ជាតិ
មេសហជីព និងសង្គមស៊ីវិល ថា រដ្ឋដំឡើងប្រាក់ឈ្នួលកម្មករ២ដុល្លារ មិនស្របអតិផរណា និងសេដ្ឋកិច្ច
28, Sep 2021 , 2:57 pm        
រូបភាព
កម្មករធ្វើយុទ្ធនាការឲ្យដំឡើងប្រាក់ឈ្នួល២១៤នៅឆ្នាំ២០២២ កាលពីថ្ងៃទី២៥កញ្ញា ២០២១។ (រូបពី CATU)
កម្មករធ្វើយុទ្ធនាការឲ្យដំឡើងប្រាក់ឈ្នួល២១៤នៅឆ្នាំ២០២២ កាលពីថ្ងៃទី២៥កញ្ញា ២០២១។ (រូបពី CATU)
ភ្នំពេញ៖ សង្គមស៊ីវិលនិងមេសហជីព បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ដែលរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលកម្មករត្រឹមតែ២ដុល្លារ ខណៈស្ថានភាពជីវភាពពួកគេកាន់តែពិបាក ក្នុងវិបត្តិកូវីដ-១៩។ សង្គមស៊ីវិលអះអាងថា និយោជកមានលទ្ធភាពដំឡើងប្រាក់ឈ្នួលឲ្យខ្ពស់ជាងនេះ ព្រោះទំហំនៃការនាំចេញផលិតផលកើនឡើង។

 
រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែគោលរបស់កម្មកររោងចក្រកាត់ដេរ ត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដែលស្មើ១៩៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២២ ។ មេសហជីព ចាត់ទុកការសម្រេចនេះ មិនសាកសមជាមួយនឹងកំណើនសេដ្ឋកិច្ច។ 
 
 
លោក អាត ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជាថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា  ទឹកប្រាក់២ដុល្លារបន្ថែមនេះ គឺតិចតួចបំផុត ស្របពេលកម្មករកំពុងស្ថិតក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩។ លោក អាត ធន់ សង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលនេះ តិចជាងកំណើនអតិផរណា ដែលនាំឲ្យកម្មករប្រឈមនឹងការលំបាកកាន់តែខ្លាំង។


លោក អាត ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា។ (រូបពី CLC)
 
ប្រធាន​សហ​ភាព​ការងារ​កម្ពុជារូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ចំនួន២ដុល្លារ គឺតិចបំផុត ដែលយើងមិនគិតថា ដំឡើងតិចបែបនេះទេ! ព្រោះបើយើងគិតពីស្ថានភាពលំបាកបច្ចុប្បន្នរបស់កម្មករ ហើយចំនួននេះ គឺទាបជាងអតិផរណាទៅទៀត»។ 
 
 
ចំពោះប្រាក់អប្បរមារបស់កម្មករនៅឆ្នាំ២០២២នេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ ក៏យល់ថា វាមានចំនួនទាបជាងអតិផរណាដែរ។ បើតាមលោក ថារ៉ូ និយោជកនៅតែទទួលបានផលចំណេញពីដំណើរការនាំចេញផលិតផល នៅក្នុងបរិបទកូវីដ-១៩នេះ ។ 
 
 
«ការដំឡើងនេះ មិនឆ្លុះបញ្ចាំងពីសន្ទុះតម្លៃទំនិញលើទីផ្សារដែលបានព្យាករណ៍។ បើគិតតាមផ្នែកសេដ្ឋកិច្ច យ៉ាងហោចណាស់ក៏ត្រូវដំឡើងពី៥ឬ៦ដុល្លារ»។ នេះបើតាមលោក ឃុន ថារ៉ូ ។


លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់។ (រូបពីហ្វេសប៊ុករបស់លោក ឃុន ថារ៉ូ)
 
 រយៈពេល៨ខែ ចាប់ពីខែមករា ដល់សីហា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ជាង៥ពាន់លានដុល្លារ ដែលកើនឡើង៣.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានទំហំជាង៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
 
មុននឹងសម្រេចដំឡើង២ដុល្លារបន្ថែមលើប្រាក់ខែគោលកម្មករនេះ គឺមានការប្រជុំសម្រេច ជាត្រីភាគី ដោយក្នុងនោះ មានសហជីព និយោជក និងមន្ត្រីក្រសួងការងារ តំណាងរដ្ឋាភិបាល។ សម្រាប់តួលេខអំពីប្រាក់ខែកម្មករនិយោជិតនៅឆ្នាំ២០២២ មាន៣ គឺ២០៤ដុល្លារ ដែលស្នើដោយមេសហជីពតំណាងកម្មករនិយោជិត , ១៩២ដុល្លារដដែល ស្នើដោយតំណាងរដ្ឋាភិបាល និង ១៨៨ដុល្លារ ស្នើដោយតំណាងនិយោជក។ លទ្ធផលនៃការបោះឆ្នោត តួលេខ២០៤ដុល្លារ ទទួលបាន៦សំឡេង លើ៥១សំឡេង , តួលេខ១៩២ដុល្លារ ទទួលបាន៤៥សំឡេង លើ៥១សំឡេង និង តួលេខ១៨៨ដុល្លារ ទទួលបាន០សំឡេង លើ៥១សំឡេង។
 
ដូច្នេះ សេចក្តីសម្រេច ត្រូវជ្រើសរើសយកតួលេខ១៩២ដុល្លារ។ ដោយសារមានការសម្រេចពីប្រមុខរដ្ឋាភិបាល ឲ្យដំឡើង២ដុល្លារទៀត ទើបធ្វើឲ្យប្រាក់ខែកម្មករនិយោជិត ឡើងបាន១៩៤ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២២៕ 

Tag:
 ការងារ
  ប្រាក់ខែ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com