ជាតិ
សហគមន៍ជនជាតិដើមភាគតិចកួយ រកឃើញបទល្មើសព្រៃឈើ១០១ករណីទៀត នៅព្រៃព្រះរការ
03, Sep 2021 , 7:59 pm        
រូបភាព
បទល្មើសព្រៃឈើក្នុងតំបន់ព្រៃព្រះរការ ដែលសហគមន៍រកឃើញកាលពីថ្ងៃទី១៧ដល់១៩សីហា ឆ្នាំ២០២១។
បទល្មើសព្រៃឈើក្នុងតំបន់ព្រៃព្រះរការ ដែលសហគមន៍រកឃើញកាលពីថ្ងៃទី១៧ដល់១៩សីហា ឆ្នាំ២០២១។
ភ្នំពេញ៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បន្តរកឃើញបទល្មើសព្រៃឈើ១០១ករណីបន្ថែមទៀត នៅតំបន់ព្រៃព្រះរការ ក្នុងរយៈពេល៣ថ្ងៃ។ លើសពីនេះ ពួកគេអង្កេតឃើញការដឹកជញ្ជូនឈើចេញតាមគោយន្តទាំងពេលថ្ងៃនិងយប់ រួមទាំងឃើញមានសិប្បកម្មកែច្នែជាង១០ទីតាំងផងដែរ។ យ៉ាងណាក៏ដោយ លោក នេត្រា ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅតែអះអាងដដែលៗថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំៗ នៅតំបន់ការពារធម្មជាតិលែងមានទៀតហើយ ប៉ុន្តែអាចមានករណីតូចៗតែប៉ុណ្ណោះ។

 
សេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបញ្ជាក់ថា ពួកគេបានរកឃើញការកាប់បំផ្លាញ និងដឹកជញ្ជូនឈើ យ៉ាងសកម្មដោយពុំខ្លាចអ្វីទាល់តែសោះ កាលពីថ្ងៃ១៧ដល់១៩សីហា ។ បទល្មើសដែលរកឃើញមាន១០១ករណី ហើយភាគច្រើនជាដើមឈើឈើទាល គគី កកោះ និងផ្ចឹកឧត្តមជាដើម។ 
 
ទន្ទឹមនឹងនេះ ពួកគេអង្កេតឃើញ មានគោយន្ដដឹកឈើចេញប្រមាណ១៥គោយន្ត ហើយក៏ឃើញមានទីតាំងសិប្បកម្មកែច្នៃឈើ នៅក្នុងភូមិសាស្ត្រឃុំប្រមេរុ១២កន្លែងផងដែរ។ 
 



«សហគមន៍យើងខ្ញុំមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ នៅតែបន្តកើតឡើងយ៉ាងសកម្មនៅតំបន់ព្រៃព្រះរការ បើទោះបីជាព្រៃមួយនេះបានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃតាំងពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ និងមានការចាត់តាំងមន្ត្រីឧទ្យានុរក្សឲ្យប្រចាំការការពារ និងថែរក្សាក៏ដោយ»។ នេះបើតាមសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ដោយបានលើកជាចម្ងល់ថា តើបទល្មើសដែលបន្តកើតឡើងនេះ បណ្តាលមកពីប្រសិទ្ធិភាពការងាររបស់មន្ត្រីឧទ្យានុរក្ស នៅទន់ខ្សោយ ឬមកពីអ្នកនៅពីក្រោយខ្នងនៃជនល្មើសមានអំណាច ទើបមន្ត្រីឧទ្យានុរក្ស រួមទាំងអាជ្ញាធរពាក់ព័ន្ធមិនហ៊ានចាត់វិធានការ? 
 
ជុំវិញករណីនេះ លោក នេត្រា ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាននៅតែបដិសេធដដែលៗថា បទល្មើសព្រៃឈើនៅតំបន់ការពារធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ គឺមានតែទ្រង់ទ្រាយតូចៗប៉ុណ្ណោះ។ ជាមួយគ្នាដែរ ក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ  កំពុងបន្តអនុវត្តច្បាប់ ប្រកបដោយការទទួលខុសត្រូវ។ នេះបើតាមការលើកឡើងបញ្ជាក់របស់លោក ភក្ត្រា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី២កញ្ញា។ 
 


យ៉ាងណាក៏ដោយ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុបានបង្ហាញការសោកស្តាយយ៉ាង ខ្លាំងចំពោះការរកឃើញបទល្មើសព្រៃឈើថ្មីនេះ ហើយទទូច ដល់ក្រសួងបរិស្ថាន បើកចំហឡើងវិញឱ្យសហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល និងសាធារណជនចូលរួមក្នុងការងារអភិរក្សការពារព្រៃឈើ។ លើសពីនេះ ក្រសួង ត្រូវស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នង ដែលទទួលទិញឈើ និងគប់គិតគ្នាកាប់បំផ្លាញព្រៃឈើ យកទៅផ្តន្ទាទោសតាមច្បាប់។  
 
កន្លងមក សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងសហគមន៍ជនជាតិភាគតិចកួយ បានរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារនេះ ជាង៣០០ករណីរួចមកហើយ ដោយរកឃើញជាបន្តបន្ទាប់ក្នុងរយពេលជាង២ខែ។
 
បើតាមរបាយការណ៍របស់ អង្គការឃ្លាំមើលព្រៃឈើពិភពលោក (The Global Initiative Against Transna tional Organized Crime) ចេញថ្ងៃទី៣១មីនា ឆ្នាំ២០២១ កម្ពុជាបានបាត់បង់គម្របព្រៃឈើ ជាង៥០ម៉ឺនហិកតា នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ក្នុងរយៈពេល ១៨ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០១ដល់២០១៨៕ 
 

 
 

Tag:
 បទល្មើសព្រៃឈើ
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com