ជាតិ
កូនខ្លាឃ្មុំជិតផុតពូជមួយក្បាលត្រូវបានប្រជាពលរដ្ឋសង្គ្រោះ និងប្រគល់ឱ្យមន្ត្រីឧទ្យាននុរក្ស
26, Sep 2021 , 3:39 pm        
រូបភាព
កូនខ្លាឃ្មុំ ប្រជាពលរដ្ឋ សង្គ្រោះពីអន្ទាក់ព្រាន នឹងបានប្រគល់ជូនមន្ត្រីឧទ្យាននុរក្សនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥កញ្ញា។ រូបភាព៖ ក្រសួងបរិស្ថាន
កូនខ្លាឃ្មុំ ប្រជាពលរដ្ឋ សង្គ្រោះពីអន្ទាក់ព្រាន នឹងបានប្រគល់ជូនមន្ត្រីឧទ្យាននុរក្សនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥កញ្ញា។ រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
កូនសត្វខ្លាឃ្មុំមួយក្បាល ត្រូវបានប្រជាពលរដ្ឋ សង្គ្រោះពីអន្ទាក់ព្រាន នឹងបានប្រគល់ជូនមន្ត្រីឧទ្យាននុរក្ស នៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥កញ្ញា ។​ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ ខ្លាឃ្មុំនេះ ជាប្រភេទ សត្វកម្រ និងជិតផុតពូជ ។

 
កូនខ្លាឃ្មុំប្រភេទ  Asiatic black bear (Ursus thibetanus) ត្រូវបានមន្ត្រីឧទ្យានុរក្ស យករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីមើលថែ​សុខភាព រហូតខ្លាឃ្មុំនេះមានសុខភាពរឹងមាំ មន្ត្រីឧទ្យានុរក្សនឹងប្រលែងចូលព្រៃធម្មជាតិវិញ។
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានThmeyThmey តាមបណ្ដាញសង្គមតេឡេក្រាមថា កូនសត្វខ្លាឃ្មុំនេះ ជាប្រភេទសត្វជិតផុតពូជ។​ ប្រភេទខ្លាឃ្មុំនេះ ក៏ត្រូវបានចុះក្នុងបញ្ជី ក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ ក្នុងពិភពលោក។ 
 
បើតាមលោក​ នេត្រ ភក្តា្រ ខ្លាឃ្មុំនេះមានរស់នៅក្នុងប្រទេសកម្ពុជានៅតំបន់ ជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ខ្លាឃ្មុំប្រភេទនេះ បានថយចុះក្នុងប្រទេសកម្ពុជា ដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ 
 
« ខ្ញុំអំពាវនាវដល់ពលរដ្ឋនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អ គួរបោះចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូរដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់ »។ នេះជាការអំពាវនាវរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ។​
 
ប្រភេទសត្វខ្លាំឃ្មុំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ រយៈពេល ៨ ខែមកនេះ មន្រ្តីក្រសួងបរិស្ថានចាប់បាន អន្ទាក់ជាង ២ ម៉ឺន ក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាលផងដែរ៕



Tag:
 ThmeyThmey
  កូនខ្លាឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com