ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិលមើលឃើញពីវាសនាខុសគ្នារវាងសកម្មជនស្រុកខ្មែរ និងសកម្មជនស្រុកគេ
15, Sep 2021 , 9:59 pm        
រូបភាព
រូបខាងលើ៖ កញ្ញា ម៉ាឡាឡា យូសាហ្វហ្សៃ ជនជាតិប៉ាគីស្ថាន និងលោក កៃឡាស់ សាត្យាទី ជនជាតិឥណ្ឌា។ រូបខាងក្រោម៖ ព្រះអង្គ កើត សារ៉ាយ ដែលត្រូវបានចាប់ផ្សឹក, យុវតី អេង ម៉ាឡៃ (ពាក់មួកស្លឹកត្នោត), យុវជន មាន ព្រហ្មមុនី (ពាក់នាឡិកា), យុវជន ថា ឡាវី (មុខគេបង្អស់), យុវជន មួង សុភ័ក្រ្ត (ពាក់អាវពណ៌ស), យុវតី ឈឿន ដារ៉ាវី (បង់កក្រមា), និង យុវជន ហ៊ុន វណ្ណៈ។ រូបពីទំព័រហ្វេសប៊ុកអង្គការលីកាដូ
រូបខាងលើ៖ កញ្ញា ម៉ាឡាឡា យូសាហ្វហ្សៃ ជនជាតិប៉ាគីស្ថាន និងលោក កៃឡាស់ សាត្យាទី ជនជាតិឥណ្ឌា។ រូបខាងក្រោម៖ ព្រះអង្គ កើត សារ៉ាយ ដែលត្រូវបានចាប់ផ្សឹក, យុវតី អេង ម៉ាឡៃ (ពាក់មួកស្លឹកត្នោត), យុវជន មាន ព្រហ្មមុនី (ពាក់នាឡិកា), យុវជន ថា ឡាវី (មុខគេបង្អស់), យុវជន មួង សុភ័ក្រ្ត (ពាក់អាវពណ៌ស), យុវតី ឈឿន ដារ៉ាវី (បង់កក្រមា), និង យុវជន ហ៊ុន វណ្ណៈ។ រូបពីទំព័រហ្វេសប៊ុកអង្គការលីកាដូ
ដោយ: ថ្មីៗ
អង្គការសង្គមស៊ីវិល ប្រៀបធៀបថា សកម្មជននៅស្រុកគេ ទទួលបានពានរង្វាន់ ឯសកម្មជននៅស្រុកខ្មែរ ទទួលបានខ្នោះ។ មន្រ្តីយុត្តិធម៌របស់រដ្ឋាភិបាលកម្ពុជា បកស្រាយថា មិនអាចប្រៀបធៀបគ្នាបានឡើយ ព្រោះសកម្មជននៅស្រុកគេ ធ្វើត្រឹមត្រូវតាមច្បាប់ ឯសកម្មជននៅស្រុកខ្មែរ ធ្វើខុសច្បាប់។



ទោះលទ្ធផលហាក់នៅឆ្ងាយក្តី ក្រុមអង្គការសង្គមស៊ីវិល នៅតែបន្តធ្វើយុទ្ធនាការតាមបណ្តាញសង្គម ទាមទារឲ្យដោះលែងអ្នកការសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន និងសកម្មជនធ្វើការងារសង្គម។ ពួកគេ មិនត្រឹមតែសរសេរសារទាមទារឲ្យដោះលែងសកម្មជនទាំងនោះទេ ប៉ុន្តែនៅបានបង្ហោះរូបប្រៀបធៀបរវាងសកម្មជននៅតាមបណ្តាប្រទេសនានា ជាមួយនឹងសកម្មជននៅកម្ពុជាថែមទៀត។ 
 
រូបរបស់សកម្មជន៧នាក់នៅកម្ពុជា និងរូបរបស់សកម្មជន២នាក់ ជាជនបរទេស ត្រូវបានអង្គការសង្គមស៊ីវិល កាត់បញ្ចូលធ្វើជារូបតែ១ ដើម្បីប្រៀបធៀបគ្នា។ រូបរបស់សកម្មជនទាំង៧នាក់ ត្រូវបានភ្ជាប់ជាមួយនឹងរូបខ្នោះ ដែលក្រុមអង្គការសង្គមស៊ីវិល ចង់បញ្ជាក់ថា ពួកគេ ខំធ្វើការងារ ដើម្បីសិទ្ធិមនុស្ស បរិស្ថាន និង សង្គម តែត្រូវជាប់ខ្នោះ។ រូបរបស់សកម្មជនបរទេស២នាក់ ត្រូវបានភ្ជាប់មួយនឹងរូបមេដាយ ដែលអង្គការសង្គមស៊ីវិល ចង់បង្ហាញន័យថា ពួកគេ ទទួលបានពានរង្វាន់ និងមេដាយ ដោយសារការងារផ្នែកសិទ្ធិមនុស្សរបស់ពួកគេ។ 
 
រូបរបស់សកម្មជនទាំង៧នាក់នៅកម្ពុជា រួមមាន អតីតព្រះសង្ឃ កើត សារ៉ាយ យុវជន ហ៊ុន វណ្ណៈ យុវជន មួង សុភ័ក្រ្ត យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី យុវតី ឈឿន ដារ៉ាវី និង យុវតី អេង ម៉ាឡៃ។ រូបរបស់សកម្មជនបរទេសទាំង២នាក់ គឺ លោក កៃឡាស់ សាត្យាទី (Kailash Satyarthi) ជាជនជាតិឥណ្ឌា និង កញ្ញា ម៉ាឡាឡា យូសាហ្វហ្សៃ (Malala Yousafzai) ជាជនជាតិប៉ាគីស្ថាន។ អ្នកទាំងទាំង២ ទទួលបានពានរង្វានណូបែលជាមួយគ្នា កាលពីឆ្នាំ២០១៤ ដោយសារការពុះពារ ក្នុងការការពារសិទ្ធិមនុស្ស និងការធ្វើការងារដើម្បីប្រយោជន៍សង្គមផ្សេងទៀត ដូចជា ការអប់រំជាអាទិ៍។  
 
អង្គការសង្គមស៊ីវិល សរសេរថា សកម្មជនសង្គមនៅទូទាំងពិភពលោក តែងទទួលបានការគាំទ្រ ការលើកទឹកចិត្តពីសាធារណជន និងអាជ្ញាធរ តែសកម្មជនសង្គម ឬសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ដែលឈរជួរមុខ មានភាពសកម្មក្នុងកិច្ចការពារសិទិ្ធមនុស្ស ការពារផលប្រយោជន៍កម្មករ គ្រូបង្រៀន និង បញ្ហាសង្គម មិនសូវទទួលបានការគាំទ្រ ការលើកទឹកចិត្តពីអាជ្ញាធរឡើយ ហើយថែមទាំងទទួលការគំរាមកំហែង ការបំភិតបំភ័យ និងការជាប់ពន្ធនាគារថែមទៀត។ 
 
«បើអ្នកទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គមតទៅទៀត?» នេះជាការចោទសួររបស់អង្គការសង្គមស៊ីវិល ហើយបានអំពាវនាវឲ្យរួមគ្នា គាំទ្រនិងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋ។  
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការប្រៀបធៀបរបស់ក្រុមអង្គការសង្គមស៊ីវិល ថាមិនត្រឹមត្រូវនោះទេ។ លោក បកស្រាយថា សកម្មជននៅស្រុកគេ ទទួលបានការការពារ និងការលើកទឹកចិត្ត ព្រោះបំពេញការងារស្របច្បាប់ មិនប៉ះពាល់ដល់ប្រយោជន៍ជាតិ មិនបំពានសិទ្ធិអ្នកដទៃ តែសកម្មជននៅកម្ពុជាវិញ ពុំបានអនុវត្តសិទ្ធិតាមច្បាប់ឡើយ។ លោក បន្តថា សកម្មជននៅកម្ពុជា ដែលត្រូវចាប់ខ្លួនទាំងនោះ គឺបានប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ច មានភស្តុតាង មានសក្ខីកម្មរឹងមាំ ក្នុងការចោទប្រកាន់ និងការផ្តន្ទាទោស។ 
 
លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«បើយើង លើកទឹកចិត្ត ការពារដល់សកម្មជន ដែលបំពានច្បាប់បែបនេះ អាហ្នឹងវា ហាក់ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដទៃទៀត កាន់តែប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា ហើយវា ប៉ះពាល់ដល់សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈរបស់ជាតិជាមិនខាន»។
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា៖«អង្គការសង្គមស៊ីវិល មើលឃើញថា [សកម្មជនទាំងនោះ] ពួកគាត់ គ្រាន់តែបំពេញការងារការពារបរិស្ថាន  សិទ្ធិមនុស្ស និង សង្គម មិនគួរចោទ មិនគួរឃុំខ្លួនទេ គួរលើកទឹកចិត្ត»។ 
 
រូបភាពប្រៀបធៀប និងសារទាមទារឲ្យដោះលែងសកម្មជននៅកម្ពុជា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការសិទ្ធិមនុស្សមួយចំនួន ដូចជា អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង អង្គការសង់ត្រាល់ ជាដើម។ 
 
លោក ជិន ម៉ាលីន បានហៅការធ្វើយុទ្ធនាការទាមទារឲ្យដោះលែងនេះ ថាជាទម្លាប់របស់ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា។ លោក យល់ថា យុទ្ធនាការនេះ គឺគ្រាន់តែជាសារនយោបាយប៉ុណ្ណោះ ដែលបង្កប់បំណងចង់កេងចំណេញនយោបាយ និងបំបាក់មុខរដ្ឋាភិបាលលើឆាកអន្តរជាតិ។ លោក ប្រាប់ទៅអង្គការសង្គមស៊ីវិលថា មធ្យោបាយនេះ មិនមានឥទ្ធិពលលើតុលាការឡើយ ហើយក៏មិនអាចជួយសកម្មជនទាំងនោះបានដែរ។ លោក ផ្តល់យោបល់ថា មធ្យោបាយ មានតែ១គត់ ដើម្បីការពារសកម្មជនទាំងនោះ គឺស្វែងរកភស្តុតាង និងសក្ខីកម្ម ហើយចូលរួមតាមនីតិវិធីតុលាការ។ សម្រាប់លោក ការធ្វើយុទ្ធនាការយ៉ាងដូច្នេះ គឺមិនមែនជាមធ្យោបាយស្របច្បាប់នោះទេ។
 
សកម្មជនទាំង៧នាក់ខាងលើ ត្រូវបានចាប់ខ្លួនពីចន្លោះខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេសហជីពដ៏ល្បីឈ្មោះនៅកម្ពុជា និងពាក់ព័ន្ធនឹងសកម្មភាពផ្សេងទៀត ដែលពួកគេ អះអាងថា ធ្វើដើម្បីសិប្រយោជន៍សង្គម។ ក្នុងចំណោមពួកគេទាំង៧នាក់ អ្នកខ្លះ ត្រូវបានចាប់ខ្លួន ក្រោយសមត្ថកិច្ច ដឹងថា រៀបគម្រោងធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដោយមិនទាន់បានចេញធ្វើសកម្មភាពទាមទារនោះផង ហើយអ្នកខ្លះទៀត ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពទាមទាររួច។  
 
ពួកគេទាំង៧នាក់ រួមទាំងលោក រ៉ុង ឈុន ផង សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ លោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២០ ត្រូវបានតុលាការភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ មុនត្រូវបានចាប់ខ្លួន លោក បានចុះទៅពិនិត្យតាមព្រំដែន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីទៅខាងវៀតណាម ហើយអាជ្ញាធរ វៀតណាមបានរំកិលចូលមកក្នុងដីខ្មែរ។ ការចេញសេចក្តីថ្លែងការណ៍នេះ គឺជាមូលហេតុនាំឲ្យមានការចាប់ខ្លួនលោក។ 
 
ក្រៅពីសកម្មជនទាំង៧នាក់ នៅមានសកម្មជនផ្សេងទៀត ដូចជា យុវជន ថុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុទ្ធ យុជន យីម លាងហ៊ី យុវតី ឡុង គន្ធា យុវតី ភួន កែវស្មី និង យុវតី ស៊ុន រដ្ឋា ជាដើម កំពុងឃាប់ឃុំក្រោមបទញុះញង់បង្កឲ្យមានភាពអសន្តិសុខសង្គម។ ក្រៅពីបទញុះញង់ ពួកគេទាំង៦នាក់ ដែលជាសកម្មជនបរិស្ថាន និងសកម្មជនធ្វើការងារផ្នែកសង្គម ក៏ត្រូវចោទពីបទរួមគំនិតក្បត់ជាតិផងដែរ។  
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងកន្លងមកថា ក្រុមសកម្មជនបរិស្ថានទាំងនោះ ធ្វើសកម្មភាពបម្រើនយោបាយឲ្យក្រុមប្រឆាំង ហើយការចាត់វិធានការផ្លូវច្បាប់លើពួកគេ គឺដោយសារពួកគេ ធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាត និងថែមទាំងរំលោភច្បាប់ទៀត។ លោក លើហេតុផលថា ដើម្បីពង្រឹងការដឹកនាំសង្គមឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាល ចាំបាច់ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ហើយទប់ស្កាត់គ្រប់រូបភាពនៃឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់។ 
 
មិនមែនតែអង្គការជាតិទេ អង្គការអន្តរជាតិ រួមទាំងស្ថានទូតបរទេសខ្លះនៅកម្ពុជា ក៏ទាមទារមិនតិចដងដែរ សុំឲ្យដោះលែងយុវជនជាសកម្មជនវ័យក្មេងទាំងនោះ តែមិនទទួលបានលទ្ធផលអ្វីឡើយ។ អង្គការសង្គមស៊ីវិលនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនទាំងនោះ ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១មក ហើយគ្រោងធ្វើយុទ្ធនាការនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣៕
 
 
 

Tag:
 សកម្មជនបរិស្ថាន
  សកម្មជនសិទ្ធិមនុស្ស
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com