ជាតិ
ពលរដ្ឋជាង ៦ពាន់គ្រួសារ នៅបន្ទាយមានជ័យ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
27, Sep 2021 , 9:59 pm        
រូបភាព
រូបភាពពីកងពលតូចថ្មើរជើងលេខ ៥១
រូបភាពពីកងពលតូចថ្មើរជើងលេខ ៥១
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៦៦៨៦គ្រួសារ ដែលរស់នៅក្រុង-ស្រុកចំនួន ៦។ នេះបើតាមតួលេខបឋមរបស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ កញ្ញា។



ឥទ្ធិពលជំនន់ទឹកភ្លៀង រួមផ្សំនឹងចរន្តទឹកហូរចេញពីខេត្តបាត់ដំបង និងព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ចំនួន ៦៦៨៦គ្រួសារ។ ដើម្បីជួយសង្រ្គោះពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងសមត្ថកិច្ច រួមទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន ៧៣៦គ្រួសារ។
 
បើតាមលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ៦ ដែលស្មើនឹង ៣០ឃុំ-សង្កាត់។ តួលេខខាងលើ បញ្ជាក់ថា ជំនន់ទឹកភ្លៀង ក៏បានប៉ះពាល់ដំណាំស្រូវ ៥ពាន់ហិកតា និងដំណាំរួមផ្សំ ៣០៩ហកិតា។ ដោយឡែក ប្រជាពលរដ្ឋដែលស្នាក់នៅទីទួលសុវត្ថិភាព បានទទួលស្បៀងសង្រ្គោះបន្ទាន់ពីសម្ដេច ហ៊ុន សែន រួមទាំងជំនួយរបស់អង្គការនានាផងដែរ។ 
 
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ កញ្ញានេះ ស្ថានភាពទឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ច្រកក្បាលស្ពាន ស្ថិតនៅស្រុកម៉ាឡៃ ទឹកអូរស្រក ០.៦ម៉ែត្រ។ សម្រាប់ ច្រកអូរល្ងុង ស្ថិតនៅក្រុងប៉ោយប៉ែត ទឹកអូរកើន ០.០៤ម៉ែត្រ, ច្រកអូរបីជាន់ នៅស្រុកអូរជ្រៅទឹកអូរកើន០.០៣ម៉ែត្រ និងច្រកអូរកំបុត នៅស្រុកថ្មពួក ទឹកកើន ០.០៣ម៉ែត្រ។ ទឹកនៅច្រកទ្វារព្រំដែនទាំងនេះ ជាទឹកហូរចេញពីប្រទេសថៃ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម៕ 
 
 

Tag:
 ជំនន់ទឹកភ្លៀង
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com