ជាតិ
ពលរដ្ឋ៩នាក់ ដែលជាប់ឃុំដោយសារវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី ត្រូវបានដោះលែងវិញ
21, Sep 2021 , 2:13 pm        
រូបភាព
ពលរដ្ឋ៩នាក់ដែលកងកម្លាំងឃាត់ខ្លួនក្នុងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីខេត្តកណ្ដាល បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៤កញ្ញា ២០២១។ រូបពី (ADHOC)
ពលរដ្ឋ៩នាក់ដែលកងកម្លាំងឃាត់ខ្លួនក្នុងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីខេត្តកណ្ដាល បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៤កញ្ញា ២០២១។ រូបពី (ADHOC)
ភ្នំពេញ៖ ពលរដ្ឋ៩នាក់ ដែលត្រូវកងកម្លាំងបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ ត្រូវបានដោះលែងវិញហើយ កាលពីល្ងាចថ្ងៃទី២០កញ្ញា។ នេះបើតាមប្រធានពន្ធនាគារខេត្តកណ្ដាល លោក ចាត ស៊ីនាង។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ចាត ស៊ីនាង ថ្លែងថា ពលរដ្ឋទាំង៩នាក់ ដែលបញ្ជូនទៅឃុំនៅពន្ធនាគារកាលពីថ្ងៃទី១៤កញ្ញា ត្រូវបានដោះលែងវិញ។ ប៉ុន្តែលោកមិនបានដឹងពីមូលហេតុនៃការដោះលែងឡើយ។ 
 
«យើងដោះលែងល្ងាចមិញ(នៅថ្ងៃទី២០កញ្ញា) ខ្ញុំអត់ដឹងមូលហេតុអ្វីទេ ដឹងតែគេឲ្យឃុំគឺឃុំ គេឲ្យដោះលែងគឺដោះលែង»។ នេះបើតាមការលើកឡើងរបស់ប្រធានពន្ធនាគារខេត្តកណ្ដាល ដោយស្នើឲ្យសាកសួរទៅខាងតុលាការខេត្តកណ្ដាលវិញជុំវិញករណីនេះ។ 
 
ពាក់ព័ន្ធនឹងការដោះលែងពលរដ្ឋទាំង៩នាក់នេះ សារព័ត៌មានថ្មីមិនអាចទាក់ទងសុំព័ត៌មានលម្អិតពី អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឡើយ ដោយលោកឆ្លើយយ៉ាងខ្លីថា ជាប់ប្រជុំ។ 
 
ចំណែកស្នងការខេត្ត លោក ឈឿន សុចិត្ត និងអ្នកនាំពាក្យតុលាការខេត្តកណ្ដាល លោក សូ សារិន មិនលើកទូរស័ព្ទ។ រីឯ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ឆ្លើយដោយសម្ដីខ្លាំងថា៖ «ដោះលែងហើយសួរមូលហេតុទៀត» ហើយលោកក៏ចុចផ្ដាច់ទូរស័ព្ទ។ 
 
កាលពីថ្ងៃទី១២​ កញ្ញា ពលរដ្ឋ៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារផ្ទុះហិង្សាជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវបានដោះលែងវិញ២១នាក់។ ចំណែក៩នាក់ទៀត គឺបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្ដាល កាលថ្ងៃទី១៤ កញ្ញា។ 
 
ជម្លោះដីធ្លីរវាងក្រុមហ៊ុន OCIC និងពលរដ្ឋ ប្រមាណ៣៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយប្រមាណ៣ឆ្នាំមកហើយ ដោយសារមិនត្រូវរ៉ូវគ្នា លើតម្លៃដីនេះ។ ភាគីក្រុមហ៊ុន បានផ្ដល់តម្លៃដី៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពលរដ្ឋទាមទារតាមទីផ្សារ ពី៦០ ទៅ៧០ដុល្លារ។ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះថ្មីនេះ ក្នុងទឹកប្រាក់ ១,៥០០លានដុល្លារ លើផ្ទៃដី ២,៦០០ហិកតា ដោយគ្រោង​បញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ 
 
 

Tag:
 វិវាទដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com