ជាតិ
អ្នកស្រី ផល ស ពលរដ្ឋនៅចុងឃ្នៀស រអ៊ូពីការរកត្រីមិនសូវបាននៅបឹងទន្លេសាប
26, Sep 2021 , 2:39 pm        
រូបភាព
សៀមរាប៖ ម៉ោងប្រមាណ១០ព្រឹកទៅហើយ អ្នកស្រី ផល ស ទើបឡើងទូតមកដល់ច្រាំង នាតំបន់ចុងឃ្នៀស ដែលសម្បូរទៅដោយផ្ទះបណ្ដែតទឹក និងកាណូតទូតនេសាទជាច្រើនចតនៅទីនោះ។ អ្នកនេសាទរូបនេះ រួមនឹងសមាជិកគ្រួសារ២ ទៅ៣នាក់ទៀត ចាប់ផ្តើមរើស ញែកត្រីតូចៗ ចេញពីជាល ដែលទើបលើកពីចុះទូក ដែលត្រីភាគច្រើននៅរស់នៅឡើយ។

 
កំពុងរើសត្រីបណ្ដើរ ឆ្លៀតឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានបណ្ដើរ អ្នកស្រី ផល ស មានវ័យ ៤៦ឆ្នាំ ប្រាប់ថា ត្រីទាំងនោះ គឺបានពីការដាក់លប ដែលសន្សំរយៈពេល៤ថ្ងៃមកហើយ។ អ្នកស្រីបន្តថា ត្រីធំៗកាន់តែបាត់ខ្លួន និងសម្បូរតែត្រីល្អិតៗ ហើយលក់មិនបានថ្លៃទេ។ 
 
រៀបរាប់ក្រោមរោងតូចមួយ នាច្រាំងទន្លេតំបន់ចុងឃ្នៀស ស្រ្ដីរូបនេះប្រាប់ថា ត្រី២ជាលដែលរកបាននេះ អាចលក់បានប្រាក់ប្រហែល១០ម៉ឺនរៀល ក្រោយកាត់ចំណាយផ្សេងៗ។ យ៉ាងណាអ្នកស្រី ផល ស បានត្អួញត្អែរពីការនេសាទសព្វថ្ងៃ ថាពិបាក ព្រោះត្រីកាន់តែខ្សត់ និងរកបានតែត្រីល្អិតៗ ហើយលក់បានថោក។ 


 
អ្នកស្រីរៀបរាប់ថា៖« អត់ត្រីធំទេ មានតែត្រីស្រកាល្អិតៗ កញ្ចុះអីហ្នឹង។ ត្រីស្រកាលក់បានមួយគីឡូ១ពាន់ទៅ២ពាន់រៀល ឯកញ្ចុះម៉ូយលើកទៅបាន៤ពាន់អី...រាល់ថ្ងៃពិបាកណាស់ រាយមង២០ដៃបានត្រី២គីឡូកន្លះ មង៣ហ៊ុន  ពីមុន ដោះមិនរួចទេ២០ដៃនោះ»។ 
 
អ្នកស្រីរៀបរាប់ទៀតថា ទឹកទន្លេសាបឆ្នាំនេះហាក់ឡើងយឺត និងទើបមានទឹកប៉ុន្មានថ្ងៃពេលមានភ្លៀងធ្លាក់នេះតែប៉ុណ្ណោះ។ ដ្បិតមានទឹក តែមិនសម្បូរត្រីទេ។ អ្នកស្រី ផល ស លើកឡើងយ៉ាងដូច្នេះ មុននឹងថា ការនេសាទត្រូវចេញទៅឆ្ងាយៗ គឺនៅត្រើយម្ខាងនៃតំបន់ចុងឃ្នៀសឯណោះ ដែលការជិះទូកទៅមកអស់សាំង១០លីត្រ។
 
ដោយសារការធុញទ្រាន់នឹងការនេសាទត្រីមិនសូវបាន និងខាតទាំងកម្លាំងដូច្នេះ ពេលខ្លះអ្នកស្រី ផល ស បានឡើងទៅធ្វើការនៅលើគោក។ ក្នុងជីវិតជាអ្នកនេសាទរយៈពេល២០ឆ្នាំមកហើយ ស្រ្ដីរូបនេះបញ្ជាក់ថា ទើបនឹងចាប់ផ្តើមចុះនេសាទជាថ្មី ខ្ទង់៣ខែនេះតែប៉ុណ្ណោះ ដែលពីមុនអ្នកស្រី ឡើងទៅធ្វើការសំណង់ និងចាំដីឱ្យគេ ព្រោះមិនអាចពឹងលើរបររកត្រីទៀតទេ។ 
 
អ្នកនេសាទរូបនេះ មានក្ដីប្រាថ្នាចង់មានដីរស់នៅលើគោកនឹងគេ ដ្បិតធុញទ្រាន់នឹងជីវិតលើទឹកអស់រយៈពេល២០មកហើយ។ យ៉ាងណា ស្ថានភាពសព្វថ្ងៃ អ្នកស្រី ផល ស ប្រាប់ថា មិនទាន់ចាកចេញពីផ្ទះបណ្ដែតទឹកនៅឡើយ។ 
 
កន្លងមក ទាំងរាជរដ្ឋាភិបាល និងមន្រ្តីសង្គមស៊ីវិល បានមើលឃើញមូលហេតុស្រដៀងគ្នា ពីការថមថយផលនេសាទ ក៏ដូចជាកម្ពស់ទឹកទន្លេមេគង្គ ​និងបឹងទន្លេសាប។ ចាប់ពីឆ្នាំ២០១៩មក កម្ពស់ទឹកក្នុងអាងទន្លេមេគង្គកាន់តែទាប ធ្វើឱ្យផលនេសាទធ្លាក់ចុះជាបន្តបន្ទាប់​។ មូលហេតុត្រូវបានគេទាញថា ដោយសារបម្រែបម្រួលអាកាសធាតុ នៅលើសាកលលោក ហើយការសាងសង់ទំនប់វារីអគ្គិសនីនៅចិន និងឡាវ ក៏ជាមូលហេតុផងដែរ៕





Tag:
 ត្រី
  ផល ស
  ចុងឃ្នៀស
 សៀមរាប
 ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com