កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Solskjaer ថា Villarreal ជាក្រុមខ្លាំងពិបាកយកឈ្នះ តែ Man Utd គឺល្អជាងឆ្នាំមុន
29, Sep 2021 , 7:29 pm        
រូបភាព
រូបភាព៖ Red Devil Armanda និង Manchester United
រូបភាព៖ Red Devil Armanda និង Manchester United
ក្រុមបិសាចក្រហម Manchester United ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Villarreal វេលាម៉ោង ២រំលងអធ្រាត្រ(ម៉ោងនៅកម្ពុជា)ឈានចូលថ្ងៃទី៣០ ខែកញ្ញា សម្រាប់វគ្គចែកពូល UEFA Champion League ។


ការប្រកួតពូល F រវាង Menchester United នឹងក្រុមមកពីអេស្ប៉ាញ Villarreal ជាការប្រកួតសងសឹកមួយ ក្រោយក្រុមបិសាចក្រហមមួយនេះ បានភ្លាត់ស្នៀតចាញ់ កាលពីឆ្នាំមុន។ Man Utd ចាញ់បាល់ពិន័យ ១១ម៉ែត្រក្រោមថ្វីជើង Villarreal នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ដោយកាលណោះឈានទៅស៊ុតបាល់ទី១១ ដោយអ្នកចាំទី David De Gea ស៊ុតបាល់មិនចូលទី ដែលផ្ដល់ឱកាសឱ្យក្រុមមកពីអេស្ប៉ាញលើកពានតែម្ដង។
 
ក្រុមទាំង២ធ្លាប់បានជួបគ្នា៥លើកមកហើយ ដោយ Man Utd មិនដែលឈ្នះក្រុម Villarreal ម្តងឡើយពោលគឺ ស្មើ៤ និងចាញ់ ១ ។ លោក Ole Gunnar Solskjaer ចាត់ទុក Villarreal ជាក្រុមខ្លាំងមួយ ដែលពិបាកយកឈ្នះ។
 
«Villarreal គឺជាក្រុមដែលមានការគ្រប់គ្រងនឹងដឹកនាំបានល្អ ចាប់តាំងពីតំបន់ខាងក្រោមរហូតមកដល់ប្រយុទ្ធ ។ ពួកគេគឺមានការយល់ចិត្តគ្នាខ្លាំងណាស់ ជាមួយនឹងតិចនិចលេងជាក្រុមបានយ៉ាងល្អ។ ពួកយើងត្រូវការដេញតាមឆក់យកបាល់ពីពួកគេដោយលំបាក ហើយយើងពិតណាស់ថាពិបាកក្នុងការបង្កើតឱកាសទល់នឹងពួកគេ។»នេះជាការស្រង់សម្តីរបស់លោក Ole Gunnar Solskjaer របស់គេហទំព័រ Manchester United។
 
តែយ៉ាងណាលោក Solskjaer ជឿជាក់លើទម្រង់លេងកូនក្រុមខ្លួនបច្ចុប្បន្ននេះ។ លោក អះអាងថា ក្រុមលោកនឹងបង្ហាញទម្រង់លេងល្អជាងឆ្នាំមុន។ « ការប្រកួតជាមួយ Villarreal គឺជាប្រកួតមួយដ៏ពិបាកប៉ុន្តែក្រុមយើងនៅពេលនេះគឺល្អជាងពេលវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំមុន ពួកយើងបានត្រៀមយ៉ាងល្អ ការប៉ះបាល់ គុណភាពនៃក្រុម ពួកយើងនឹងបង្កើតឳកាសបានច្រើននៅយប់នេះ»។ នេះជាការបញ្ជាក់របស់លោក Solskjaer។
 
ការប្រកួតនារាត្រីនេះ វេលាម៉ោង ១១:៤៥ (ម៉ោងនៅកម្ពុជា) មានជំនួបពូល F រវាងក្លិប Atalanta ទទួល Young Boys ចំណែកពូល H ក្លិប Zenit Saint Petersburg ទទួលក្លិប Malmoe FF។
 
សម្រាប់ការប្រកួតជំនួបដទៃទៀតក្នុងរាត្រីថ្ងៃទី២៩ វេលាម៉ោង ២ រំលងអាធ្រាត្រ៖
ពូល E ក្លិប Bayern Munich ទទួលក្លិប Dynamo Kyiv ចំណែកក្លិប Benfica ទទួលក្លិប Barcelona។
ពូល G ក្លិប FC Salzburg ទទួលក្លិប Lille ចំណែកក្លិប Wolfsburg ទទួលក្លិប Sevilla។
ពូល H ក្លិបសេះបង្កង់ Juventus ទទួលតោខៀវ Chelsea ។
 

Tag:
 UEFA Champion League
  Manchester United
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com