ជាតិ
៦ខែ កម្ពុជា បានជួយស្ត្រីរងគ្រោះនៅចិន បាន២៣១នាក់
27, Aug 2021 , 5:03 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងការបរទេស​ និងសហប្រតិបត្តិការ តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានជួយស្ត្រីខ្មែររងគ្រោះនៅចិន បាន២៣១នាក់ នៅរយៈពេល៦ខែ ឆ្នាំ២០២១នេះ។



អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានបញ្ជាក់ថា ស្ត្រីខ្មែររងគ្រោះទាំងនោះ ភាគច្រើនចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបុរសចិន។ «ភាគច្រើននៅពេលការរស់នៅ(ចិន)ទីនោះ មិនសូវបានសេចក្តីសុខដូចការរំពឹងទុកដូចមេខ្យល់និយាយបោកប្រាស់ហ្នឹង ពួកគាត់(ស្រ្តីខ្មែរ)ទាំងនោះ ក៏ទាក់ទងមកស្ថានតំណាងកម្ពុជានៅទីនោះជួយគាត់ឱ្យត្រឡប់មកវិញ»។ នេះបើតាមលោក កុយ គួង។
 
បើតាមអ្នកនាំពាក្យរូបនេះ ខាងអាជ្ញាធរកម្ពុជា និងចិន ព្យាយាមទប់ស្កាត់លើករណីឆបោករៀបការជាមួយជនជាតិចិនដែរ ប៉ុន្តែនៅតែស្កាត់មិនជាប់ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កុយ គួង បានបញ្ជាក់ដូច្នេះ៖«ប្រជាជនយើងមួយចំនួន នៅតែចាញ់បោកមេខ្យល់ ដោយមានអ្នកខ្លះ ឆ្លងកាត់ទៅតាមប្រទេសវៀតណាម ហើយត្រូវបានអាជ្ញាធរវៀតណាមកាក់ជាប់ត្រឹមព្រំដែន ហើយខ្លះទៀតទៅដល់ព្រំដែនវៀតណាម-ចិន ហើយអាជ្ញាធរកម្ពុជាយើងអន្តរាគមន៍ជួយមកវិញទាន់ពេល។ ហើយខ្លះទៀតទៅតាមច្រកផ្លូវផ្សេងៗ រហូតដល់មានបញ្ហាទៅ ទើបពួកគាត់(ស្ត្រីខ្មែរ)ទាក់ទងមកយើងជួយ ហើយជួយទាំងអ្នកស្របច្បាប់ និងខុសច្បាប់»។
 
នៅថ្ងែទី២៦ សីហានេះ ក៏មានស្ត្រីខ្មែរ១២នាក់ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិន ជួយសង្គ្រោះពីការជួញដូរ ឱ្យវិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់មាតុភូមិនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ ។
 
លោក កុយ គួង ក៏អំពាវនាវឱ្យពលរដ្ឋខ្មែរ ជាស្ត្រី ឈប់ចាញ់បោកមេខ្យល់ លើករណីរៀបការជាមួយបុរសជនជាតិចិន និងបរទេសផ្សេងទៀត ដែលអាចរងគ្រោះ និងប្រឈមមុខនឹងការជួញដូរ។
 
ក្រៅពីស្រ្តីរងគ្រោះនៅចិន ២៣១នាក់នេះ ក៏មានពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ទៀត ដែលស្ថានទូតកម្ពុជា បានជួយសង្គ្រោះពួកគេ នៅរយៈពេល៦ខែនេះដែរ ក្នុងនោះរួមមាន ពលរដ្ឋខ្មែរ ៣៣២នាក់ មកពីម៉ាឡេស៊ី និង១៦០៨ មកពីថៃ រួមទាំងប្រទេសផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕
 

Tag:
 កុយ គួង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com