ជាតិ
ពលរដ្ឋជិត ២ម៉ឺនគ្រួសារ​នៅបន្ទាយមានជ័យ រងគ្រោះដោយសារទឹកជំនន់
29, Sep 2021 , 2:37 pm        
រូបភាព
រូបភាពពី​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពពី​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ គិត​ត្រឹម​យប់​ថ្ងៃទី​២៨ កញ្ញា ទឹក​ជំនន់នៅខេត្ត​បន្ទាយមានជ័យ បន្ត​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៨,៧១៥គ្រួសារហើយ ដែលរស់នៅ​ក្នុង​ឃុំ-សង្កាត់ចំនួន ៣៨ នៃក្រុង-ស្រុកចំនួន៦។ ក្រៅ​ពី​ប៉ះពាល់ដល់​ពលរដ្ឋ ជំនន់ទឹក​ភ្លៀងនេះ ក៏​បាន​ប៉ះពាល់ដល់​ផល​ដំណាំជាង ២ម៉ឺន​ហិកតាផងដែរ។



តួលេខបឋម​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ទឹក​ជំនន់​នៅខេត្ត​បន្ទាយមានជ័យ បានបង្ក​ផល​ប៉ះពាល់ដល់​ប្រជាពលរដ្ឋចំនួន ​១៨,៧១៥គ្រួសារ ក្នុងនោះ​ពលរដ្ឋ​ចំនួន ១,១៥០គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួលសុវត្ថិភាព​។ ជំនន់ទឹក​ភ្លៀង រួម​ផ្សំ​នឹង​ចរន្ត​ទឹក​ហូរចេញ​ពី​ខេត្ត​បាត់ដំបង និង​ព្រំដែនកម្ពុជា-ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ នៃ​ខេត្ត​បន្ទាយមានជ័យ។ 
 
បើតាម​តួលេខខាងលើ ជំនន់ទឹក​ភ្លៀងនេះ បាន​ប៉ះពាល់សាលារៀន ២៦កន្លែង, វត្ត ៩កន្លែង និងមណ្ឌលសុខភាព ២កន្លែង។ ជាមួយ​គ្នានេះ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា ត្រូវ​បានជន់លិច។ 
 
ជុំវិញការវិវត្តនៃ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ សារព័ត៌មាន​ថ្មីៗ២៥ មិន​អាច​សុំ​ការ​បញ្ជាក់ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឡើយ ដោយលោកអះអាងថា ជាប់​ប្រជុំ​។


   រូបភាពពី​ហ្វេសប៊ុក​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ
 
គួរ​បញ្ជាក់ថា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ កញ្ញា បាន​ព្យាករថា កម្ពុជា នឹង​បន្តធ្លាក់​រយៈពេល​មួយសប្ដាហ៍ទៀត។ ក្រសួង​ធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះថ្នាក់ដែល​អាច​កើត​ឡើងជា​យថាហេតុ៕​

Tag:
 ទឹកជំនន់
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com