ជាតិ
ទឹកជំនន់៖ពលរដ្ឋក្រុងសិរីសោភ័ណ ៣០៥គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព
26, Sep 2021 , 10:48 am        
រូបភាព
រូបតំណាង រូបភាព ពី រដ្ឋបាលខេត្ត បន្ទាយមានជ័យ
រូបតំណាង រូបភាព ពី រដ្ឋបាលខេត្ត បន្ទាយមានជ័យ
ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល២ម៉ោង កាលពីថ្ងៃទី២៥ កញ្ញា រួមផ្សំនឹងចរន្តទឹកហូរពីខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត បានធ្វើឱ្យជន់លិចផ្ទះសម្បែង ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី២៦ កញ្ញានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ៣០៥គ្រួសារ ដែលរស់នៅក្រុងសិរីសោភ័ណទៅកាន់ទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់។


 
ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង នៃក្រុងសិរីសោភ័ណ ប្រមាណ៣០៥គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រោយទឹកជំនន់បន្តហូរចូលក្រុងនេះ។ បើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មូលហេតុដែលធ្វើឱ្យមានការជន់លិចផ្ទះពលរដ្ឋក្នុងក្រុងសិរីសោភ័ណ កើតឡើងដោយសារជំនន់ទឹកភ្លៀង និងជំនន់ហូរចេញពីខេត្តបាត់ដំបង ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។ 
 
នាទីតាំងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព លោក អ៊ុំ រាត្រី ប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរពាក់ព័ន្ធ កំពុងតាមដានបន្តដើម្បីត្រៀមជួយសង្រ្គោះពលរដ្ឋបន្ថែមទៀត ខណៈស្ថានភាពទឹកនៅក្រុងសិរីសោភ័ណ មានការកើនឡើង និងមិនទាន់ថមថយនៅឡើយ។ អភិបាលខេត្តបន្ទាយមានជ័យ បន្តថា គិតត្រឹមល្ងាចថ្ងៃទី២៥ កញ្ញា ស្ថានភាពទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋជាង ១ម៉ឺនហិកតា ក្នុងនោះមានដំណាំស្រូវ, ដំណាំដំឡូង និងបន្លែមួយចំនួន។ 
 
សូមបញ្ជាក់ថា ក្រុង-ស្រុកចំនួន៦ នៃខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជំនន់ហូរចេញពីខេត្តបាត់ដំបង រួមទាំងព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ក្រុង-ស្រុកដែលមានការជន់លិចខ្លាំងជាងគេ គឺក្រុងសិរីសោភ័ណ៕ 
 

Tag:
 ជំនន់ទឹកភ្លៀង
  ក្រុងសិរីសោភ័ណ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com