ជាតិ
២ខែ CYN និងសហគមន៍ជនជាតិភាគតិច រកឃើញបទល្មើសព្រៃឈើ៣០០ករណី នៅព្រៃព្រះរការ
01, Jun 2021 , 8:29 pm        
រូបភាព
បទល្មើសកាប់បំផ្លាញព្រៃឈើដែលសហគមន៍ជនជាតិភាគតិចកួយ រកឃើញកាលពីថ្ងៃទី២២ដល់២៣ឧសភា ឆ្នាំ២០២១។ (រូបពី លោក សាន ម៉ាឡា)
បទល្មើសកាប់បំផ្លាញព្រៃឈើដែលសហគមន៍ជនជាតិភាគតិចកួយ រកឃើញកាលពីថ្ងៃទី២២ដល់២៣ឧសភា ឆ្នាំ២០២១។ (រូបពី លោក សាន ម៉ាឡា)
ភ្នំពេញ៖ សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងសហគមន៍ជនជាតិភាគតិចកួយ បានរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ ជាង៣០០ករណី ត្រឹមរយៈពេល២ខែ ។


បទល្មើសព្រៃឈើទាំងនោះ រកឃើញដោយសមាគមបណ្ដាញយុវជនកម្ពុជា នៅចុងខែមីនា ជាង២០០ករណី។ ចំណែកសហគមន៍ជនជាតិភាគតិចកួយភូមិប្រមេរុ បានរកឃើញបទល្មើសព្រៃឈើ ៩០ករណីបន្ថែមទៀត កាលពីចុងខែឧសភា។
 
សេចក្ដីប្រកាសព័ត៌មានចេញដោយឡែក របស់សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងសហគមន៍ជនជាតិភាគតិចកួយ បានបញ្ជាក់ថា ប្រភេទឈើដែលរងការកាប់បំផ្លាញភាគច្រើន គឺឈើទាន ផ្ទឹក គគីរ និងសុក្រំជាដើម។
 
លោក សាន ម៉ាឡា មន្រី្តជាន់ខ្ពស់ផ្នែកតស៊ូមតិនៃ CYN បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការរកឃើញបទល្មើសព្រៃឈើកើតមានជាបន្តបន្ទាប់ គឺបង្ហាញពីការអសមត្ថភាពរបស់ក្រសួងបរិស្ថាន ក្នុងការថែរក្សាធនធានធម្មជាតិ។ លោកសង្កត់ធ្ងន់ថា ការអសមត្ថភាពនេះ បានបង្កជាចម្ងល់ដល់សាធារណជន ពិសេសក្រុមអ្នកធ្វើការក្នុងវិស័យការពារព្រៃឈើ ពិតជាអសមត្ថភាពពិតមែន ឬមានចតនាបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើរាល់ថ្ងៃ។ 
 
 «មុនពេលជំងឺកូវីដ-១៩ ចូលមកដល់យើងតែងតែសហការជាមួយសហគមន៍ ដើម្បីចុះល្បាតតែប្រទេះឃើញគោយន្តជាច្រើនដឹកឈើ យ៉ាងហោចណាស់មួយថ្ងៃប្រមាណ១០គោយន្តគ្រឿង។ ហើយបច្ចុប្បន្ននេះ មានកូវីដ-១៩ រីករាលដាល និងក្រុមសមាគមនិងសហគមន៍ ត្រូវបានរឹតត្បិតសិទ្ធិសេរីភាព ឃើញថាបទល្មើសព្រៃឈើរកឃើញជាបន្តបន្ទាប់។ វាក៏ជាឱកាសរបស់ក្រុមអ្នកបំផ្លាញព្រៃឈើដឹកជញ្ជូនឈើចេញឲ្យគ្មានរំខានផងដែរ។ ដូច្នេះក្នុងមួយថ្ងៃ អាចមានគោយន្តដឹកឈើចេញជាង១០គ្រឿង»។ នេះបើតាមការបញ្ជាក់របស់លោក សាន ម៉ាឡា ដោយបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីការបាត់ប្រភពចំណូលពីអនុផលព្រៃឈើរបស់ពលរដ្ឋនៅតាមមូលដ្ឋាននៃតំបន់ការពារព្រៃព្រះរការ។ លើសពីនេះ គឺការបាត់បង់ប្រភពព្រៃឈើធំៗ ដែលទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទឹកជំនន់ គ្រោះរាំងស្ងួត ការឡើងកម្ដៅ និងរក្សាលំនឹងផែនដីជាដើម។ 
 
មន្រី្តជាន់ខ្ពស់ផ្នែកតស៊ូមតិនៃ CYN រូបនេះ ទទូចស្នើសុំឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យ និងពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព ព្រមទាំងបើកចំហ សម្រាប់សកម្មជនព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន អាចចូលរួមល្បាត អភិរក្ស និងថែរក្សាព្រៃឈើ ស្របទៅតាមបញ្ញត្តិនៃច្បាប់។ 
 
ជុំវិញករណីនេះ លោក នេត្រា ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រសួងកំពុងបន្តការពង្រឹងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់។ កន្លងមកលោកធ្លាប់អះអាងថា ការរកឃើញបទល្មើសព្រៃឈើរបស់CYN ជាការដើររាប់គល់ឈើ ដើម្បីធ្វើរបាយការណ៍ ទទួលលុយពីម្ចាស់ជំនួយ ហើយបំពេញចិត្តម្ចាស់ជំនួយតែប៉ុណ្ណោះ។ 
 
លោកសង្កត់ធ្ងន់ថា ស្ថានភាពនៃធនធានធម្មជាតិនៅកម្ពុជា មិនអាក្រក់ដូចក្រុមសកម្មជននយោបាយមួយក្តាប់តូច ដែលតែងតែលាបពណ៌ បំភ្លៃ តាមរយៈការរៀបចំធ្វើយុទ្ធនាការផ្សេងៗ ដែលជាការធ្វើអាជីវកម្ម រកលុយរបស់អង្គការសង្គមស៊ីវិលខ្លះ ដើម្បីបង្គ្រប់កិច្ចចាយប្រាក់នៃគម្រោងនីមួយៗ ដោយសារខ្លាចម្ចាស់ជំនួយដកប្រាក់ទៅវិញទេ។ 
 
«ដើម្បីបានថវិកាសម្រាប់អនុវត្តគម្រោងទៅឆ្នាំក្រោយទៀត សង្គមស៊ីវិលទាំងនេះត្រូវចេះធ្វើរបាយការណ៍បែបអវិជ្ជមានលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងធ្វើពុតជាជនរងគ្រោះនៃទង្វើបំពានច្បាប់ និងការមិនគោរពច្បាប់របស់ពួកគេខ្លួនឯង»។ នេះជាការលើកឡើងរបស់លោក ភក្ត្រា៕ 
 
អត្ថបទទាក់ទង
 
 
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com