ជាតិ
ទឹកអាងតាម៉ុក ស្រកចុះវិញ ក្រោយ​​ទឹកធ្លាក់ពីលើភ្នំថមថយ
27, Sep 2021 , 5:28 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្ថានភាពទឹកអាងតាម៉ុក ស្រកចុះវិញហើយ ក្រោយ​​ទឹកធ្លាក់ពីលើភ្នំថមថយ នៅ​ព្រឹក​ថ្ងៃទី​២៧ កញ្ញា នេះ។ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ មានកម្ពស់ ៣,៩៥ម៉ែត្រ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។



លោក ប៉ែន កុសល្យ​ អភិបាលខេត្តឧត្តរមានជ័យ ប្រាប់សារព័ត៌មាន​ថ្មីៗ២៥ថា​ ស្ថានភាពទឹកនៅចំណុចអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង កំពុងបន្តស្រកបណ្ដើរ ដោយសារតែអាកាសធាតុអំណោយផល ធ្វើឱ្យទឹកធ្លាក់ពីលើភ្នំថយចុះ។ អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា៖ «ស្ថានភាពទឹក​មិនទាន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទេ។ ទូទាំងខេត្តមានតែស្រុកបន្ទាយអំពិលលិច ដោយសារទឹកហូរធ្លាក់ពីលើភ្នំ និងស្រុកចុងកាលមានហូរមកពីបន្ទាយមានជ័យ ប៉ុន្ដែហូរចូលក្នុងអាងមេ ដូច្នេះមិនទាន់មានផលប៉ះពាល់ដល់ស្រុកណាមួយនៅឡើយទេ។ ចំពោះដំណាំពលរដ្ឋមានប៉ះពាល់តិចតួចលក្ខណៈគ្រួសារប៉ុណ្ណោះ»។
  


រូបភាពក្រសួងធនធានទឹក និងឧតុនយម

ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ មិនទាន់ដល់​កម្រិត​ប្រកាសអាសន្ន ហើយ​​ពលរដ្ឋមួយចំនួន មិនទាន់មាន​ការ​ព្រួយបារម្ភនៅ​ឡើយទេ​។ បើតាម​អភិបាលខេត្តរូបនេះ ពលរដ្ឋក្នុង​តំបន់​មួយចំនួន​ ទម្លាប់នឹងស្ថានភាពទឹកជន់លិច ដែលតែងកើតមានជារៀងរាល់ឆ្នាំ។
 
«ទឹកត្រឹមកម្រិតនេះ មិនទាន់មានដល់ដំណាក់កាលជម្លៀសពលរដ្ឋចេញនៅឡើយទេ។ ទឹកឡើងប៉ុណ្ណេះពួកយើងភ័យខ្លាច តែពួកគាត់បែរទៅជាសប្បាយដោយសារទឹកឡើង ​ហើយនាំគ្នាយកសំណាញ់ ទៅបង់ទៅវិញ»។ នេះជាការរៀបរាប់របស់ លោក ប៉ែន កុសល្យ​។
 
សូម​បញ្ជាក់ថា កាល​ពី​ថ្ងៃទី​២២-២៦ កញ្ញា ​កម្ពុជា បាន​រងឥទ្ធិពលប្រព័ន្ធ​សម្ពាធទាម (ITCZ) ដែល​អូស​បន្លាយ​កាត់​លើ​តំបន់ជួរភ្នំ​ដងរែក​ និង​ខ្ពង់រាបឦសាន ជាមួយ​នឹង​ខ្យល់​មូសុងនិរតីបក់នៅ​ក្នុង​ល្បឿន​មធ្យម​ទៅ​បង្គួរ​។ ស្ថាន​ភាពបែបនេះ បានធ្វើ​ឱ្យ​បណ្ដាខេត្ត​មួយ​ចំនួន ជន់លិច​ដោយសារ​ជំនន់ទឹក​ភ្លៀង​៕

Tag:
 ជំនន់ទឹកភ្លៀង
  អាងទឹកតាម៉ុក
© រក្សាសិទ្ធិដោយ thmeythmey.com