ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ជួលក្រុមហ៊ុនបរទេស ឲ្យផ្សាយពីទិដ្ឋភាពវិជ្ជមាន ខណៈសភាអាម៉េរិក អនុម័តច្បាប់ដាក់ទណ្ឌកម្ម
29, Sep 2021 , 10:00 pm        
រូបភាព
ទិដ្ឋភាពសមាជិករដ្ឋសភាអាម៉េរិក បោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ រូបពីវីដេអូ C-SPAN
ទិដ្ឋភាពសមាជិករដ្ឋសភាអាម៉េរិក បោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ រូបពីវីដេអូ C-SPAN
មន្រ្តីកម្ពុជា ជឿជាក់យ៉ាងខ្ពស់ថា ១០០ភាគរយ ប្រធានាធិបតីអាម៉េរិក នឹងទាត់ចោលសេចក្តីស្នើច្បាប់ ដែលមានទិសដៅដាក់ទណ្ឌកម្មកម្ពុជា។ ចំពោះការជួលក្រុមហ៊ុនបរទេស ឲ្យផ្សាយរឿងល្អពីកម្ពុជា ត្រូវមន្រ្តីកម្ពុជា បកស្រាយថា ជារឿងធម្មតា ដោយប្រទេសណា ក៏ធ្វើដូច្នេះដែរ។



ជាមួយកម្ពុជា អាម៉េរិក នៅតែមិនស្ងៀមស្ងាត់។ ពាក្យដាក់ទណ្ឌកម្ម នៅតែត្រូវបានអាម៉េរិក បន្តយកមកប្រើលើរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើអ្វី ដែលខ្លួនស្នើសុំ។ ការព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា តាមរយៈច្បាប់ គឺជាយន្តការមួយ ដែលប្រទេសមហាអំណាចលំដាប់លេខ១នេះ តែងជ្រើសរើសយកមកប្រើ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋសភាអាម៉េរិក បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់លេខ H.R. ៤៦៨៦ ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (H.R. 4686: Cambodia Democracy Act of 2021)។ សេចក្តីស្នើច្បាប់នេះ ត្រូវបានស្នើឡើងនៅចុងខែកក្កដា ឆ្នាំ២០២១ ដោយតំណាងរាស្រ្តមួយចំនួនរបស់អាម៉េរិក រួមមាន លោក ស្ទេវិន ចាបុត (Steven Chabot) លោក អាឡាំង ឡូវិនតាល់ (Alan  Lowenthal) លោក ប្រាតលី សឺមិន (Bradley Sherman) និង លោក នីកូឡាស់ ថាយល័រ (Nicholas Taylor)។

សេចក្តីស្នើច្បាប់លេខ H.R. ៤៦៨៦ មានគោលបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ ការបោះឆ្នោតដោយសេរី-យុត្តិធម៌នៅកម្ពុជា និងអាចក្នុងគោលបំណងផ្សេងទៀត។ សេចក្តីស្នើច្បាប់នេះ ក៏មានទិសដៅដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា រួមទាំងមេដឹកនាំក្នុងជួរកងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ ដែលត្រូវបានរកឃើញថា បានធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ ឬរំលោភសិទ្ធិមនុស្ស។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មើលឃើញថា លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ត្រូវការកម្ពុជាធ្វើជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រវាងកម្ពុជា និងអាម៉េរិក។ ដូច្នេះ លោក ហ៊ានសន្និដ្ឋានទុកជាមុនថា លោក ចូ បៃឌិន ច្បាស់ជាទាត់ចោល (Veto) សេចក្តីស្នើច្បាប់នេះ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា៖«សេចក្តីស្នើច្បាប់ហ្នឹង នឹងស្លាប់ ពេលចូលដល់សេតវិមាន។ ១០០ភាគរយ ខ្ញុំ ជឿជាក់អ៊ីចឹង ព្រោះ ចូ បៃឌិន ត្រូវការកម្ពុជាជាដៃគូ»។

លោក បានហៅការតាក់តែងសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មកម្ពុជា ថាអយុត្តិធម៌សម្រាប់កម្ពុជា និងមិនបង្ហាញពីការពិតនៅកម្ពុជា។ សម្រាប់លោក ការតាក់តែងសេចក្តីស្នើច្បាប់នេះ គឺជាការដាក់គំនាបនយោបាយមកលើកម្ពុជា។ លោក រំលេចពីចំណុចល្អរបស់កម្ពុជាថា កម្ពុជា កំពុងពង្រឹងនីតិរដ្ឋ សណ្តាប់ធ្នាប់សង្គម សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មានមតិខ្លះៗដែរ ជុំវិញការតាក់តែងសេចក្តីស្នើច្បាប់ពីសំណាក់តំណាងរាស្រ្តអាម៉េរិក ដោយមតិរបស់លោក ហាក់ចង់បញ្ជាក់ន័យថា សេចក្តីស្នើច្បាប់នេះ នឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ។

លោក សរសេរទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេក្រាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថា៖«បើច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មានប្រសិទ្ធភាពនោះ ប្រហែលប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ងាប់បាត់តាំងពី៣០-៤០ឆ្នាំមកម៉្លេះ»។

ក្នុងពេលថ្មីៗនេះផងដែរ នៅលើបណ្តាញសង្គម គេ បានឃើញឯកសារស្តីពីកិច្ចព្រមព្រៀងរវាងតំណាងរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ ហ្គ័រវីស (Qorvis Communication) ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំអាម៉េរិក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនហ្គ័រវីស។

ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជា ត្រូវបង់ប្រាក់៧ម៉ឺនដុល្លារក្នុង១ខែ ឲ្យទៅក្រុមហ៊ុនហ្គ័រវីស ហើយក្រុមហ៊ុនហ្គ័រវីស ត្រូវជួយផ្សព្វផ្សាយព័ត៌មាន ដែលកម្ពុជាផ្តល់ឲ្យ ដូចជា ជួយផ្សព្វផ្សាយព័ត៌មាន ដែលលើកកម្ពស់ការយល់ដឹងសាធារណៈអំពីកម្ពុជា រួមទាំងព័ត៌មាន ទាក់ទងនឹងឱកាសសម្រាប់ការដំណើរ និងការធ្វើទេសចរណ៍ ជាដើម។

ប៉ុន្តែ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យកម្ពុជា ផ្តល់ព័ត៌មាន ដែលត្រឹមត្រូវ និងពេញលេញ ទៅឲ្យកាន់ក្រុមហ៊ុនហ្គ័រវីស ដើម្បីក្រុមហ៊ុនហ្គ័រវីស ផ្សព្វផ្សាយជូន។ ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនហ្គ័រវីស មានសិទ្ធិបដិសេធមិនផ្សព្វផ្សាយព័ត៌មាន ដែលកម្ពុជា ផ្តល់ឲ្យ បើក្រុមហ៊ុនហ្គ័រវីស ពិនិត្យឃើញថា ព័ត៌មាននោះ មិនពិត មិនសមរម្យ និង មិនស្របច្បាប់។ 

លោក ផៃ ស៊ីផាន បកស្រាយថា ការជួលក្រុមហ៊ុនបរទេស ដើម្បីផ្សព្វផ្សាយអ្វីមួយ អំពីប្រទេសខ្លួន គឺជារឿងធម្មតា និងជារឿងទូទៅ ដោយប្រទេសណា ក៏ធ្វើដូច្នេះដែរ មិនមែនមានតែកម្ពុជាឡើយ។ លោក លើកឧទាហរណ៍ពីប្រទេសមួយចំនួនថា កូរ៉េខាងត្បូង ជប៉ុន វៀតណាម ថៃ ។ល។ សុទ្ធតែជួលក្រុមហ៊ុនបរទេស ឲ្យជួយផ្សព្វផ្សាយពីប្រទេសរបស់ពួកគេ ក្នុងគោលបំណងជួយសម្របសម្រួលរវាងប្រទេសរបស់ពួកគេ ជាមួយអាម៉េរិក ឬជាមួយប្រទេសផ្សេងទៀត ឲ្យមានការយោគយល់គ្នា និងដើម្បីឲ្យមានការអនុញ្ញាតនាំចូលទំនិញ។ លោក អះអាងថា ប្រទេសទាំងនោះ ដូចជា កូរ៉េ និងជប៉ុន ចំណាយប្រាក់អស់រាប់រយលានដុល្លារឯណោះ លើក្រុមហ៊ុនបរទេស។

លោក អធិប្បាយថា៖«រឿងហ្នឹង ធ្វើតាមច្បាប់របស់សហរដ្ឋអាម៉េរិកតើ រឿងភ្ញាក់ផ្អើល មានតែមនុស្ស អត់ស្គាល់សហរដ្ឋអាម៉េរិកទេ។...យើង ធ្វើអត់មានខុសច្បាប់ទេ។ មិនមែនយើងអាក្រក់ ទៅប្រាប់គេឲ្យធ្វើល្អ [ឲ្យផ្សាយល្អ] ណា មិនមែនអ៊ីចឹងទេ»។

តាមរយៈបណ្តាញតេឡេក្រាមដដែល លោក សុខ ឥសាន បញ្ចេញយោបល់ថា ប្រទេសខ្លះ ជួលក្រុមហ៊ុន ឲ្យជួយបញ្ចុះបញ្ចូល ឬឡប់ប៊ី (Lobby) ឯប្រទេសខ្លះ ជួលអង្គការមិនមែនរដ្ឋាភិបាល ឲ្យនិយាយបង្ខូចការពិតនៅកម្ពុជា។

អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ ឆ្លើយតបនឹងអ្នករិះគន់ថា៖«នរណាថា រាជរដ្ឋាភិបាលកម្ពុជា យកលុយរាប់សែនដុល្លារទៅជួលបរទេស ឲ្យទៅឡប់ប៊ីគេ អ្នកនិយាយហ្នឹង ចេះតែបង្កើតរឿងឲ្យមានរឿងតែម្តង»។

សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីសួរព័ត៌មានបន្ថែមពីការជួលក្រុមហ៊ុនហ្គ័រវីស ឲ្យជួយផ្សព្វផ្សាយអំពីកម្ពុជា តែលោក មិនទទួលការហៅចូល។

ចំពោះការតាក់តែងសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងថ្មីឡើយ ដោយកន្លងមក តំណាងរាស្រ្តអាម៉េរិក ក៏ធ្លាប់បានធ្វើដែរ។ កាលពីឆ្នាំ២០១៩ លោកតំណាងរាស្រ្ត ថេត យ៉ាហូ (Ted Yaho) បានផ្តើមគំនិតតាក់តែងសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (H.R.526 - Cambodia Democracy Act of 2019) ហើយសេចក្តីស្នើច្បាប់នេះ ក៏ឆ្លងកាត់ការអនុម័តយល់ព្រមពីរដ្ឋសភាហើយដែរ និងត្រូវបានបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត។ តែមកដល់ឆ្នាំ២០២១នេះ គេ មិនទាន់ដឹងព័ត៌មានថា ព្រឹទ្ធសភាអាម៉េរិក សម្រេចយ៉ាងណាហើយឬនៅនោះទេ ចំពោះសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ នេះ។

សេចក្តីស្នើច្បាប់លេខ H.R. ៤៦៨៦ ឆ្នាំ២០២១  ក៏មិនខុសពីសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ ឆ្នាំ២០១៩ ដែរ ដោយត្រូវបានបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត។ បើព្រឹទ្ធសភា អនុម័តយល់ព្រម សេចក្តីស្នើច្បាប់ នឹងត្រូវបញ្ជូនទៅឲ្យលោកប្រធានាធិបតី ចូ បៃឌិន ពិចារណា។ បើលោក ចូ បៃឌិន អនុម័តយល់ព្រម សេចក្តីស្នើច្បាប់ នឹងក្លាយជាច្បាប់ ហើយមានសុពលភាព យកមកអនុវត្តលើកម្ពុជា។ តែលោក ក៏អាចប្រើអំណាចបដិសេធដែរ ដែលគេ និយមហៅជាភាសាអង់គ្លេសថា វេតូ (Veto) ដើម្បីបដិសេធសេចក្តីស្នើច្បាប់។ ពេលលោក បដិសេធ សេចក្តីស្នើច្បាប់ នឹងមិនអាចក្លាយជាច្បាប់នោះទេ។ 

ក្នុងចំណោមតំណាងរាស្រ្តអាម៉េរិក ដែលតាក់តែងសេចក្តីស្នើច្បាប់ទាំង២នេះ មានអ្នកខ្លះ ដូចជា លោក ស្ទេវិន ចាបុត លោក អាឡាំង ឡូវិនតាល់ និង លោក ថេត យ៉ាហូ ជាដើម សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងស្ទើរតែអាចទុកជាមិត្តភក្តិនឹងគ្នាទៅហើយ។ ពេលលោក សម រង្ស៊ី ឬមន្រ្តីជាន់ខ្ពស់របស់ក្រុមប្រឆាំង ទៅសហរដ្ឋអាម៉េរិក ជួនកាល ពួកគេ ក៏ទៅជួបពិភាក្សាជាមួយតំណាងរាស្រ្តអាម៉េរិកទាំងនោះ។

លោក សម រង្ស៊ី ដែលទៅពីបារាំង និងអ្នកស្រី មូរ សុខហួ ដែលកំពុងរស់នៅក្នុងទឹកដីអាម៉េរិកស្រាប់ ទើបនឹងបានទៅជួបពិភាក្សាជាមួយលោក ស្ទេវិន ចាបុត និងលោក អាឡាំង ឡូវិនតាល់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺក្នុងថ្ងៃ ដែលរដ្ឋសភាអាម៉េរិក បោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា។ ចំពោះលោក អាឡាំង ឡូវិនតាល់ គេ ថែមទាំងធ្លាប់ឃើញលោក ចូលរួមក្នុងវេទិកាសាធារណៈរបស់លោក សម រង្ស៊ី នៅអាម៉េរិកទៀតផង៕

Tag:
 អាម៉េរិក-កម្ពុជា
  ច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
  Qorvis
© រក្សាសិទ្ធិដោយ thmeythmey.com