COVID-19
ជាតិ
ពីនេះ ពីនោះ
ទឹកជំនន់បន្ទាយមានជ័យ៖ ពលរដ្ឋខ្លះ មិនព្រមជម្លៀសទៅទីទួលសុវត្ថិភាពឡើយ ព្រោះខ្លាចកូវីដ-១៩
27, Sep 2021 , 6:29 pm        
រូបភាព
អាជ្ញាធរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ តាមផ្ទះពលរដ្ឋ ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ តាមផ្ទះពលរដ្ឋ ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ ពលរដ្ឋមួយចំនួន ក្នុងស្រុកសេរីសោភ័ណ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ មិនជម្លៀសទៅទីទួលសុវត្ថិភាពឡើយ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ។ បច្ចុប្បន្នក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ប្រឈមជំនន់ទឹកភ្លៀងខ្លាំង ខណៈអាជ្ញាធរត្រៀមកម្លាំង និងទូក ដើម្បីអន្តរាគមន៍ទាន់ពេលវេលាដល់ពលរដ្ឋ។


 
លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ប្រាប់អ្នកសារព័ត៌មាន នៃសារព័ត៌មាន BTV ថា ពលរដ្ឋខ្លះ មិនទាន់ចង់ជម្លៀសនៅទីទួលសុវត្ថិភាពឡើយ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩។ លោកបន្ថែមដូច្នេះ៖ «យើងដើរនិយាយជាមួយពួកគាត់ ពួកគាត់សុខចិត្តកល់(ជើង)គ្រែ។ ហានិភ័យរបស់គាត់ធំជាងគេ គឺកូវីដ-១៩។ បើកាលណាគាត់ទៅទួលសុវត្ថិភាព ជួនកាលវាច្របូកច្របល់»។ 
 
លោក គន់ គីម អះអាងទៀតថា ថ្វីបើពលរដ្ឋមួយចំនួន មិនទាន់ជម្លៀសក៏ដោយ ប៉ុន្តែអាជ្ញាធរ បានពង្រាយទូក តាមលំនៅដ្ឋានរបស់ពួកគេ ដើម្បីសង្គ្រោះឱ្យទាន់ពេលវេលាផងដែរ។ បើតាមលោក គន់ គីម ទីទួលសម្រាប់ជម្លៀសពលរដ្ឋនោះ គឺកម្លាំងអាជ្ញាធរ បានរៀបចំតុង និងរក្សាគម្លាតពីគ្នាផងដែរ ដើម្បីបង្កាជំងឺកូវីដ-១៩ អំឡុងពេលពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ននេះ។ 
 
ក្នុងចំណោមស្រុក និងក្រុងទាំង៦ ក្នុងខេត្តបន្ទាយមានជ័យ គឺក្រុងសេរីសោភ័ណ និងស្រុកមង្គលបុរី រងគ្រោះដោយជំនន់ទឹកភ្លៀងនេះខ្លាំងជាងគេ ដោយសារ ទីតាំងទាំងពីរនេះស្ថិតនៅជាប់ស្ទឹង។ នេះបើតាមលោក គន់ គីម ដោយបន្ថែមថា ក្រុងប៉ោយប៉ែត មិនសូវប្រឈមដោយជំនន់ទឹកភ្លៀងឡើយ ដោយសារលំនៅដ្ឋានពលរដ្ឋ ក្នុងទីតាំងនេះមានកម្ពស់ខ្ពស់ បើទោះជាកម្ពស់ទឹកឡើងខ្ពស់ក៏ដោយ។
 
ជុំវិញបញ្ហាអាកាសធាតុនេះ អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ នៅប្រទេសថៃនឹងមានព្យុះ ដែលនឹងអាចមានឥទ្ធិពលមកលើខេត្តបន្ទាយមានជ័យផងដែរ។ 
 
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ ជំនន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចស្រូវប្រមាណ ៥ពាន់ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា ខណៈជម្លៀសពលរដ្ឋ ៧៣៦គ្រួសារ ទៅទីទួលសុវត្ថិភាពផងដែរ។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

Tag:
 ThmeyThmey25
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com