COVID-19
ជាតិ
​ភ្នំពេញ៖ ព្រះ​សង្ឃ៩៧អង្គ ឆ្លង​កូវីដ-១៩ ក្នុងនោះវត្តនានានៅខណ្ឌច្បារអំពៅ មានច្រើន​ជាង​គេ​
26, Sep 2021 , 1:59 pm        
រូបភាព
រូបពីហ្វេសប៊ុកអនុគណៈកម្មការស្រាវ ជ្រាវជំងឺកូវីដ-១៩
រូបពីហ្វេសប៊ុកអនុគណៈកម្មការស្រាវ ជ្រាវជំងឺកូវីដ-១៩
ភ្នំពេញ៖ ព្រះ​សង្ឃចំនួន ៩៧អង្គ និងអាចារ្យ ​គណៈ​កម្មការ​ យាយ​ជីតាជី សិស្ស​និស្សិតស្នាក់នៅវត្ត​នានាក្នុងរាជធានីភ្នំពេញ ចំនួន ៤៤នាក់ទៀត បានតេស្តវិជ្ជមានជំងឺ​កូវីដ-១៩  ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា។ នេះ​​បើ​តាម​របាយ​ការណ៍ របស់​មន្ទីរ​ធម្មការ​ និង​សាសនា រាជ​ធានី​ភ្នំពេញ​។


 
របាយការណ៍ដដែលបញ្ជាក់តែករណីឆ្លង​សរុបនៅតាមវត្តអារាមទាំង១៥៣ នៅក្នុងខណ្ឌនីមួយៗ ហើយ​ក្នុងចំណោមខណ្ឌទាំង១៤នៅភ្នំពេញ គឺវត្តនៅក្នុងខណ្ឌច្បារអំពៅ មានព្រះសង្ឃ យាយជី តាជី ឆ្លងច្រើនជាងគេ គឺរហូតដល់ទៅ៨៨អង្គ/នាក់ ឯណោះ។ ចំណែកវត្តនានា ក្នុងខណ្ឌមានជ័យ និងខណ្ឌ ៧មករា មានព្រះសង្ឃ និងយាយជី តាជី តេស្តវិជ្ជមានកូវីដ-១៩ ចំនួន ១២អង្គ/នាក់ រៀងខ្លួន។
 
វត្តនៅក្នុងខណ្ឌដូនពេញ មាន៦ករណីឆ្លងថ្មី និង៥ករណីថ្មី ត្រូវបានរកឃើញរៀងខ្លួន ក្នុងវត្ត នៅខណ្ឌកំបូល និងខណ្ឌឫស្សីកែវ។ វត្តនានាក្នុងខណ្ឌ ពោធិ៍សែនជ័យ មាន៤ករណីថ្មី ខណៈវត្តក្នុងទួលគោក និងព្រែកព្នៅ មាន៣ករណីថ្មី រៀងខ្លួន។ វត្តក្នុងខណ្ឌបឹងកេងកងមាន ២ករណី និងក្នុងខណ្ឌដង្កោមាន១ករណីប៉ុណ្ណោះ ខណៈវត្តក្នុងខណ្ឌចំការមន សែនសុខ និងជ្រោយចង្វារ មិនមានករណីឆ្លងកូវីដ-១៩ នោះទេ។
 
​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាយប់ថ្ងៃទី២៣កញ្ញា​ បានសម្រេច​ផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង។ ការសម្រេចនេះ ធ្វើឡើងក្រោយមានករណីវិជ្ជមានកូវីដ-១៩ ជាង៤០ករណី នៅក្នុងវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
 
 

Tag:
 សាសនា
  ព្រះ​សង្ឃ​
  វត្ត
  ភ្ជុំ​បិណ្ឌ​
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com