ភ្នំពេញ៖ ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ គឺជាការអនុញ្ញាតឲ្យកម្ពុជា បន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្នុងទិវារដ្ឋធម្មនុញ្ញ លើកទី២៨ នាព្រឹកថ្ងៃទី២៤ កញ្ញានេះ។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋ មានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសុខសន្តិភាពពេញលេញពិតប្រាកដ។«ការដាក់ដំណើរការ រដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញាតឲ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ»។ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកបែបនេះ។
សម្រាប់លោក ហ៊ុន ម៉ានី កម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យ និងអព្យាក្រឹត ដោយមិនចូលបក្សសម្ព័ន្ធឡើយ។ មិនតែប៉ុណ្ណោះកម្ពុជាតែងតែគោរពតាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ បានបន្ថែមដូច្នេះ«ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើរមុខ ស្មើមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកលក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី»។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលបានប្រែក្លាយប្រទេសទៅជាព្រះរាជាណាចក្រកម្ពុជាទី២ រួមជាមួយបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច , រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ៕