ជាតិ
ម្ចាស់​អាជីវកម្ម​​ទេសចរណ៍ ស្នើ​រដ្ឋ​ផ្ដល់​កម្ចី ដើម្បី​ពង្រឹង​សេវាកម្ម​ឡើងវិញ​
27, Aug 2021 , 3:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាង​១​ឆ្នាំ​មកហើយ កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។ អាជីវករ​មួយចំនួន ​អាច​ទប់ទល់​នឹង​ការ​ខាត​បាន ខណៈ​អាជីវករ​មួយចំនួនទៀត​ត្រូវ​បញ្ឈប់​បុគ្គលិក និង​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​តែម្ដង​។ អាជីវករ​ និង​អ្នកជំនាញ​ទេសចរ ​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្ដល់​កម្ចី​ ដល់​អ្នក​ប្រកប​របរ​ក្នុង​វិស័យនេះ​ ដើម្បី​ស្ដារ​ផលប៉ះពាល់​ និងពង្រឹង​ផលិតផល​ទេសចរណ៍​ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​។

 
​ការអូសបន្លាយ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាង​១​ឆ្នាំ​មកនេះ​បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​ប្រមាណ ៤​ពាន់​ទីតាំង​ត្រូវបាន​បិទ និង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ព្រោះ​មិនអាច​ប្រឈម​លើ​ការចំណាយ​ថែទាំ​ផលិតផល​ទេសចរណ៍ ព្រមទាំង​ការចំណាយ​លើ​បុគ្គលិក​។ ចំណែក​អាជីវកម្ម​មួយចំនួនទៀត​នៅ​បន្ត​បើក​ដំណើរការ​ទទួលភ្ញៀវ ទោះបី​ចំណូល មិន​សមស្រប​ជាមួយ​ការចំណាយ​ក្ដី​។ អាជីវករ​មួយចំនួន​បាន​ត្អួ​ញ​ត្អែ ពី​ការបង់ប្រាក់​ទៅ​ធនាគារឯកជន​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ​ម្ចាស់​រមណីយដ្ឋាន និង អាហា​រដ្ឋា​ន​មួយចំនួន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​កម្ចី​ដល់​ពួកគាត់​ដើម្បី​ទ្រទ្រង់​ការចំណាយ​លើ​ផលិតផល​ទេសចរណ៍​របស់​ពួកគេ​។
​ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ​


លោក ឌុក ដេត ម្ចាស់អាហារដ្ឋានសួនមេអំបៅ ក្នុងខេត្តសៀមរាប
 
​លោក ឌុ​ក ដេ​ត ម្ចាស់​អាហា​រដ្ឋា​ន​សួន​មេអំបៅ ក្នុង​ខេត្តសៀមរាប បាន​ផ្អាក​ទទួល​ភ្ញៀវទេសចរ​ចូល​អាហារ​ដ្ឋា​ន​របស់លោក​ និង​ប្ដូរ​មក​លក់​ជា​លក្ខណៈ​វិច​ខ្ចប់​វិញ ។ ការប្ដូរ​មក​លក់​អាហារ​ជា​លក្ខណៈ​វិច​ខ្ចប់ របស់លោក​ ឌុ​ក ដេ​ត មិនសូវ​ដាច់​ដូច​មុន​ទេ​។ ការលក់​មិនសូវ​ដាច់ ព្រមទាំង​ត្រូវ​ចំណាយ​លើ​បុគ្គលិក​ និង​ការថែទាំ​អាហា​រដ្ឋា​ន បានធ្វើឱ្យ​អាជីវករ​រូបនេះ ត្រូវ​ខាត​លើ​ការចំណាយ​ប្រមាណ​ ២០០០​ដុល្លារ​ក្នុង​មួយខែ​។ ការ​ខាត​ប្រាក់​ស្ទើរ​រាល់​ខែ​នេះ​បានធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់លោក ឌុ​ក ដេ​ត ប៉ះពាល់​យ៉ាងខ្លាំង​ រហូត​ធ្វើឱ្យ​លោក​កាត់បន្ថយ​បុគ្គលិក​ពាក់កណ្ដាល​។
 
បញ្ហា​នេះ លោក ឌុ​ក ដេ​ត​ ចង់ឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្ដល់​កម្ចី​ សម្រាប់​ការ​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ​។ «បើសិន​រដ្ឋាភិបាល​ផ្ដល់ប្រាក់​កម្ចី​ដល់​អាជីវករ​ក្នុង​វិស័យ​ទេសចរណ៍​ ដូច​កសិករ​ក្នុង​វិស័យ​កសិកម្ម វា​ជា​រឿង​ល្អ​បំផុត ព្រោះ​អាចឱ្យ​យើង​យកប្រាក់​កម្ចី​ទាំង​នោះមក​ស្រោចស្រង់​អាជីវកម្ម​ឡើងវិញ​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ម្ចាស់​អាហា​រដ្ឋា​ន​សួន​មេអំបៅ​។
ចំណែក លោកស្រី ឡៅ រី​ន​ បាន​បើក​រមណីយដ្ឋាន​ចម្ការ​ស្វាយ​រយៈពេល ៤​ឆ្នាំ​ហើយ​។ កាល​បើក​ដំណើរការ​ដំបូង​ រមណីយដ្ឋាន​លោកស្រី​មានការ​គាំទ្រ​ខ្លាំង ពី​សំណាក់​ភ្ញៀវ​ក្នុង​ខេត្ត និង​ខេត្ត​ផ្សេងៗ​ទៀតៗ​។​ ប៉ុន្តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍​២០​កុម្ភៈ​ បានធ្វើឱ្យ​រមណីយដ្ឋាន​លោកស្រី​ប្រែ​ស្ងាត់​ភ្ញៀវទេសចរ​។ ចំណូល​ពី​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ ប៉ុន្តែ​ការចំណាយ​លើ​ការអភិវឌ្ឍ​កន្លែង​កម្សាន្ត និង​ត្រូវ​ចំណាយ​លើ​បុគ្គលិក​គឺ​នៅ​ដដែល​។​ ការ​ខាត​រាល់​ខែ​នេះ បានធ្វើឱ្យ​លោកស្រី ឡៅ រី​ន រំពឹងថា​រដ្ឋាភិបាល​នឹង​ពិចារណា​ផ្ដល់​ប្រាក់កម្ចី​សម្រាប់​ លោកស្រី​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន​។​


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
លោកស្រី​រៀបរាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា​៖ «យើង​យកប្រាក់​ចំណូល​ពី​ចម្ការ​មក​ផ្គត់ផ្គង់​លើ​រមណីយដ្ឋាន​ អ៊ីចឹង​សេដ្ឋកិច្ច​គឺ​ប៉ះពាល់​ខ្លាំង​។ ម្យ៉ាង​ពេល​បើក​រមណី​ដ្ឋា​ន យើង​មិនមាន​លុយ​ទាំងស្រុង​ទេ​ គឺ​ខ្ចី​ពី​ធនាគារ​។ បើសិន​រដ្ឋ​ផ្ដល់ប្រាក់​កម្ចី​ការប្រាក់​ទាប​ខ្ញុំ​សប្បាយចិត្ត​ ហើយ​ចង់បាន​កម្ចី​នោះ ប៉ុន្តែ​បើ​ការប្រាក់​ខ្ពស់​គឺ​អត់​ចង់​បានទេ»។ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ តែង​សាទរ​នៅពេល​រដ្ឋាភិបាល ​មាន​ផែនការ​បើកទទួល​ទេសចរ និង​ជំរុញ​ទេសចរ​ក្នុងស្រុក ប៉ុន្តែ​ការចំណាយ​លើ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ ក៏​នៅតែ​ជា​កង្វល់​មួយ​ដ៏​ធំ​សម្រាប់​ពួកគាត់​ផងដែរ​។ ហេតុនេះ​អ្នករក​ស៊ីក្នុង​វិស័យនេះ ចង់ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កម្ចី​ឱ្យ​ពួកគេ​ ដូចនឹង​ការផ្ដល់​កម្ចី​ដល់​កសិករ និងម្ចាស់​អាជីវកម្ម​ខ្នាតតូច​( SME) ផងដែរ​។​
ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ទេសចរណ៍​ លោកស្រី ឆាយ ស៊ីវ​លីន យល់ថា រដ្ឋ​គួរ​មាន​វិធានការ​បន្ទាន់​ណាមួយ​ ដើម្បី​ជួយ​អាជីវករ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​កុំឱ្យ​កម្ពុជា​ខ្វះខាត​ផលិតផល​ទេសចរណ៍​ថ្មី​ សម្រាប់​ប្រកួតប្រជែង​ ទីផ្សារ​ទេសចរណ៍​ជាមួយ​ប្រទេសជិតខាង​។ លោកស្រី​លើកឡើងថា​ រដ្ឋាភិបាល​គួរ​មាន​គោល​ការផ្ដល់​ប្រាក់កម្ចី​សមស្រប​ណាមួយ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ ព្រោះ​ពួកគេ​មួយចំនួន​មិនមាន​លទ្ធភាព​ខ្ចីប្រាក់ និង​បង់​សង​ត្រឡប់​ទៅវិញ​ ចំពោះ​ធនាគារឯកជន​នោះទេ​។ « យើង​ចង់បាន​អាជីវករ​ដែល​បង្កើត​ផលិតផល​ និង​សេវាកម្ម​នៅ​តំបន់​ទេសចរណ៍​មកវិញ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ ដូច្នេះ​រដ្ឋ​គួរ​ពិចារណា​ផ្ដល់​កម្ចី​ដល់​ពួកគាត់​។ អ្នករកស៊ី​តូចតាច​គាត់​មិនមាន​លទ្ធភាព​ទៅ​ខ្ចីប្រាក់​ពី​ធនាគារឯកជន​ទេ​ មានតែ​រដ្ឋ​ទេ ដែល​អាច​ចេញមុខ​ជួយ​ពួកគាត់​បាន​។ ការផ្ដល់​កម្ចី​នេះ​គួរតែមាន​លក្ខខណ្ឌ​ងាយស្រួល​ ដោយ​មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ​ច្រើន និង​ឯកសារ​ស្មុគស្មាញ​ពេក ដើម្បី​សម្រួល​ដល់​ពួកគាត់ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឆាយ ស៊ីវ​លីន​។
គួរបញ្ជាក់​ផងដែរ​ថា​ កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​៥០​លាន​ដុល្លារ​ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម SME ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​។​ ក្នុង​កញ្ចប់​ថវិកា​នេះ សម្រាប់​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​យកទៅ​វិនិយោគ​ គឺអាច​ខ្ចី​បាន​រយៈពេល​២​ឆ្នាំ និង​ខ្ចី​សម្រាប់​យកទៅ​ធ្វើជា​ទុន​បង្វិល​ គឺមាន​រយៈ​រហូតដល់​៧​ឆ្នាំ​៕


រមណីយដ្ឋានចំការស្វាយ


© រក្សាសិទ្ធិដោយ thmeythmey.com