ជាតិ
ទឹកជំនន់៖ ដំណាំស្រូវជាង ២ម៉ឺនហិកតានៅបន្ទាយមានជ័យ ត្រូវ​បាន​ជន់លិច​
28, Sep 2021 , 4:44 pm        
រូបភាព
រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ ជំនន់ទឹក​ភ្លៀង​ នៅខេត្ត​បន្ទាយមានជ័យ បាន​ធ្វើឱ្យដំណាំ​​ស្រូវ​របស់​ប្រជាពលរដ្ឋចំនួន ២៥,២២៣ហិកតា និង​ដំណាំ​រួម​ផ្សំ ៣០១ហិកតា ជន់លិច។ ក្រៅ​ពី​ជន់​លិច​ផល​ដំណាំ ជំនន់ទឹក​ភ្លៀង ក៏​បានធ្វើឱ្យ​​ប៉ះពាល់ដល់​ពលរដ្ឋ​ចំនួន ៨,៥១១គ្រួសារផងដែរ។​ នេះ​បើតាម​តួលេខ​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា។



ក្រុង-ស្រុក​ចំនួន ៦ នៃ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​រងគ្រោះដោយសារ​ជំនន់ទឹក​ភ្លៀង រួម​ផ្សំ​នឹង​ចរន្ត​ទៅ​ហូរចេញ​ពី​ស្រុក​បរវេល ខេត្ត​បាត់ដំបង និង​ពី​ព្រំដែនកម្ពុជា-ថៃ។ ជំនន់ទឹក​ភ្លៀងនេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋចំនួន ៨,៥១១គ្រួសារ។ បើតាម​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋ​ចំនួន ៩៣០គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់ទី​ទួល​សុវត្ថិភាព។


               សកម្មភាព ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 
ដោយ​ឡែក ​ផលដំណាំវិញ ក៏​ត្រូវ​បាន​ជន់លិច ក្នុងនោះ​លិចស្រូវចំនួន ២៥,២២៣ហិកតា និងដំណាំរួមផ្សំចំនួន ៣០១ហិកតា។ ដើម្បី​ជួយសង្រ្គោះទាន់ពេលវេលា អាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀម​សម្ភារជួយសង្រ្គោះ និង​រៀបចំ​​ទីទួលសុវត្ថិភាពដល់ពលរដ្ឋងាយរងគ្រោះ​។ 
 
សូម​បញ្ជាក់ថា ក្នុង​ចំណោម​ក្រុង-ស្រុក​ចំនួន ៦ នៃ​ខេត្ត​បន្ទាយមានជ័យ គឺ​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គលបូរី ដែល​ជន់លិ​ច​ធ្ងន់ធ្ងរជាងគេ។ ក្នុង​ប្រតិបត្តិការ​ជួយសង្រ្គោះ​ពលរដ្ឋ​រងគ្រោះ​ដោយទឹក​ជំនន់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យនេះ មាន​ការចូលរួម​ពី​​លោក គន់ គីម ប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​ទាំង​កងកម្លាំង​ពាក់ព័ន្ធ៕ 

Tag:
 ទឹកជំនន់
  បន្ទាយមានជ័យ
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com