ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទំនាស់ផ្ទៃក្នុងហ៊្វុនស៊ិនប៉ិច ដូចភ្លៀងរលឹម
28, Sep 2021 , 4:10 pm        
រូបភាព
សម្តេចក្រុមព្រះ យាងទៅពិនិត្យព្រះសុខភាព នៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៧ (មុនព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍)។ រូបពីគណនីហ្វេសប៊ុក ព័ត៌មានសម្តេចក្រុមព្រះ
សម្តេចក្រុមព្រះ យាងទៅពិនិត្យព្រះសុខភាព នៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៧ (មុនព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍)។ រូបពីគណនីហ្វេសប៊ុក ព័ត៌មានសម្តេចក្រុមព្រះ
ដោយ: ថ្មីៗ
មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច នៅតែមិនចុះសម្រុងនឹងគ្នា ខណៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន កំពុងគង់ព្យាបាលព្រះកាយនៅប្រទេសបារាំង។

 


ជម្លោះផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ស្ទើរតែអាចប្រៀបដូចជាភ្លៀងរលឹមទៅហើយ ដោយម្តងត្រូវគា្ន ម្តងប៉ះទង្គិចគ្នា។ ឈានចូលខែកញ្ញា ឆ្នាំ២០២១នេះ ការទាស់ទែងគ្នាក្នុងគណបក្សរាជានិយមមួយនេះ ក៏ផ្ទុះឡើងសាជាថ្មី រហូតដល់មានការដកមន្រ្តីជាន់ខ្ពស់៣រូបចេញពីគណបក្ស។ 
 
មន្រ្តីជាន់ខ្ពស់ទាំង៣រូប ដែលត្រូវបានបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច គឺលោក សាយ ហាក់ អនុប្រធានគណបក្ស លោក ហេង ចន្ថា អនុប្រធានគណបក្ស លោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្ស។ ការដកអ្នកទាំង៣រូប គឺធ្វើឡើងតាមរយៈសេចក្តីសម្រេច ចុះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលមានត្រាគណបក្ស ព្រះនាមរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្ស និង ព្រះហស្ថលេខារបស់ព្រះអង្គ។ 
 
គេ មិនដឹងច្បាស់ថា ការចេញសេចក្តីសម្រេចស្តីពីការដកមន្រ្តីជាន់ខ្ពស់ទាំង៣នោះ ជាព្រះតម្រិះរបស់សម្តេចក្រុមព្រះផ្ទាល់ពិតមែន ឬក្រុមមន្រ្តីរបស់ព្រះអង្គ សម្រេចជាអត្តនោម័តិខ្លួនឯង ហើយយកត្រាគណបក្ស ព្រះនាមរបស់ព្រះអង្គ និងព្រះហស្ថលេខារបស់ព្រះអង្គ ទៅប្រើ ដើម្បីដកអ្នកទាំង៣នោះទេ។
  
ការដកមន្រ្តីជាន់ខ្ពស់ទាំង៣នាក់នោះ ត្រូវបានមន្រ្តីខ្លះ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិចជំទាស់។ លោក ចាប ញ៉ាលីវុធ ជាអនុប្រធានគណបក្សម្នាក់ដែរនោះ បានចេញលិខិតបដិសេធ ចំពោះការដកមន្រ្តីជាន់ខ្ពស់ទាំង៣នាក់ខាងលើ។ ក្នុងលិខិតរបស់លោក ដែលចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រើឋានៈលោក ជាប្រធានស្តីទីគណបក្ស និងបានសរសេរថា ជ. ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានន័យថា លោក ចេញលិខិតនេះ ជួសឲ្យសម្តេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្ស។ 
 
នៅពេលលោក ចេញលិខិតបដិសេធបែបនេះ មានន័យថា មន្រ្តីជាន់ខ្ពស់ទាំង៣នាក់នោះ នៅតែជាមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចដដែល? លោក ចាប ញ៉ាលីវុធ ឆ្លើយជាមួយសារព័ត៌មានថ្មីៗយ៉ាងខ្លីថា៖«ប្រាដកហើយ»។ 
 
លោក ជឿថា ការចេញសេចក្តីសម្រេចស្តីពីការដកមន្រ្តីជាន់ខ្ពស់ទាំង៣នាក់នោះ មិនមែនជាព្រះតម្រិះរបស់សម្តេចក្រុមព្រះឡើយ តែជាការសម្រេចរបស់ក្រុមមន្រ្តី ដែលកាន់កាប់ត្រា។ លោក មានប្រសាសន៍ថា៖«ខ្ញុំ ស្គាល់បងខ្ញុំច្បាស់ណាស់ ព្រះអង្គលោក អត់ដែលបានដកអ្នកណាដកអ្នកណីទេ»។  
 
លោក ចាប ញ៉ាលីវុធ សរសេរក្នុងលិខិតបដិសេធរបស់លោកថា សេចក្តីសម្រេចស្តីពីការដកមន្រ្តីជាន់ខ្ពស់ទាំង៣នាក់នោះ មិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាលឡើយ។ លោក អះអាងថា អ្នក ដែលចេញសេចក្តីសម្រេចនោះ បានប្រើត្រាគណបក្ស និងព្រះហស្ថលេខារបស់សម្តេចព្រះប្រធានគណបក្ស ដោយគ្មានឯកភាពពីសម្តេចព្រះប្រធាន។ លោក ថ្កោលទោសចំពោះអ្នក ដែលយកត្រាគណបក្ស និងព្រះហស្ថលេខាសម្តេចព្រះប្រធាន ទៅប្រើប្រាស់ដោយបំពានលក្ខន្តិកៈគណបក្សបែបនេះ។ 
 
លោក ញឿន រ៉ាដែន ដែលទើបនឹងត្រូវបានតែងតាំងជាអ្នកនាំពាក្យថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងប្រទេស បានជួបពិភាក្សាជាមួយសម្តេចក្រុមព្រះតាមប្រព័ន្ធវីដេអូ។ លោក ញឿន រ៉ាដែន លើកឡើងថា៖«លោក មានបន្ទូលណែនាំថា បើមានថ្នាក់ដឹកនាំ ចេះតែរឹងរូស ពិសេសរំលោភលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង លោក ក៏ត្រូវពិនិត្យពិចារណាធ្វើទៅតាមវិន័យរបស់គណបក្សដែរ»។   
 
យ៉ាងណា អ្នកនាំពាក្យថ្មីរូបនេះ ជឿជាក់ថា ពេលសម្តេចក្រុមព្រះ យាងមកកម្ពុជាវិញ រាល់បញ្ហាក្នុងគណបក្ស នឹងត្រូវបញ្ចប់ ហើយថ្នាក់ដឹកនាំរបស់ព្រះអង្គ នឹងនាំគ្នាទៅក្រាបថ្វាយបង្គំព្រះអង្គ ដែលនឹងធ្វើឲ្យអ្វីៗ ល្អប្រសើរឡើងវិញ។ លោក មានប្រសាសន៍ថា៖«ព្រះអង្គ ក៏មិនដែលដាក់ទោសថ្នាក់ដឹកនាំគណបក្សណាមួយដែរ សុទ្ធតែជាកូនចៅលោកទាំងអស់»។ 

ការតែងតាំងលោក ញឿន រ៉ាដែន ជាអ្នកនាំពាក្យជំនួសលោក ផាន់ សិទ្ធី ក៏ត្រូវបានលោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធដែរ។
 
លោក ញឿន រ៉ាដែន ផ្តល់ព័ត៌មានថា ស្ថានភាពសុខភាពរបស់សម្តេចក្រុមព្រះ បានល្អប្រសើរហើយនាពេលបច្ចុប្បន្ន ហើយព្រះអង្គ គ្រោងយាងមកកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំកម្លាំងគណបក្ស ចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។ សម្តេចក្រុមព្រះ ចាប់ផ្តើមមានរោគាពាធ នៅពេលព្រះអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៨មក។ 
 
គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ឈ្នះឆ្នោត និងបានដឹកនាំរដ្ឋាភិបាល កាលពីអាណត្តិទី១ ក្នុងទសវត្សរ៍៩០ បានចាប់ផ្តើមបែកកម្លាំងបន្តិចម្តងៗ ហើយប្រជាប្រិយភាព ក៏បន្តធ្លាក់ចុះជាលំដាប់។ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច មិនបានកៅអីក្នុងរដ្ឋសភាសូម្បីតែមួយ។ គេ មិនដឹងថា គណបក្សរាជានិយមមួយនេះ នឹងអាចស្រង់ប្រជាប្រិយភាពបានឡើងវិញ ឬក៏យ៉ាងណានោះទេ ខណៈផ្ទៃក្នុងគណបក្ស ចេះតែរង្គោះរង្គើរស្ទើរតែគ្មានពេលស្បើយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com