរវត្ត នៅប្រទេសថៃ មិនមែនទើបតែប្រកាសនាពេលនេះទេ គឺក្រសួងវប្បធម៌ ធ្លាប់បានប្រកាសម្តងរួចមកហើយនាពេលកន្លងមក។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក ហាប់ ទូច ថ្លែងថា ការបញ្ជូនអ្នកជំនាញ ដូចជា ស្ថាបត្យករ និងអ្នកបុរាណវិទ្យា ជាអាទិ៍ ចុះទៅពិនិត្យផ្ទាល់គឺជាមធ្យោបាយចាំបាច់បំផុត ដើម្បីដឹងថា ភាគីថៃ សង់សំណង់នោះ តាមរចនាបថអ្វី។ លោក បន្តថា លុះត្រាអ្នកជំនាញ ទើបអាចមានសមត្ថភាពិនិត្យមើលប្លង់ និងចម្លាក់ ជាដើម នៃសំណង់ ដែលថៃសង់នោះ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌រូបនេះ មានប្រសាសន៍ថា៖«មានតែអ្នកជំនាញទេ ទើបដឹងថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ មានតែចុះទៅផ្ទាល់ទេ អាហ្នឹងបានប្រាកដ»។

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានជួបពិភាក្សាផ្ទាល់មុខជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អំពីការសំណង់ ដូចអង្គរវត្ត ក្នុងទឹកដីថៃ។ ក្នុងជំនួបនោះ អ្នកស្រីរដ្ឋមន្រ្តី ស្នើឲ្យភាគីថៃ ជួយផ្តល់ឯកសារផ្លូវការ ដើម្បីភាគីកម្ពុជា យកមកពិនិត្យមើល ថាតើសំណង់នោះ ពិតជាមិនយកតាមរចនាបថអង្គរវត្ត ដូចភាគីថៃ បកស្រាយដែរឬទេ។ ឯកអគ្គរាជទូតថៃ សន្យាថា នឹងឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជា។

លោក ហាប់ ទូច ប្រាប់ថា មកដល់ពេលនេះ លោក មិនទាន់ទទួលបានព័ត៌មាននោះទេថា ស្ថានទូតថៃ បានឆ្លើយតបទៅក្រសួងវប្បធម៌ ឬមិនទាន់បានឆ្លើយតប។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរ មានការភ្ញាក់ផ្ញើលខ្លាំង ពេលឃើញរូបភាពលើបណ្តាញសង្គម បង្ហាញពីសំណង់ថ្មថ្មី ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្ថិតក្នុងដំណើរការសាងសង់ ដោយចម្លងតាមរចនាបថអង្គរវត្ត។ ឯកអគ្គរាជស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានចុះទៅពិនិត្យផ្ទាល់។

ព្រះគ្រូចៅអធិការវត្តនោះ បានបង្ហាញឯកសារ និងបកស្រាយប្រាប់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចុះទៅពិនិត្យផ្ទាល់ដល់កន្លែងសាងសង់ប្រាសាទថា ប្រាសាទថ្មដែលសាងសង់ក្នុងវត្តថៃនោះ មិនមែនលួចចម្លងតាមរចនាបថអង្គរវត្តឡើយ តែសាងសង់ឡើងតាមគំនូសប្លង់ដោយខ្លួនឯង រួមទាំងរចនាទៅតាមប្រាសាទនានាក្នុងទឹកដីថៃ។

លោក ហាប់ ទូច យល់ថា ការបកស្រាយពីព្រះគ្រូចៅអធិការវត្តឬពីការដ្ឋាននោះ គឺមិនគ្រប់គ្រាន់ មិនច្បាស់លាស់ និង មិនអាចយកជាការបានឡើយ។ ម្យ៉ាងទៀត លោក យល់ថា មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏មិនមានជំនាញផ្នែកស្ថាបត្យកម្មដែរ ដូច្នេះ មិនអាចពិនិត្យដឹងច្បាស់ឡើយពីសំណង់នោះ។ លោក នៅតែចាត់ទុកការបញ្ជូនអ្នកជំនាញពីកម្ពុជាទៅពិនិត្យផ្ទាល់ គឺជាធម្យោបាយសំខាន់ ហើយបន្ទាប់មក ត្រូវប្រកាសព័ត៌មានជាផ្លូវការពីការចុះទៅពិនិត្យរបស់អ្នកជំនាញនោះ ដើម្បីឲ្យប្រជាជនកម្ពុជា យល់ច្បាស់ និងស្ងប់ចិត្ត។

លោក ផ្តល់ព័ត៌មានមានថា កន្លងមក ក្រសួងវប្បធម៌ ចង់បញ្ជូនអ្នកជំនាញទៅកាន់ការដ្ឋាននោះ នៅប្រទេសថៃ តាមច្រកព្រំដែនខេត្តឧត្តរមានជ័យ ឬខេត្តបន្ទាយមានជ័យ តែមិនអាចបញ្ជូនទៅបាន ដោយសារការរាលដាលជំងឺកូវីដ-១៩។ លោក បន្ថែមថា បើបញ្ជូនទៅ អ្នកជំនាញទាំងនោះ នឹងត្រូវភាគីថៃ យកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ចំពោះពេលវេលាជាក់លាក់ ដែលក្រសួងវប្បធម៌ អាចបញ្ជូនអ្នកជំនាញទៅបាននោះ លោក មិនទាន់អាចដឹងទេ ដោយលោក បញ្ជាក់ថា ត្រូវរង់ចាំមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលសិន។

លោក អះអាងថា៖«ក្រសួងវប្បធម៌ មិនភ្លេចទេ នៅតែធ្វើការងារហ្នឹងជាប់»។

កាលពីចុងខែឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរ ធ្លាប់ភ្ញាក់ផ្អើលនឹងថៃម្តងរួចមកហើយ ដោយមានសណ្ឋាគារមួយនៅប្រទេសថៃ បានសង់ឡើងដោយមានកំពូលដូចកំពូលប្រាសាទអង្គរវត្ត និងមានកំពូលជាព្រហ្មមុខបួន ដែលព្រហ្មមុខបួន តំណាងប្រាសាទបាយ័នរបស់ខ្មែរ។ ថ្វីបើសណ្ឋាគារនោះ បានសូមទោសកម្ពុជា ចំពោះការសាងសង់សណ្ឋាគារតាមរចនាបថប្រាសាទខ្មែរ តែសណ្ឋាគារនោះ នៅរក្សាទុករចនាបថប្រាសាទខ្មែរដដែល។

នៅប្រទេសឥណ្ឌា ក៏ធ្លាប់លេចឡើងនូវសំណង់ ដែលដូចអង្គរវត្តដែរ។ កាលពីឆ្នាំ២០១២ សំណង់ថ្មីមួយ ដូចប្រាសាទអង្គរវត្ត ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ បានលេចឡើងនៅប្រទេសឥណ្ឌា។ តែដល់ឆ្នាំ២០១៥ ឥណ្ឌា បានសម្រេចផ្អាកដំណើរការសាងសង់សំណង់នោះវិញ បន្ទាប់ពីកម្ពុជា បង្ហាញបំណងមិនចង់ឲ្យឥណ្ឌា សាងសង់សំណង់ ដែលដូចនឹងប្រាសាទអង្គរវត្ត។

ពេលនិយាយដល់សម័យអង្គរ និងប្រាសាទអង្គរវត្ត គេ ត្រូវនឹកដល់អធិគុណនៃព្រះមហាវីរក្សត្រពីរអង្គ គឺព្រះបាទសូរ្យវរ័្មនទី២ និង ព្រះបាទជយវរ័្មនទី៧។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ថាបនិកប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមកសាងឡើយនៅឆ្នាំ១១០០ជាង ហើយព្រះបាទជយវរ្ម័នទី៧ ជាអ្នកធ្វើឲ្យសម័យអង្គរ រុងរឿងដល់កំពូល៕

Tag:
 វប្បធម៌
  អង្គរវត្ត
  ហាប់ ទូច
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com