ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ាង យី នឹងមកទស្សនកិច្ចកម្ពុជា ចុងសប្ដាហ៍នេះ
07, Sep 2021 , 3:45 pm        
រូបភាព
រូបពី xinhua
រូបពី xinhua
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងទស្សនកិច្ចកម្ពុជា និងប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន ពីថ្ងៃទី១០ ដល់១៥ កញ្ញា។ នេះបើតាមទូរទស្សន៍រដ្ឋចិន CGTN។


 
គម្រោងទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ាននេះ រួមមានកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិននេះបានទេ។
 
កាលពីខែតុលា ឆ្នាំ២០២០ លោក វ៉ាង យី ក៏បានមកទស្សនកិច្ចនៅកម្ពុជាដែរ ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន នាពេលនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីផ្សារសេរីទ្វេរភាគី (FTA) ទៀតផង។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះ ភាគីចិន បានផ្តល់ឱ្យទំនិញកម្ពុជា ចំនួន៣៤០មុខ ដែលភាគច្រើនជាផលិតផលកសិកម្ម ទទួលបានការអនុគ្រោះពន្ធ៩៥ភាគរយ ពោលគឺកម្ពុជា ត្រូវបង់ពន្ធត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ ចំណែកមុខទំនិញ ដែលចិនគិតពន្ធនាំចូលពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។
 
ជាមួយនឹងគ្នានេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា បានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និង គ្រឿងចក្រធំជាដើម។
 
រដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នឹងធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅចិន មានកំណើន២៥ភាគរយបន្ថែមទៀត។
 
អត្ថបទទាក់ទង


គួរបញ្ជាក់ថា ប្រមុខការទូតចិនរូបនេះ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកហើយ ដោយនៅឆ្នាំ១៩៩៨ ក្នុងនាមជាជំនួយការរដ្ឋមន្ត្រីការបរទេស និងក្នុងតំណែងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៦៕
 

Tag:
 វ៉ាង យី
  ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com