ជាតិ
សង្គមជាតិ
គ្រួសារអ្នកជាប់ឃុំ នៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី ទទូចឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយ
16, Sep 2021 , 1:59 pm        
រូបភាព
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
ភ្នំពេញ៖ មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញ ក្រោយសមត្ថកិច្ចឃាត់ខ្លួន សាកសួរជុំវិញករណីផ្ទុះហិង្សា រឿងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល។ គ្រួសារអ្នកជាប់ឃុំ ចាត់ទុកការឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ហើយទទូចឲ្យសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន ជួយដោះស្រាយ។

 
ពលរដ្ឋ៣០នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២កញ្ញា ដោយសារផ្ទុះហិង្សាជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវបានដោះលែងវិញ២១នាក់។ ចំណែក៩នាក់ទៀត គឺបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្ដាល កាលថ្ងៃទី១៤ កញ្ញា។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៥ កញ្ញានេះ អ្នកស្រី ទូច កែវ ចាត់ទុកការឃុំខ្លួនប្ដីអ្នកស្រី និងមនុស្ស៨នាក់ទៀត ជារឿងអយុត្តិធម៌។ «ខ្ញុំសុំឲ្យសម្ដេច ហ៊ុន សែន ជួយ ហើយដោះលែងអ្នកទាំង៩នាក់ហ្នឹងទៅ។ ពួកខ្ញុំពលរដ្ឋស្លូតត្រង់ ចង់ទៅមើលដីដែលក្រុមហ៊ុនឈូសឆាយ តែគេ(សមត្ថកិច្ច)អត់ឲ្យចូល ហើយបែរជាចាប់ពលរដ្ឋដាក់គុកទៅវិញ។ ខ្ញុំឆ្ងល់ក្រុមហ៊ុនឈូសឆាយ លើដីពលរដ្ឋបាត់ភ្លឺស្រែអស់ បែរជាអត់ខុស‌!»។ នេះបើតាម អ្នកស្រី ទូច កែវ។ 
 
ក្នុងបន្ទប់សាកសួរចម្លើយនោះ អាជ្ញាធរបានចោទពលរដ្ឋប្រើហិង្សាលើខ្លួន ដោយមានភស្តុតាង ដូចជាចបជីក ចបកាប់ និងរណារជាដើម។ អ្នកស្រី សុង សុខរិន ដែលមានប្អូនប្រុសជាប់ឃុំដែរនោះ បានអះអាងថា ការចោទអ្នកទាំង៩នាក់ ប្រើហិង្សាលើសមត្ថកិច្ចនេះ ជារឿងមិនពិត។ 
 
អ្នកស្រី សុខរិន ថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «វត្ថុតាងទាំងហ្នឹង គឺពួកខ្ញុំយកធ្វើរបង ដាក់ឃាំងម្ខាងម្នាក់ កុំឲ្យកងកម្លាំងចូលមក ព្រោះកងកម្លាំង ក៏គេមានប៉ារ៉ាស់ដែរ[…]ខ្ញុំសុំឲ្យសម្ដេចជួយបងប្អូនទាំង៩នាក់ផង ព្រោះដីនោះជាដីស្របច្បាប់របស់ពួកខ្ញុំ សូម្បីចូលមើលដីក៏មិនបាន គេ(កងកម្លាំង)ប្រើដំបង គេបាញ់ទឹក»។ 
 
អ្នកស្រី សុខរិន ក៏ច្រានចោលការចោទប្រកាន់ថា ពលរដ្ឋគប់ដងសាំង និងបង្កឲ្យកងកម្លាំងរងរបួសដែរ។ អ្នកស្រី អះអាងថា ពេលកើតហេតុ ក្រុមពលរដ្ឋមិនមានដបសាំងក្នុងដៃទេ ខណៈភាគីកងកម្លាំង មានសម្ភារ ដំបង ឡានបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក រួមទាំងចូលបំផ្លាញទ្រព្យសម្បត្តិ និងចាប់ពលរដ្ឋដល់ក្នុងផ្ទះទៀតផង។ 
 
ជុំវិញការករណីនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងខ្លីថា អាជ្ញាធរនឹងដោះស្រាយតាមច្បាប់ ចំពោះក្រុមពលរដ្ឋទាំង៩នាក់នោះ។ លោកប្រាប់ដូច្នេះ៖ «អត់អីទេ(ករណីបញ្ជូនពលរដ្ឋទាំង៩នាក់ទៅពន្ធនាគារ។ គេឃាត់ខ្លួនគាត់ហ្នឹង គេធ្វើតាមច្បាប់ហើយ។ ៩នាក់ហ្នឹង បានយកទៅតុលាការហើយ»។ 
 
ពាក់ព័ន្ធនឹងករណីនេះ ម​ន្រី្ត​ផ្នែក​ស៊ើបអង្កេត ​និង​សិទ្ធិមនុស្ស​នៃ​សមាគម​អា​ហុក​ (ADHOC)​ លោក សឹង សែនករុណា នៅតែលើកឡើងដដែលថា រដ្ឋាភិបាល គួរពិនិត្យ និងដោះស្រាយ ដោយសន្តិវិធី ហើយប្រកបដោយតម្លាភាពដល់ពលរដ្ឋ។ បើតាមលោក ករុណា ប្រសិនបន្តអូសបន្លាយពេលនៃជម្លោះទៀត នឹងអាចកើតមានហិង្សាជាបន្តបន្ទាប់ ហើយរូបភាពមិនល្អ ក៏បន្តកើតឡើង។ លោកសង្កត់ធ្ងន់ថា នៅពេលមានបញ្ហាមិនចេះចប់បែបនេះ អាជ្ញាធរជាអ្នករងផលប៉ះពាល់ ព្រោះឆ្លុះបញ្ចាំពីសមត្ថភាព ឬចំណាត់ក្នុងបំពេញការងារ។ 
 
«យើងខាងសង្គមស៊ីវិល នៅតែទទួចឲ្យមានការដោះស្រាយគ្នា ដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។ យើងឃើញហើយ ការមិនមានដំណោះស្រាយសមស្របណាមួយ នឹងបង្កហិង្សកើតឡើង ដូចអ្នកទាំង៩នាក់ហ្នឹងចឹង ជាប់ពីបទហិង្សាដោយចតនា បទល្មើសញុះញង់ និងការប្រឆាំងរាជការសាធារណៈ។ អ្នករងគ្រោះជាងគេ មានតែពលរដ្ឋប៉ុណ្ណោះ ដោយសារដំណើរការដោះស្រាយវិវាទដីធ្លីយឺតយ៉ាវ»។ នេះបើតាមលោក សឹង សែងករុណា ដោយបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង។ 
 
ជម្លោះដីធ្លីរវាងក្រុមហ៊ុន OCIC និងពលរដ្ឋ ប្រមាណ៣៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយប្រមាណ៣ឆ្នាំមកហើយ ដោយសារមិនត្រូវរ៉ូវគ្នា លើតម្លៃដីនេះ។ ភាគីក្រុមហ៊ុន បានផ្ដល់តម្លៃដី៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពលរដ្ឋទាមទារតាមទីផ្សារ ពី៦០ ទៅ៧០ដុល្លារ។ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះថ្មីនេះ ក្នុងទឹកប្រាក់ ១,៥០០លានដុល្លារ លើផ្ទៃដី ២,៦០០ហិកតា ដោយគ្រោង​បញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ 
 


 

Tag:
 ដីធ្លី
  កណ្ដាល
  ព្រលានយន្តថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com