ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បុរសម្នាក់ បង្ហោះហ្វេសប៊ុកថា «បេះមៀនហើយ អាជ្ញាធរមិនទៅទិញ» ត្រូវជាប់ពន្ធនាគារ១០ខែ
26, Aug 2021 , 5:32 pm        
រូបភាព
បុរសម្នាក់ឈ្មោះ ងួន លី ជាកសិករនៅខេត្តបាត់ដំបង បានបង្ហោះវីដេអូខ្លីលើគណនីហ្វេសប៊ុក ដោយនិយាយថា អាជ្ញាធរ ទៅប្រាប់កសិករឲ្យបេះមៀនប៉ៃលិនឬតាង៉ែនទុក ហើយអាជ្ញាធរ នឹងចុះទៅប្រមូលទិញ តែដល់ពេលកសិករ រួមទាំងរូបលោកផង បានបេះមៀនប៉ៃលិនទុកហើយ បែរជាមិនឃើញអាជ្ញាធរចុះទៅប្រមូលទិញទៅវិញ។ សម្តីនេះ បានធ្វើឲ្យលោក ជាប់ពន្ធនាគាររយៈពេល១០ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។



លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកការពារសិទិ្ធមនុស្សនៃអង្គការលីកាដូ ប្រាប់ថា លោក បានទទួលព័ត៌មានពីសហការីរបស់លោកប្រចាំនៅខេត្តបាត់ដំបងថា លោក ងួន លី ត្រូវបានតុលាការខេត្តបាត់ដំបង បើកសវនាការជំនុំជម្រះ និងប្រកាសកាលសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល១០ខែ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ចំពោះការពិន័យប្រាក់ប៉ុន្មាននោះ លោក មិនទាន់ទទួលបានព័ត៌មាននោះទេ។

តុលាការខេត្តបាត់ដំបង ប្រើពេលតែ៤-៥ថ្ងៃប៉ុណ្ណោះ ក្នុងការបញ្ចប់សំណុំរឿងរបស់បុរសឈ្មោះ ងួន លី ដោយនៅថ្ងៃទី២១ ខែសីហា បុរសនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ ហើយក្រោយបញ្ជូនទៅដល់តុលាការ តុលាការ ក៏សម្រេចកាត់ទោសនៅថ្ងៃទី២៥ ខែសីហា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៦ ខែសីហា លោក អំ សំអាត លើកឡើងថា តុលាការខេត្តបាត់ដំបង ហាក់ប្រើនីតិវិធីលឿន ក្នុងការកាត់ក្តីបុរសឈ្មោះ ងូន លី។ លោក យល់ថា តុលាការ គួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន មុនឈានដល់ការកាត់ក្តី ដើម្បីចៀសវាងការរិះគន់។ លោក បន្តថា អ្វីដែលបុរសនោះ និយាយគ្រាន់តែជាការបង្ហាញក្តីកង្វល់របស់ខ្លួនជាកសិករ ដែលមិនទាន់ឃើញអាជ្ញាធរចុះទៅប្រមូលទិញមៀន។

មន្រ្តីសង្គមស៊ីវិលរូបនេះ មានប្រសាសន៍ថា៖«គាត់ គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ មិនមែនជាបទល្មើសទេ»។

លោក ងួន លី បាននិយាយក្នុងវីដេអូ ដែលបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Accou Nt កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ថា៖«កាលពីមុន ថា សម្តេច [ហ៊ុន សែន] គាត់ជួយទិញ ឲ្យខាងស្រុក ខាងភូមិ គាត់ចុះមក [សួរ] ថា យើង មាន [មៀន] ប៉ុន្មានតោន ឲ្យប្រជាពលរដ្ឋ កាច់អ៊ីចឹងទៅ ហើយពីមុនថា ឲ្យដាក់ថង់ គេ យកទៅហើយ។ ឥឡូវ ថាដាក់ថង់ គេ អត់យកទេ គេឲ្យដាក់ឡាំងវិញ។ ឥឡូវដាក់ឡាំងហើយ គេ តេមកថា ដាក់ឡាំង ក៏គេ អត់យកដែរ។ អត់ទិញ ហើយឲ្យពួកគាត់ កាច់ធ្វើអី មើលមៀន នៅពេញណាពេញណីទាំងអស់។ បើថាជ្រុលជាមិនទិញហើយ កុំឲ្យគាត់កាច់ អស់លុយថ្លៃកម្មករ។ គ្រាន់តែថ្លៃកម្មករ និងឡានដឹកទៅវិញទៅមក អស់លុយមួយគំនរ»។



ប៉ុន្តែ នៅថ្ងៃទី ២៣ ខែសីហា បុរសឈ្មោះ ងួន លី បានបង្ហោះសារលើគណនីហ្វេសប៊ុកថា មៀនរបស់ខ្លួន ត្រូវបានទិញហើយ។ បុរសនេះ សរសេរថា៖«ជម្រាបសួរបងប្អូន ពូមីង អរគុណ សម្ដេចពុក ដែលបានជួយទិញ [មៀន] របស់ខ្ញុំ និងរបស់កសិករទាំងអស់គ្នា»។ 

ក្រោយមៀនប៉ៃលិនរបស់ប្រជាកសិករ មិនអាចនាំចេញទៅថៃបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ១៨ ខែសីហា បានបញ្ជាមន្រ្តីឲ្យចុះទៅទិញមៀនរបស់ប្រជាកសិករ។ សម្តេច បានសរសេរលើទំព័រហ្វេសប៊ុកថា៖«ខ្ញុំ អាចបញ្ចាំផ្ទះយកលុយទៅទិញ [មៀន] ពីកសិករ ដែលកំពុងជួបការលំបាក តែខ្ញុំ ពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចម្ការមៀនច្រើននោះទេ សុំការយោគយល់ផង»៕

© រក្សាសិទ្ធិដោយ thmeythmey.com