ជាតិ
ផែស៊ូជីង មិនទាន់មានសកម្មភាពអភិវឌ្ឍន៍ច្រើនឡើយ ក្រោយរដ្ឋចូលគ្រប់គ្រងជាងមួយខែ
26, Sep 2021 , 9:29 pm        
រូបភាព
សៀមរាប៖ ជាងមួយខែមកហើយ ដែលរាជរដ្ឋាភិបាលសម្រេចដកហូកការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន​ ផែទេសចរណ៍ ស៊ូជីង ដែលអភិវឌ្ឍន៍តំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប។ មួយខែមកនេះ ពុំទាន់មានអ្វីផ្លាស់ប្ដូរច្រើនទេ គ្រាន់តែអាជ្ញាធរបានដកហូតទ្រព្យសម្បត្តិដែលមានមកគ្រប់គ្រងជំនួសវិញ។ រីឯសមាគមកាណូតដឹកភ្ញៀវទេសចរ រដ្ឋនៅរក្សាទុកដដែល។ តាមការបញ្ជាក់ពីម្ចាស់ទូកមួយរូបប្រាប់ថា កាណូតទេសចរណ៍ទាំងតូច ទាំងធំនៅកំពង់ផែនេះ សរុបប្រមាណ៥០០ទូក។

 
ងាកទៅមើលហេដ្ឋារចនាសម្ព័ន្ធវិញ ក្រោយត្រូវបង្ខំឱ្យចាកចេញ ក្រុមហ៊ុន ស៊ូជីង ទើបនឹងសាងសង់ខ្លោងទ្វារចូលដ៏ធំមួយ និងពង្រីកផ្ទៃដីផែបន្ថែម ក៏ដូចជាសង់តូបជួល និងផ្សារនៅផ្នែកខាងក្រោម ដែលសំណង់ខ្លះនៅមិនទាន់សង់រួចរាល់នៅឡើយ។ អាគារកម្ពស់៣ជាន់ និងក្បែរនោះ បានដាក់ស្លាកយានដ្ឋានជួសជុលយានយន្តគ្រប់ប្រភេទ ក៏លែងមានបុគ្គលិកធ្វើការទៀតដែរ។ បច្ចុប្បន្ននេះ មានតែកម្លាំងអាជ្ញាធរដែលកំពុងឈរជើងយាមកាម និងការហ៊ុមខ្សែព័ទ្ធជុំវិញប៉ុណ្ណោះ។ យ៉ាងណា ចរាចរណ៍នៅតែអនុញ្ញាតឱ្យចេញចូលជាធម្មតាក្នុងបរិវេណផែដ៏ធំមួយនេះ។
 
សូមបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែកក្កដា បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ស៊ូជីងទាំងស្រុង ដោយប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន៕
 
សូមអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃផែទេសចរណ៍ ស៊ូជីង ដែលថតនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដូចតទៅ៖ 























Tag:
 ផែទេសចរណ៍ ស៊ូជីង
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com