កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហៅថ្នាក់ដឹកនាំបាល់ទាត់ប្រជុំគ្នា ដើម្បីជំរុញឱ្យមានការប្រកួត World Cup ២ឆ្នាំម្តង
21, Sep 2021 , 3:00 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានអញ្ជើញសមាជិកសហព័ន្ធកីឡាបាល់ទាត់របស់ខ្លួន ចូលរួមកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិតនៅថ្ងៃទី៣០ ខែកញ្ញា។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាកាលវិភាគប្រកួតអន្តរជាតិ ក្នុងការជំរុញឱ្យមានការប្រកួត World Cup ពីរឆ្នាំម្តង។


FIFA នឹងចាប់ផ្តើម ដំណាក់កាលពិគ្រោះយោបល់ជាថ្មី ជុំវិញការផ្លាស់ប្តូរកាលវិភាគប្រកួតកីឡាបាល់ទាតអន្តរជាតិផ្នែកស្ត្រី និងបុរស ដែលនឹងផុតកំណត់នៅចុងឆ្នាំ ២០២៣ និង ២០២៤។ ការកែទម្រង់ប្រតិទិនថ្មី គឺដើម្បីអាចប្តូររៀបចំកាលប្រកួតកីឡាបាល់ទាត់ពិភពលោក ពី៤ឆ្នាំទៅ២ឆ្នាំម្តងវិញ។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២០ ខែកញ្ញាថា សំណើររបស់ខ្លួននេះ មានការយល់ស្របពីសមាជិកហើយ ខណៈពួកគេជឿជាក់ថា កាលវិភាគការប្រកួតអន្តរជាតិថ្មី នឹងធ្វើឱ្យបាល់ទាត់កាន់តែប្រសើរឡើង។
 
FIFA បញ្ជាក់ថា៖ «FIFA បានអញ្ជើញសមាគម សហព័ន្ធសមាជិករបស់ខ្លួន ចូលរួមកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិតជាលើកដំបូងនៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២១។ នេះគឺជាឱកាសមួយក្នុងចំណោមឱកាសជាច្រើន ដើម្បីបង្កើតការជជែកពិភាក្សាគ្នា ក្នុងន័យស្ថាបនាវិស័យបាល់ទាត់ និងបើកចំហកម្រិតពិភពលោក និងតំបន់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។
គម្រោងផែនការផ្លាស់ប្តូរការរៀបចំការប្រកួត FIFA World Cup រៀងរាល់២ឆ្នាំម្តង ដែលគាំទ្រដោយលោក Arsene Wenger Wenger អតីតអ្នកចាត់ការទូទៅ Arsenal បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់របស់ FIFA មិនទទួលបានការគាំទ្រឡើយ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ធំៗនាពេលកន្លងមក។
 
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាមេរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) សុទ្ធតែបានបដិសេធ ផែនការរបស់បុរសសញ្ជាតិបារាំងរូបនេះ។ 
 
ពួកគេគោរពចំពោះការធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះគម្រោងដែលនឹងធ្វើឱ្យ World Cup ដែលមានទម្លាប់ធ្វើ៤ឆ្នាំម្តងជាប្រពៃណីជិតមួយសតវត្សរ៍ហើយនោះ ប្តូរទៅធ្វើ២ឆ្នាំម្តងវិញ។ World Cup ប្តូរទៅធ្វើ២ឆ្នាំម្តង ក៏នឹងប៉ះពាល់ដល់ការប្រកួត Euro និង Copa America ផងដែរ៕
 
 

Tag:
 FIFA
  Word Cup
© រក្សាសិទ្ធិដោយ thmeythmey.com