កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុតចុងម៉ោង ជួយ Man Utd វាយបកយកឈ្នះ Villarreal ២-១
30, Sep 2021 , 8:06 am        
រូបភាព
Cristiano Ronaldo បានក្លាយជាវីរបុរស ក្រោយរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៩០+៥ ដើម្បីជួយក្រុម Manchester United វាយបកយកឈ្នះ Villarreal ២-១ ក្នុងការប្រកួតជម្រុះតាមពូល ពានរង្វាន់ UEFA Champions League។ នេះជាគ្រាប់ទី២របស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ ក្នុងការបង្ហាញខ្លួន២លើកឱ្យបិសាចក្រហមនៅក្របខណ្ឌអឺរ៉ុប។


Paco Alcacer ជាអ្នកស៊ុតគ្រាប់នាំមុខឱ្យក្រុម Villarreal នៅនាទី៥៣ នាជំនួបវគ្គសន្សំពិន្ទុពូល F នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃទី២៩ ខែកញ្ញា។

៧នាទីបន្ទាប់ពីការនាំមុខ ខ្សែការពារ Alex Telles រកបាន១គ្រាប់តាមស្មើឱ្យ Man Utd វិញតាមរយៈការទាត់បាល់វូឡេពីចម្ងាយដ៏ល្អ។ ម្ចាស់ផ្ទះបិសាចក្រហម បន្តការវាយសម្រុកយ៉ាងខ្លាំងក្លាដើម្បីស្វែកជ័យជម្នះឱ្យសម្រាប់ជំនួនលើកទី២នេះ ដ្បិតកាលពីជើងទី១ពួកគេចាញ់ Young Boys ២-១។


ខណៈការប្រកួតឈានដល់នាទី៩០+៥ទៅហើយ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុមលោក Ole Gunnar Solskjaer ដើម្បីទទួលបាន៣ពិន្ទុលើកដំបូង។

Ronaldo បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តមិនស្ទើនោះទេក្នុងការជួយ Man Utd ឈ្នះគូប្រជែងចាស់ Villarreal ២-១ តាមរយៈគ្រាប់បាល់លើកទី២របស់ខ្លួនក្នុងក្របខណ្ឌអឺរ៉ុបរដូវកាល២០២១-២២នេះ។
រដូវកាលមុខ Man Utd ទទួលបានត្រឹមរងជើងឯក Europa League ក្រោយចាញ់ Villarreal ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទីនាជំនួបវគ្គផ្តាច់ព្រ័ត្រ។

ក្រោយរកបានជ័យជម្នះលើកដំបូងពីការប្រកួត២លើក Man Utd ទទួលបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៣ក្នុងតារាងពូល F ឯ Villarreal នៅបាតតារាងមាន១ពិន្ទុ។ Atalanta ឡើងឈរកំពូលតារាងមាន៤ពិន្ទុ បន្ទាប់ពីពួកគេឈ្នះ Young Boys ១-០។ Young Boys នៅលេខ២មាន៣ពិន្ទុ។
លទ្ធផលការប្រកួតគូដទៃទៀត៖
ពូល E
Bayern Munich ៥-០ Dynamo Kyiv
Benfica ៣-០ Barcelona

ពូល G
FC Salzburg ២-១ Lille
Wolfsburg ១-១ Sevilla

ពូល H
Juventus ១-០ Chelsea ៕





© រក្សាសិទ្ធិដោយ thmeythmey.com